កង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងររបស់កុមារ លែងជាឧបសគ្គចំពោះគ្រួសារអ្នកស្រី មាស ធឿន

ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 244
1

តាកែវ - កុមារា ថាត សីហា មានអាយុ ៣ឆ្នាំ បច្ចុប្បន្នមានសុខភាពល្អប្រសើរ មានទឹកមុខញញឹមស្រស់ និងមានដំណើររហ័សរហួនជាងមុន បន្ទាប់ពីទទួលបានការព្យាបាលសុខភាពត្រឹមត្រូវពីគ្រូពេទ្យនៅមណ្ឌលសុខភាពប្រាំមុំ ស្ថិតនៅភូមិប្រាបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ តាមលទ្ធផលពិនិត្យសុខភាពដំបូង សីហា មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងបានព្យាបាលបញ្ហានេះយ៉ាងទៀងទាត់រយៈពេលជិតបីខែ ដោយទទួលបានអាហារព្យាបាល Nutrix ជួយស្តារស្ថានភាពកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងររបស់គេ ។ 

 

អ្នកស្រី មាស ធឿន អាយុ ៤២ឆ្នាំ ជាម្ដាយរបស់កុមារា ថាត សីហា បានរៀបរាប់ឱ្យដឹងថា គ្រូពេទ្យនៅមណ្ឌលសុខភាពប្រាបីមុំ បានជួយព្យាបាលកូនប្រុសរបស់អ្នកស្រី ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរឱ្យបានជាសះស្បើយ ។ បន្ទាប់ពីវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃនៅមណ្ឌលសុខភាព អ្នកស្រីបានទទួលអាហារព្យាបាល Nutrix រៀងរាល់ ១សប្តាហ៍ម្តងពីគ្រូពេទ្យ ព្រមទាំងអនុវត្តវិធីព្យាបាលសុខភាពកូនតាមការណែនាំរបស់គ្រូពេទ្យជានិច្ច ។  

 

អ្នកស្រី មាស ធឿន បានបញ្ជាក់ថា ដំបូងឡើយអ្នកស្រីមិនដឹងថា បញ្ហាស្គមស្គាំងរបស់កូនបណ្តាលមកពីអ្វីនោះទេ ហើយកូនតែងរើសចំណីជានិច្ច ប៉ុន្តែបន្ទាប់ពីយកកូនមកពិនិត្យសុខភាពនៅមណ្ឌលសុខភាព ហើយទទួលបានអាហារព្យាបាល (Nutrix) ដើម្បីឱ្យកូនទទួលទាន កូនប្រុសរបស់អ្នកស្រីស្រាប់តែមានស្ថានភាពសុខភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។  

 

ពីមុនរើសចំណីណាស់កូនខ្ញុំ មិនហូបទេ ! ឱ្យអីក៏មិនហូបដែរ ស្គមអាណិតកូនណាស់ តែដល់ពេលបានអ្នកគ្រូពេទ្យឱ្យនំហ្នឹងទៅ (អាហារព្យាបាល Nutrix ) ឃើញថា កូនខ្ញុំចាប់ផ្តើមចេះហូបបាយ ហូបអាហារ ហើយចេះឃ្លាន ។ ខ្ញុំអរណាស់ បានកូនខ្ញុំជាមានសុខភាពល្អ បានឃើញកូនមានសាច់មានឈាមឡើងវិញ...”  នេះបើតាមអ្នកស្រី មាស ធឿន ។

 

អ្នកស្រី មាស ធឿន ជាម្តាយ បានបន្តចែករំលែកបទពិសោធន៍មើលថែទាំសុខភាពកូនរបស់ខ្លួនថា ការពិនិត្យសុខភាពកូនឱ្យបានទៀងទាត់នៅមណ្ឌលសុខភាព បានជួយឱ្យកូនអ្នកស្រីមានសុខភាពល្អប្រសើរ និងទទួលបានការព្យាបាលត្រឹមត្រូវពីគ្រូពេទ្យ ។ ទន្ទឹមនឹងទទួលបានអាហារព្យាបាលកុមារកង្វះអាហារូបត្ថម្ភពីមណ្ឌលសុខភាព ជារៀងរាល់ថ្ងៃអ្នកស្រីតែងតែជ្រើសរើសបន្លែ ត្រី សាច់ ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ចម្អិនឱ្យកូនទទួលទាន ។ ចំណេះដឹងទាំងនេះ ទទួលបានពីគ្រូពេទ្យនៅមណ្ឌលសុខភាព ។  

 

គួរបញ្ជាក់ថា តាមរយៈការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាពប្រាំមុំ ស្ថិតនៅភូមិប្រាបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ទទួលបានការគាំទ្រពីគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ (SAM & MAM) អង្គការ Helen Keller អន្តរជាតិកម្ពុជា ដើម្បីស្វែងរក និងព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅតាមសហគមន៍ ។ 

 

សូមជម្រាបថា មិនមែនតែគ្រួសាររបស់កុមារា ថាត សីហា នោះទេ ដែលទទួលបានសេវាព្យាបាលកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភពីមណ្ឌលសុខភាពប្រាំមុំ កុមារក្នុងភូមិផ្សេងទៀតដែលមានបញ្ហានេះ ក៏ទទួលបានការព្យាបាលជាសះស្បើយដូចគ្នា ។ ស្របគ្នានេះ គម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ របស់អង្គការ Helen Keller អន្តរជាតិកម្ពុជា ក៏បានអនុត្តន៍ជាមួយមណ្ឌលសុខភាពផ្សេងៗទៀត ស្ថិតនៅក្នុងខេត្តតាកែវដូចគ្នា ៕ 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង