អង្គការ WaterAid ទទួលកញ្ចប់ថវិកាគាំទ្រទឹកស្អាត ២ម៉ឺនប្រាំពាន់ដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 142
1

ភ្នំពេញ - នាព្រឹកថ្ងៃអង្គារនេះ អង្គការវ័តធឺអេតកម្ពុជា (WaterAid Cambodia) បានទទួលកញ្ចប់ថវិកាគាំទ្រការប្រើប្រាស់ទឹកស្អាតជាលក្ខណៈគ្រួសារចំនួន ២ម៉ឺនប្រាំពាន់ដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាកម្ពុជា (Etiqa Life Insurance Cambodia) ។ កញ្ចប់ថវិកានេះនឹងយកទៅអនុវត្តគម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមសហគមន៍ជនបទ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្រាប់កិច្ចការរយៈពេល ៧ខែរហូតដល់ចុងឆ្នាំ២០២៤ ។ 

 

 

លោក ហ៊ង វុទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា កម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាបានផ្តល់ថវិកាគាំទ្រសកម្មភាពលើកកម្ពស់ទឹកស្អាតសហគមន៍ចំនួនពីរដំណាក់កាលរួចមកហើយ ។ ដំណាក់កាលទី៣ នៃការផ្តល់ជំនួយហិរញ្ញវត្ថុសកម្មភាពគាំទ្រសង្គមនេះ នឹងជួយឱ្យប្រជាពលរដ្ឋ ៣០០គ្រួសាររស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាពេញចិត្តនឹងផ្តល់ជំនួយទឹកស្អាតជូនប្រជាជនតំបន់ជនបទ ។ 

 

លោក ហ៊ង វុទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា កម្ពុជា ៖ដំណាក់កាលទី១ និងទី២ របស់យើងបានទទួលជោគជ័យដោយផ្តល់ការគាំទ្រលទ្ធភាពទទួលបានសេវាទឹកស្អាតដល់ប្រជាជន ៨៤៧ គ្រួសាររស់នៅក្នុងខេត្តកណ្តាលចាប់តាំងពីខែមករា ឆ្នាំ២០២៣ ។ នេះជាសមិទ្ធផលដ៏ធំធេងមួយក្នុងការប្តេជ្ញាចិត្តបន្តរបស់យើង ដែលធានាឱ្យមានការប្រើប្រាស់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ។” 

 

គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមសហគមន៍ជនបទ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺខាងលើនេះ ប្រជាពលរដ្ឋប្រមាណជាង ១,៣០០នាក់ និងសិស្សានុសិស្សចំនួន ២៥០នាក់ នឹងទទួលបានទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ និងសាលារៀនរបស់ពួកគេ ។ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា មានប្រសាសន៍ថា លទ្ធភាពទទួលបានសេវាប្រើប្រាស់ទឹកស្អាត និងអនាម័យគ្រប់ក្រុមគ្រួសារ គឺជាការលើកកម្ពស់សុខុមាលភាពដ៏ប្រសើររបស់ប្រជាពលរដ្ឋគ្រប់រូប ។ កិច្ចការនេះ រាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមគ្នាអនុវត្តន៍ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ។

 

 

លោក ឆាត់ សុភាព បានបញ្ជាក់ថា ៖អង្គការវ័តធឺអេតកម្ពុជានឹងប្រើប្រាស់ជំនួយហិរញ្ញវត្ថុគាំទ្រសង្គមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាឱ្យមានប្រសិទ្ធភាព លើកកម្ពស់វិស័យទឹកស្អាត និងអនាម័យសម្រាប់មនុស្សគ្រប់រូបប្រកបដោយបរិយាបន្ន  

 

ទន្ទឹមគ្នានេះ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា បានបន្តលើកឡើងថា សកម្មភាពរួមគ្នាដើម្បីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ នឹងជួយឱ្យប្រជាជននៅគ្រប់ទីកន្លែង ពិសេសប្រជាជននៅតាមជនបទមានសុខភាពល្អ កាត់បន្ថយចំណាយលើការថែទាំសុខភាព ព្រមទាំងអាចសន្សំសំចៃប្រាក់កាស ដើម្បីបំពេញតម្រូវការជីវភាពគ្រួសាររបស់ពួកគេ ។ 

 

ការរួមចំណែករបស់យើងអាចពន្លឿនការផ្លាស់ប្តូរ ដើម្បីដោះស្រាយវិបត្តិទឹកស្អាត ពីព្រោះទឹកមិនស្អាតគឺប៉ះពាល់ដល់យើងទាំងអស់គ្នា! យើងត្រូវរួមគ្នាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំណុចដៅទី៦ (SDG6) នៅឆ្នាំ២០៣០នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា ។

 

សូមជម្រាបថា ផ្អែកតាមតួលេខអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ការបន្តលើកកម្ពស់សេវាអនាម័យ និងទឹកស្អាតនៅតែជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ ។ បច្ចុប្បន្ននៅមានប្រជាពលរដ្ឋប្រមាណជា ១៤% មិនទាន់មានបង្គន់សមរម្យ និងប្រមាណជា ១៧% មិនទាន់មានទឹកស្អាតប្រើប្រាស់នៅផ្ទះនៅឡើយ ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ បរិស្ថានប្រឈមផ្នែកអនាម័យ ដូចជាតំបន់ដាច់ស្រយាល តំបន់ទឹកលិចតាមរដូវកាល និងតំបន់ ដីរឹងដែលពិបាកក្នុងការសាងសង់បង្គន់ជាដើម ៕

 

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង