យុវជនកម្ពុជា ៣០នាក់ចូលរួមបោះជំរុំនៅខេត្តកោះកុង ស្វែងយល់ពីរបបអាហារសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ថ្ងៃសៅរ៍ ទី២១ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 703
1

កោះកុង​​ ៖ នេះជាដំណើរបោះជំរុំយុវជនជើងឯកអាហារូបត្តម្ភលើកទី២ រៀបចំឡើងដោយអង្គការហេទ្បែន ខេលល័រអន្តរជាតិកម្ពុជា ។ យុវជនកម្ពុជា ៣០នាក់មកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន០៦ និងមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ​​រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០​ ដល់ ២២ ខែឧសភា ឆ្នាំ២០២២ នៅតំបន់ទេចរណ៍ធម្មជាតិអារ៉ែង ខេត្តកោះកុង ។

 

 

ការបោះជំរុំយុវជនលើកទី២ នេះ មានគោលបំណងសំខាន់ៗ ០៤ចំណុច រួមមាន ៖

  1. បង្កើនការយល់ដឹងដល់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើសនិងរបៀបចំអិនមុខម្ហូបសម្រាប់សម្រាប់របបអាហារសុខភាព ។

  2. ផ្តល់វេទិការដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍និងមតិយោបល់លើជម្រើសនិងរបៀបចំអិនមុខម្ហូប ។

  3. ពិភាក្សាលើការងារយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហ៊ានបន្ទាប់

  4. ប្រឡងប្រណាំងលើការរៀបចំនូវមុខម្ហូបសម្រាប់របបអាហារសុខភាព 

លោកហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រអន្តរជាតិ កម្ពុជា មានប្រសាសន៍ថាយុវជនជើងឯកអាហារូបត្ថម្ភទាំង ៣០នាក់នឹងយល់ដឹងបន្ថែមពីចំណេះដឹងអាហារូបត្ថម្ភព្រមទាំងចេះពីរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព

 

លោកបានបញ្ជាក់ថា កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភនេះ មានប្រឡងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ​ ព្រមទាំងផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព។ លើសពីនេះយុវជនក៏មានឱកាលពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានការងារជាបន្តបន្ទាប់ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យបានទូលំទូលាយ ។

 

 

លោកហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រអន្តរជាតិ កម្ពុជា ៖ "យុវជនជើងឯកអាហារូបត្ថម្ភទាំង ៣០នាក់ បានទទួលការបណ្តុះបណ្តាលចំណេះដឹងទាក់ទងនឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាពិសេសផ្តោតលើមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព ប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារនិងការកែច្នៃអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ហើយចំណេះដឹងទាំងអស់នេះសំខាន់សម្រាប់ការរស់នៅ

 

សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ អង្គការហេទ្បែន ខេលល័រអន្តរជាតិកម្ពុជា បានជ្រើសរើសអ្នកហាត់ការយុវជនអាហារូបត្ថម្ភធ្វើការពេញម៉ោងចំនួន ០៤នាក់ និងយុវជនជើងឯកអាហារូបត្ថម្ភបន្ថែមចំនួន ៥០នាក់ទៀត ដើម្បីគាំទ្រសកម្មភាពយុវជននៅក្នុងគម្រោងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ ដែលគាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ និងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ៕

 

អត្ថបទពេញនិយម