សមាគមប្រកាសរើសប្រតិបត្តិករ ១២ស្ថានីយអនុវត្តគម្រោងកែលម្អការគ្របដណ្តប់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតតាមបំពង់

ថ្ងៃច័ន្ទ ទី២៦ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 213
1

ភ្នំពេញក្រោមការឧបត្ថម្ភមូលនិធិពីអង្គការ Water.org សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ប្រកាសជ្រើសរើសប្រតិបត្តិករទឹកស្អាតជាសមាជិកសមាគមចំនួន ១២ស្ថានីយចូលរួមអនុវត្តគម្រោងការកែលម្អការគ្របដណ្តប់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដើម្បីឱ្យប្រជាជនមានទឹកស្អាតប្រើប្រាស់។ គម្រោងនឹងចាប់ផ្តើមអនុវត្តពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៧។ គោលបំណងសំខាន់នៃគម្រោងនេះ គឺបង្កើនកិច្ចសហការល្អជាមួយតួអង្គសំខាន់ៗ ជួយឱ្យប្រតិបត្តិករសម្រេចបាននូវផ្តល់សេវាកម្មផ្គត់ផ្គង់ល្អប្រសើរសម្រាប់អតិថិជន ជាពិសេសជួយដល់គ្រួសារដែលមានចំណូលទាប ។ 

 

សេចក្តីជូនដំណឹងរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាដែលបានចុះផ្សាយនៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា ប្រតិបត្តិករទឹកស្អាតដែលបានចូលរួមក្នុងគម្រោងនឹងទទួលបានឱកាសសិក្សា និងអនុវត្តសកម្មភាពជាច្រើន មានដូចជា ការរៀបចំផែនការអាជីវកម្មច្បាស់លាស់សម្រាប់រយៈពេលវែង និងរយៈពេលខ្លី, ការវាយតម្លៃអំពីការបាត់បង់ទឹកតាមរយៈការលេចធ្លាយទឹក ការកំណត់អត្តសញ្ញាណ និងបង្កើតផែនការកាត់បន្ថយការបាត់បង់ទឹក រួមទាំងការវិនិយោគ, ការប្រឹក្សាយោបល់លើទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ថុ, ការគាំទ្រផ្នែកបច្ចេកទេសលើការពង្រឹងគុណភាពទឹក និងគុណភាពសេវាកម្ម, និងដំណើរទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេសជាដើម ។

 

ម្ចាស់ស្ថានីយទឹកស្អាតដែលមានបំណងសហការជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីអនុវត្តគម្រោងខាងលើ ត្រូវទាក់ទងទៅអ្នកសម្របសម្រួលកម្មវិធីនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ឱ្យបានត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច តាមលេខទូរស័ព្ទ ០៩២ ៩២៥ ៩២៨ ឬ ០១៥ ២៨ ០១ ៨៤ ឬតេឡេក្រាម និង Messenger របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ។ 

 

គួរបញ្ជាក់ថា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រំពឹងទុកថា ហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចំនួន ៣លានដុល្លារអាមេរិកត្រូវបានកៀរគរសម្រាប់ពង្រីកអាជីវកម្មផ្គត់ ផ្គង់ទឹកស្អាតតាមរយៈការចូលរួមអនុវត្តគម្រោងការកែលម្អការគ្របដណ្តប់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ។ បន្ថែមលើនេះ គម្រោងនឹងបង្កើនតំណភ្ជាប់ទឹកស្អាតដល់អតិថិជនថ្មីចំនួន ៧០០០តំណ ហើយប្រជាជនប្រមាណ ២៧០០០នាក់ មានលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់ ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង