ការប្រែប្រួលអាកាសធាតុមានឥទ្ធិពលដល់ការពង្រឹងប្រព័ន្ធស្បៀង និងផលិតកម្មស្បៀង
ភ្នំពេញ - ប្រធានបទនៃទិវាជាតិអាហារូបត្ថម្ភលើកទី១០ ឆ្នាំ២០២៣ បានជ្រើសរើសយកខ្លឹមសារ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” គោលបំណងបង្ហាញបញ្ហាប្រឈមនានាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពលើកកម្ពស់ប្រព័ន្ធស្បៀង ។ ការប្រែប្រួលអាកាសធាតុជាសកលកំពុងប៉ះពាល់ដល់ការងារកសិកម្ម និងផលិតកម្មស្បៀង ហើយបញ្ហានេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាព និងការលូតលាស់សុខភាពរបស់កុមារនិងស្ត្រី ។
អ្នកជំនាញចូលរួមនៅក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១០ លើកឡើងដោយសង្កត់ធ្ងន់ថា បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុជាបញ្ហាសកល ។ បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំៗពីរដែលអង្គការសហប្រជាជាតិកំពុងយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឱ្យមនុស្សគ្រប់រូបទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព ការការពារបរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង ។ ការលើកកម្ពស់ប្រព័ន្ធស្បៀងតាមរយៈការបង្កើនការផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន សកម្មភាពយកស្បៀងទៅប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់ស្បៀងអាហារ បណ្ដាលឱ្យមានកំណើននៃការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងរួមចំណែកឱ្យមានការប្រែប្រួលអាកាសធាតុ ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានប្រសាសន៍ថា ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការសហការ ការសម្របសម្រួល និងការវិនិយោគទៅលើវិស័យកសិកម្មឆ្ពោះទៅរកការអភិវឌ្ឍបៃតង គិតដល់គុណភាពនៃធនធានទឹក កិច្ចគាំពារសង្គម សុខាភិបាល និងវិស័យពាក់ព័ន្ធដទៃទៀត ។
ទិវាជាតិអាហារូបត្ថម្ភលើកទី១០ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វាល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ។ គួរបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបណ្ដាលឱ្យមានគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងរលកកម្ដៅដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធធារាសាស្ត្រ ដីស្រែចម្ការ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សុខភាពសន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងកុមារ ៕