ស្រុកបន្ទាយស្រីទទួលជ័យលាភីជាស្រុក ODF ទី៣ក្នុងខេត្តសៀមរាប
សៀមរាប - ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសអបអរសាទរស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្លាយជាស្រុកទី៣ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ។ ស្រុកមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះនេះ បានប្រកាសនៅថ្ងៃអង្គារ៍ ទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ស្ថិតនៅក្នុងបរិវេណសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា វិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ គឺជាផ្នែកមួយសំខាន់របស់រាជរដ្ឋាភិបាលក្នុងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ការទទួលបានសេវាទឹកស្អាត និងអនាម័យឱ្យកាន់តែប្រសើរឡើង ។
សូមជម្រាបថា ស្រុកបន្ទាយស្រីមាន ០៦ឃុំ ស្មើ ៣៦ភូមិ មានប្រជាពលរដ្ឋសរុប ៥ម៉ឺនសែសិបបួននាក់ ស្មើនឹង ១ម៉ឺនមួយពាន់បីរយគ្រួសារ ហើយប្រជាពលរដ្ឋ ៩០% ជាកសិករធ្វើស្រែ និងមួយផ្នែកធ្វើការងារសិប្បកម្ម និងសេវាផ្សេងៗ ។
គិតត្រឹមខែមីនា ឆ្នាំ២០២៣ ខេត្តសៀមរាបមានអត្រាគ្រប់ដណ្តប់អនាម័យឡើងដល់ ៨៤,៥៣% ក្នុងនោះមាន ៣៥០ភូមិក្នុង ៣០ឃុំ នៃស្រុកចំនួន០៣ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) រួមមាន ស្រុកអង្គរជុំ, ស្រុកស្រីស្នំ, និងស្រុកបន្ទាយស្រី ។ ការងារលើកកម្ពស់អនាម័យរបស់រដ្ឋបាលស្រុកបន្ទាយស្រី បានសហការណ៍អនុវត្តការងារដោយមន្ទីរអភិវឌ្ឍន៍ជនបទ, អង្គការយូរីដូ, អង្គការបណ្តុះកុមារ, និងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ៕