សុខភាពសិក្សាជាគន្លឹះធានាការសិក្សាប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា
ភ្នំពេញ - សុខភាពសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការរួមចំណែកធានាដល់ការសិក្សាប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា ព្រមទាំងចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យបានពេញលេញ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ។ នេះបើផ្អែកតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារ៍កន្លងទៅ ។
នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី មានប្រសាសន៍ថា សុខភាពសិក្សា ជាសំណុំសកម្មភាពផ្សេងៗសម្រាប់លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយ ផ្លូវចិត្ត និងសង្គមរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ។ សុខភាពសិក្សាក្នុងបរិបទថ្មីនៃការរាតត្បាតជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកជាកត្តាធានាដល់សុវត្ថិភាព សុខភាព និងអាយុជីវិតសម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំ ។
លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី បានបញ្ជាក់ថា ការងារសុខភាពសិក្សាបានអនុវត្តជាជំហានៗ ស្របតាមយុទ្ធសាស្ត្រនានានៃគោលនយោបាយជាតិស្តីពី សុខភាពសិក្សា ការវិវត្តសេដ្ឋកិច្ច និងសង្គម។ ដោយឡែកការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ បានចាប់ផ្ដើមសាកល្បងនៅសាលាបឋមសិក្សាចតុមុខ ព្រមទាំងបាននិងកំពុងពង្រីកជាបណ្ដើរៗ ទៅដល់សាលា រៀនគោលដៅដទៃទៀត ដោយផ្តោតជាចម្បងលើសំណុំសកម្មភាព ៩ចំណុចសំខាន់ៗ ។
សំណុំសកម្មភាព ៩ចំណុចសំខាន់ៗ លើកកម្ពស់សុខភាពសិក្សា រួមមាន ការអភិវឌ្ឍកបខណ្ឌច្បាប់និងយន្តការ, ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ, ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ, និងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ។ លើសពីនេះ មានការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព, ការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា, ការលើកកម្ពស់ការអប់រំសុខភាព, ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព, ព្រមទាំងការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពសិក្សា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ដែលបានទទួលការអនុម័តយល់ព្រមនាសម័យប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៩ ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាប្រធាន ឯកឧត្តម លោកជំទាវ មកពីក្រសួងស្ថាប័នពាក់ព័ន្ធនានាជាអនុប្រធាននិងជាសមាជិក ព្រមទាំងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជាសមាជិក ។