អ្នកនាង ប្រាសាទ ដាវីន ក្លាយជាទូតសុឆន្ទៈការបំបៅកូនដោយទឹកដោះម្តាយដើម្បីលើកម្ពស់សុខភាពកុមារកម្ពុជា

ថ្ងៃសៅរ៍ ទី០៥ ខែមិនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 366
1

ភ្នំពេញអតីតតារាសម្ដែង និងជាតារាបង្ហាញ​ម៉ូតឆ្នើមមួយរូបរបស់កម្ពុជា អ្នកនាង ប្រាសាទ ដាវីន បានក្លាយជាទូតសុឆន្ទៈបំបៅកូនដោយទឹកដោះម្តាយ ដើម្បីបង្ហាញគំរូភាព​លើកម្ពស់សុខភាពកុមារកម្ពុជាតាមរយៈបទពិសោធន៍បំបៅកូនដោយទឹកដោះផ្ទាល់ខ្លួន ។ នៅ​​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូ កាលពីថ្ងៃសុក្រម្សិលមិញ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក អ្នកនាងនិងស្វាមីបានទទួលការទាំទ្រនិងអំណរគុណពីមន្ត្រីជាន់ខ្ពស់​សុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ព្រមទាំងអង្គការដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ។

អ្នកនាង ប្រាសាទ ដាវីន ទូតសុឆន្ទៈការបំបៅកូនដោយទឹកដោះម្តាយ ចែករំលែកបទពិសោធន៍នៅ​​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូ កាលពីថ្ងៃសុក្រ ទី០៤ ខែមីនា នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក (រូបភាពដោយអង្គការ Helen Keller) ។

នៅចំពោះមុខអ្នកចូលរួមនៃពិធីសម្ពោធបន្ទប់បំបៅដោះកូនគំរូ អ្នកនាង ប្រាសាទ ដាវីន បាន​ចែករំលែកបទពិសោធន៍ជាក់ស្តែងលើការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយថា អ្នកនាងនិងស្វាមីបានស្វែងយល់យ៉ាងច្បាស់ពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ​តែមួយមុខគត់ចាប់ពីកូនមានអាយុសូន្យ រហូតដល់ប្រាំមួយខែ ។ អ្នកនាងបានឱ្យដឹងទៀតថា មុនសម្រេចចិត្តបំបៅកូនដោយទឹកដោះម្តាយ អ្នកនាងបានអានព័ត៌មាន មើលប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អានទស្សនាវដ្ដីជាច្រើន ព្រមទាំង​ការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលអំពីគុណតម្លៃនៃទឹកដោះម្តាយ ។ ទន្ទឹមគ្នានេះ បានទទួលព័ត៌មានពីប្រភពផ្សេងៗស្តីពីហានិភ័យក្នុងការបំបៅកូនដោយទឹកដោះគោម្សៅដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ការលូតលាស់រាងកាយ និងសតិបញ្ញាស្មារតីរបស់ទារក ។  

 អ្នកនាង ប្រាសាទ ដាវីន បានបញ្ជាក់បន្ថែមថា ៖ “តាមរយៈព័ត៌មានទាំងអស់នេះ នាងខ្ញុំនិងស្វាមីសេចក្តីសម្រេចចិត្ត និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា ត្រូវតែបំបៅកូនដោយទឹកដោះនាងខ្ញុំផ្ទាល់ ! ព្រោះបំណងប្រាថ្នារបស់យើង គឺថា កូនដំបូងរបស់យើងដែលជាកែវភ្នែក និងគ្រាប់ពេជ្រទាំងដុំ ត្រូវតែមានសុខភាពល្អ ខ្ញុំមិនផ្តល់អាហារមានជាតិគីមីអាចប៉ះពាល់ដល់សុខភាព ភាពឆ្លាតវៃ និងអនាគតដ៏ល្អប្រសើររបស់គាត់” ។ 

ស្របគ្នានេះដែរ  អ្នកនាង ប្រាសាទ ដាវីន យល់ថា ការបំបៅកូនដោយទឹកដោះម្តាយដែលជាអាហារធម្មជាតិពិតៗនេះ មានតាំងពីដូនតារាប់សិបជំនាន់មកហើយរាប់ទាំងនៅសម័យអង្គរ ។ អ្នកនាងថា ដូនតាខ្មែរចិញ្ចឹមកូនចៅឱ្យមានសុខភាពល្អ និងមានភាពឆ្លាតវៃខ្ពស់ ព្រោះជំនាន់​នោះ ខ្មែរកសាងកម្ពុជាក្លាយជាអច្ឆរិយ:មួយដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាភស្តុតាងស្រាប់ ។ ការយកចិត្តទុកដាក់ទៅលើសុខភាពកូនជាតួនាទីសំខាន់បំផុតរបស់ម្តាយឪពុក ពិសេសការផ្តល់អាហារដ៏ត្រឹមត្រូវតាមដំណាក់កាលនៃអាយុ និងការលូតលាស់របស់កូន ។ 

“នាងខ្ញុំបានអនុវត្តដោយផ្ទាល់បំបៅកូនដោយទឹកដោះខ្លួនឯងសុទ្ធតែម្តង ចាប់ពីថ្ងៃផ្តល់កំណើតកូនជាលើដំបូងរហូតដល់កូនខ្ញុំអាយុបានជាងប្រាំខែ ហើយនៅពេលគាត់អាយុបានជាងប្រាំខែ ខ្ញុំក៏ចាប់ផ្ដើមបញ្ចុកអាហារទន់ៗដូចជាចេកទុំ ល្ហុងទុំ បបរលាយជាមួយត្រីស៊ុត និងបន្លែខ្លះៗ ព្រមទាំងចាប់ផ្តើមបញ្ចុកទឹកសុទ្ធដល់គាត់ផងដែរ ហើយក៏នៅតែបន្តបំបៅកូនដោយទឹកដោះខ្ញុំផ្ទាល់រហូតដល់គាត់មានអាយុ ១ឆ្នាំកន្លះនេះ” ។ អ្នកនាង ប្រាសាទ ដាវីន បាននិយាយដូច្នេះ ។ 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់កិត្តិយសជូនលិខិតសរសើរ និងទទួលស្គាល់ អ្នកនាង ប្រាសាទ ដាវីន ជាសុឆន្ទៈដើម្បីលើកកម្ពស់ការបំបៅបោះដោះកូនជាលើកដំបូងនៅកម្ពុជា និងជូនបាច់ផ្កា ក៏ដូចជាវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ។ ទន្ទឹមគ្នានេះ លោកជំទាវមានប្រសាសន៍គាំទ្រគំរូភាពរបស់អ្នកនាងប្រាសាទ ដាវីន និងស្វាមី  ដែលបានចែករំលែកបទពិសោធន៍ចិញ្ចឹមកូនក្នុងនាមជាទូតសុឆន្ទៈការបំបៅកូនដោយទឹកដោះម្តាយ ។ 

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller ​កំពុងធ្វើការងារលើកកម្ពស់​ការបំបៅដោះកូនដោយទឹកដោះម្តាយ និងអាហារូបត្ថម្ភ មានប្រសាសន៍ថា អ្នកនាង ប្រាសាទ ដាវីន មានលក្ខណៈសម្បត្តិសក្តិសមជាទូតសុឆន្ទៈសម្រាប់ការងារនេះ ដោយសារតែគាត់បានអនុវត្តដោយផ្ទាល់និងមានការតាំងចិត្តខ្ពស់គឺការបំបៅកូនដោយទឹកដោះសុទ្ធរបស់គាត់បានរយៈពេលជិត ៦ខែ ហើយបានបន្តបំបៅដោះកូនរហូតដល់កូនអាយុបាន ១ឆ្នាំកន្លះនាពេលបច្ចុប្បន្ន ជាមួយនឹងការផ្តល់អាហារបន្ថែមសមស្រប ។ 

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller ប្រចាំកម្ពុជា ៖ “គាត់ជាម្តាយគំរូមួយរូបសម្រាប់សម័យទំនើបនេះ ដែលបានអនុវត្តការបំបៅដោះកូនយ៉ាងខ្ជាប់ខ្ជួន ទោះបីគាត់មមាញឹកនឹងការងារក្តី ។ ម្យ៉ាងទៀតគាត់មានចំណេះដឹងនិងបទពិសោធន៍ជាច្រើនលើផល​ប្រយោជន៍ និងគុណតម្លៃការបំបៅដោះកូននេះ ដែលអាចចែករំលែកជាមួយម្តាយដទៃទៀតបាន ។ ជាងនេះទៀត គាត់បានយល់ព្រមនិងស្មគ្រ័ចិត្តក្នុងការបំពេញការងារផ្សព្វផ្សាយការបំបៅដោះកូនដែលជាគោលនយោបាយអាទិភាពរបស់កម្ពុជាដោយគ្មានលក្ខណ្ឌ។ នេះគឺជាទឹកចិត្តដ៏ប្រពៃគួរឱ្យ​គោរពនិងកោតសរសើរ” ។ 

សូមជម្រាបថា តាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបង្ហាញថា ការសិក្សាបែបគុណភាពមួយធ្វើឡើងក្នុងចំណោមម្តាយជាកម្មការិនីរោងចក្រក្នុងខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០១៩ បានអះអាងថា ជាទូទៅម្តាយ និង​អ្នកថែទាំកុមារបានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយជំនួសមកវិញដោយការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្ត ជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី ៣-៤ខែ ។ នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅចំនួន ៧០% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ ។ 

មន្ត្រីជំនាញសុខាភិបាលខាងលើយល់ថា ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងកន្លែងធ្វើការទេ នោះនឹងធ្វើឱ្យ​អត្រាការបំបៅកូនដោយទឹកដោះម្តាយបន្តធ្លាក់ចុះថែមទៀតជាមិនខាន។ នៅចំពោះមុខបញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកជំរុញនិងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន