សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជារៀបចំសន្និសីទ និងពិព័រណ៌ជំរុញការអភិវឌ្ឍអាជីវកម្មទឹកស្អាត

ថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 406
1

ភ្នំពេញ - គិតត្រឹមចុងឆ្នាំ២០២២ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ២៨៤ ជាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជននៅក្នុង ២៣ខេត្ត-ក្រុងទូទាំងប្រទេស ។ វត្តមានរបស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាទាំងអស់ជាផ្នែកសំខាន់ជំរុញ និងលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅកម្ពុជាឱ្យកាន់តែប្រសើរ ។ នេះបើតាមលោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បានលើកឡើងនៅក្នុងសន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ នាព្រឹកថ្ងៃអង្គារនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ។ 

 

 

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) មានប្រសាសន៍នៅក្នុងសន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ ប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ។

មានប្រសាសន៍ចំពោះមុខសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងតំណាងតួអង្គពាក់ព័ន្ធប្រមាណជាង ២០០នាក់ចូលរួមសន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបញ្ជាក់បន្ថែមថា សន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ ផ្តោតទៅលើប្រធានបទការផ្តល់គុណតម្លៃទឹក ! កុំរង់ចាំដល់ដំណក់ចុងក្រោយ ! ដើម្បីធានានិរន្តរភាពទឹកនាពេលអនាគត។ សន្និសីទរយៈពេលពីរថ្ងៃនេះ មានបំណងពង្រឹងភាពជាដៃគូរបស់អ្នកពាក់ព័ន្ធ និងបង្កើនកិច្ចសហការបន្ថែមជាមួយក្រុមហ៊ុននានា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ 

 

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ៖ខ្ញុំសង្ឃឹមថា សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងតំណាងតួអង្គពាក់ព័ន្ធនឹងប្រើប្រាស់ពេលវេលាដ៏ខ្លីនេះ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងចាប់យកដៃគូសហការផ្សេងៗ ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន

 

 

បន្ថែមលើនេះ សន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ ជាវេទិកាដែលផ្តល់ឱកាសឱ្យដៃគូអភិវឌ្ឍន៍ វិស័យឯកជន អ្នកផ្គត់ផ្គង់ទឹកឯកជន និងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលបង្ហាញពីកិច្ចការរបស់ខ្លួនចែករំលែកគ្នាទៅវិញទៅមក ។ ប្រធានបទមួយដែលប្រតិបត្តិករទឹកស្អាតបានលើកឡើងមកជជែកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ គឺការផ្តល់ទុនវិយោគក្នុងលក្ខខណ្ឌសមស្របជួយលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកទីប្រជុំជនឱ្យកាន់តែទូលំទូលាយ ។

 

សូមជម្រាបដែរថា សន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ មានការគាំទ្រពីអង្គការដៃគូរអភិវឌ្ឍន៍នានា ដែលកំពុងធ្វើសកម្មអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដូចជា អង្គការយូនីសេហ្វ (UNICEF), កម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i), ធនាគារពិភពលោក (WB), អង្គការវ៉តធឺដតអក (WATER.Org), អង្គការវ៉តធឺអេត (WaterAid) , អង្គការ Ade ate action (AEA) និងអង្គការអ៊ីសមិតវេស្វ (East Meets West)

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង