ទឹកដោះម្តាយជាមូលដ្ឋានអាហារូបត្ថម្ភសំខាន់បំផុតសម្រាប់ទារក និងកុមារអាយុពី ០ ដល់ ៦ខែ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 41
1

ភ្នំពេញ - បច្ចុប្បន្នការចិញ្ចឹមទារក និងកុមារឱ្យមានសុខភាពល្អប្រសើរបានក្លាយជាប្រធានបទសំខាន់មួយ ដែលអ្នកជំនាញសុខភាពមាតា និងទារក ព្រមទាំងអង្គការដៃគូបានលើកយកមកជជែកពិភាក្សា ។ ទន្ទឹមគ្នានេះ ទាំងក្រសួងសុខាភិបាល ទាំងអ្នកជំនាញពាក់ព័ន្ធ បានបង្ហាញថា ទឹកដោះម្តាយសំខាន់បំផុត និង ជាមូលដ្ឋានអាហារូបត្ថម្ភតែមួយមុខគត់សម្រាប់ទារកនិងកុមារ អាយុពី ០ ដល់ ៦ខែ ឬលើសពីនេះ ។ កុមារចាប់ពីអាយុ ៦ខែឡើងទៅ ប្រសិនបើស្ត្រីផ្តល់ការបំបៅកូនដោយទឹកដោះម្តាយបន្ថែម ម្តាយនិងកូនកាន់តែមានសុខភាពល្អ គួបផ្សំនឹងការបន្ថែមអាហារផ្សេងៗ ។ 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទឹកដោះម្តាយសំខាន់បំផុតនិង ជាអាហារតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែ ។ កន្លងទៅក្រសួងសុខាភិបាល និងអង្គការដៃគូ បានដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ដើម្បីលើកកម្ពស់សុខភាពទារកនិងកុមារ ។ 

 

ការដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ តាមរយៈការផ្តល់កន្លែងសមស្របគាំទ្រម្តាយគ្រប់រូបបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ គឺស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ជំរុញសកម្មភាពបំបៅទឹកដោះម្តាយឱ្យបានដល់ ៨៥% ត្រឹមឆ្នាំ២០៣០ ខាងមុខ ។

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍បញ្ជាក់ថា ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ។ 

 

ខ្ញុំសូមអំពាវ នាវ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់ សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យ មានបន្ទប់បំបៅដោះកូននៅគ្រប់ កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យ ស្ត្រី អាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ ។ ប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

 

ចំណែកលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍ថា ការបង្កើតបន្ទប់បំបៅដោះកូន និងទារកដ្ឋាន បានជួយឱ្យម្តាយ មានឱកាសមើលថែកូនបានពេញលេញនៅកន្លែងធ្វើការ និងជាកន្លែងសមរម្យបន្តបំបៅដោះកូនដោយ កក់ក្តៅ ។ លើសពីនេះ ស្ត្រីជាម្តាយអាចប្រើ ប្រាស់បន្ទប់នេះ ដើម្បីច្របាច់ ឬបូមទឹកដោះ ហើយរក្សាទុកទឹកដោះរបស់ខ្លួននៅក្នុងទូរទឹកកក មុនពេលយកវាត្រឡប់ទៅផ្ទះវិញក៏បាន ។ 

 

ស្របនឹងទស្សនៈវិស័យគាំទ្រព្រមទាំងលើកទឹកចិត្តម្តាយឱ្យបំបោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីអាយុសូន្យដល់ ៦ខែ អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា តាមការកត់សម្គាល់ បច្ចុប្បន្នស្ត្រី និ ង និយោជិតជាស្ត្រីកំពុង ចំណាយពេលវេលាពួកគេភាគច្រើននៅកន្លែងធ្វើការ ហើយកន្លែងធ្វើការជាទីតាំងសំខាន់សម្រាប់ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ ។

 

កន្លែងធ្វើការបានក្លាយទៅជាផ្នែកដ៏សំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា កុមារ អាហារូបត្ថម្ភ និងសុខភាពរបស់និយោជិតទូទៅ ។ បន្ទប់សម្រាប់បំបៅដោះកូនពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិ វឌ្ឍន៍ សម្រាប់កុមារ ផ្តល់អត្ថប្រយោជន៍ដល់ក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ” ។ នេះបើតាមអ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ  

 

សូមជម្រាបថា ប្រទេសកម្ពុជាបានប្តេជ្ញានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញា ស្មារតី របស់កុមារ កម្ពុជា ។ បើតាមរបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញថា អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជា មាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០ ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤% ។ ចំណែក ការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គឺស្របតាមមាត្រា១៨៤, ១៨៥, និង១៨៦ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង