រោងចក្រផលិតទឹកស្អាតបឹងធំសង់តម្លៃជាង ២លានដុល្លារមានសមត្ថភាពផលិត ៥ពាន់ម៉ែត្រគូបមួយថ្ងៃ
ភ្នំពេញ - រោងចក្រផលិតទឹកស្អាតបឹងធំ ស្ថិតនៅភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ រោងចក្រផលិតទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋសង្កាត់ ៤សង្កាត់មានចំនួនជាង ៣ពាន់គ្រួសារនៅខណ្ឌកំបូល ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំជាគម្រោងសាងសង់រោងចក្រថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
រោងចក្រផលិតទឹកស្អាត បឹងធំ គ្រោងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣ ដែលរោងចក្រផលិតទឹកស្អាតនេះចាត់ចែងអនុវត្តសាងសង់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតចាំបាច់របស់ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ ៕