ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa គាំទ្រថវិកា ៥ម៉ឺនដុល្លារដល់អង្គការ WaterAid កម្ពុជាលើកកម្ពស់ការងារទឹកស្អាត

ថ្ងៃសុក្រ ទី០១ ខែធ្នូ​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 359
1

ភ្នំពេញ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា (Etiqa Life Insurance Cambodia) និងអង្គការវ័តធីអេតកម្ពុជា (WaterAid) បានចុះហត្ថលេខារួមគ្នាក្នុងពិធីប្រគល់ និងទទួលថវិកាសប្បុរសធម៌សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាតជនបទនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារអាម៉េរិកដល់អង្គការវ័តធឺអេតកម្ពុជា ដែលថវិកានេះនឹងយកទៅអនុវត្តគម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារនៅខេត្តកណ្តាលដោយរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណពីរពាន់នាក់ក្នុងរយៈពេល ៦ខែ ។

 

អង្គការវ័តធីអេតកម្ពុជាបានចុះហត្ថលេខារួមគ្នាក្នុងពិធីប្រគល់និងទទួលថវិកាសប្បុរសធម៌ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency Phnom Penh ដែលតំណាងដោយលោក Dato' Johan Ariffin ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា និងលោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា ។

 

 

លោក Dato' Johan Ariffin ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa មានប្រសាសន៍ថា អេទីកាជាក្រុមហ៊ុនសាជីវកម្មឈានមុខមួយដែលមានគោលបំណងចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានសេវាគាំពារសុខភាព ។ គម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត ដែលជាការសហការរវាងអង្គការវ័តធឺអេតកម្ពុជា និងក្រុមហ៊ុនអេទីកានឹងជួយពង្រឹងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ និងតំបន់បរិស្ថានប្រឈម ។

 

លោក Dato' Johan Ariffin បានបញ្ជាក់បន្ថែមថា៖គោលដៅយើងតែមួយ គឺចង់ឱ្យប្រជា ពលរដ្ឋកម្ពុជាមានសុខភាពល្អ ដូច្នេះការងារដែលគាំទ្រឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយឱ្យពួកគាត់ មានសុខភាពល្អ និងមានជីវភាពកាន់តែប្រសើរ ។ បំណងរួមគ្នារវាងអេទីកា និងអង្គការវ័តធឺអេតកម្ពុជា គឺយើងចង់ឃើញ ប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងបរិយាបន្ន

 

ទន្ទឹមគ្នានេះ តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា លោក Dato' Johan Ariffin បានសង្កត់ធ្ងន់ថា កញ្ចប់ហិរញ្ញវត្ថុសកម្មភាពទំនួលខុសត្រូវសង្គម ដែលផ្តល់ជូនអង្គការវ័តធឺអេតកម្ពុជានៅពេលនេះ គឺដោយសារក្រុមហ៊ុនមើលឃើញថា អង្គការវ័តធឺអេតកម្ពុជាបានធ្វើកិច្ចការឈានមុខគេក្នុងសកម្មភាព និងការងារលើក កម្ពស់ទឹកស្អាត និងអនាម័យ ។ លើសពីនេះទៀត អង្គការវ័តធឺអេតកម្ពុជាកំពុងអនុវត្តគម្រោងរបស់ខ្លួនជាច្រើនដោយបាន ដាក់បញ្ចូលនូវសកម្មភាពដែលគាំទ្រដល់តម្រូវការរបស់មនុស្សគ្រប់រូប និងធានាថាគ្រប់គ្នាមានលទ្ធភាពទទួលបានទឹក ស្អាតប្រើប្រាស់ និងអនុវត្តអនាម័យបានពេញលេញ ព្រមទាំងមិនទុកចោលនរណាម្នាក់ឡើយ ។

 

 

ចំណែកលោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា មានប្រសាសន៍ថា សកម្មភាពគាំទ្រដល់កិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យ គឺជាភារកិច្ចដ៏ចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាចូលរួមតាមលទ្ធភាព ។ ប្រសិនបើរបាំង ឬឧបសគ្គនៃទឹកស្អាត និងអនាម័យត្រូវបានដោះស្រាយដោយមានការគាំទ្រពីមនុស្សគ្រប់គ្នា នោះប្រជាជនគ្រប់ទីកន្លែង ជាពិសេសប្រជាជនរស់នៅតាមទីជនបទ នឹងមានសុខភាពល្អ កាត់បន្ថយការចំណាយលើការថែទាំសុខភាព ព្រមទាំងអាចសន្សំថវិកាសម្រាប់ទុកបំពេញតម្រូវការផ្សេងៗនៅក្នុងគ្រួសារទៀតផង ។

 

 

លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា បន្តទៀតថា អង្គការវ័តធឺអេតនឹងប្រើប្រាស់ថវិកា សប្បុរសធម៌ដែលទទួលបាននៅថ្ងៃនេះឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកគាំទ្រសុខុមាលភាពប្រជាជនក្នុងតំបន់គោលដៅរបស់គម្រោង ដែលក្នុងរយៈពេល ៦ខែខាងមុខនេះ រំពឹងថាគម្រោងនឹងជួយផ្ដល់ឱ្យប្រជាពលរដ្ឋប្រមាណ ២០០០នាក់ មានទឹកស្អាតប្រើប្រាស់តាមតម្រូវការ ។ កង្វះខាតផ្នែកណាមួយនៃទឹកស្អាត និងអនាម័យនឹងបង្កផលវិបាកចំពោះជនងាយរងគ្រោះ ដូចជា កុមារ ស្ត្រី ជនចាស់ជរា និងជនមានពិការភាព ។ ដូចនេះ គ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងព្យាយាមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមទាំងឡាយសម្រាប់ជន ងាយរងគ្រោះ ។ ធ្វើដូចនេះទើបយើងនឹងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៦ ស្ដីពីទឹកស្អាត និងអនាម័យ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ ។

 

យើងអាចនិយាយបានថា គ្មានជនណាម្នាក់អាចរស់នៅក្នុងជីវិតដែលមានសុខភាពល្អពេញលេញបានដោយគ្មានទឹកស្អាត និងគ្មានបង្គន់អនាម័យសម្រាប់ប្រើប្រាស់បាននោះទេ ។ បញ្ហាទឹកស្អាតនិងអនាម័យ គួរតែជារបស់ចាំបាច់ជាមូលដ្ឋានសម្រាប់ជនគ្រប់រូបនៅគ្រប់ទីកន្លែងតែម្តង ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា ។

 

 

គួរបញ្ជាក់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនអត្រាទឹកស្អាត និងអនាម័យមានការកើនឡើងគួរឱ្យកត់សំគាល់។ ប្រជាជននៅតំបន់ជនបទភាគច្រើនមានបង្គន់ និងទឹកស្អាតប្រើប្រាស់នៅតាមផ្ទះ។ ទោះជាយ៉ាងនេះក្តី ការបន្តលើកកម្ពស់សេវាអនាម័យ និងទឹកស្អាតនៅតែជាកិច្ចការចាំបាច់ ដែលរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ព្រោះនៅមានប្រជាពលរដ្ឋមួយចំនួនទៀតមិនទាន់មានបង្គន់សមរម្យ និងមិនទាន់មានទឹកស្អាតប្រើប្រាស់នៅផ្ទះនៅឡើយ ជាពិសេសគ្រួសារក្រីក្រ និងប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល តំបន់លិចទឹក និងតំបន់ប្រឈមជាដើម ។

 

សូមជម្រាបថា នេះជាលើកទី២ ហើយដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា បានបង្កើនកិច្ចសហការផ្តល់ការគាំទ្រថវិកាជួយការងារសង្គមតាមរយៈអង្គការវ័តធឺអេតកម្ពុជា ។ រយៈពេល ១២ខែឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា បានផ្តល់ថវិកាសប្បុរសធម៌លើកទី១ ម្តងរួចមកហើយដល់អង្គការវ័តធឺអេត ដើម្បីអនុវត្តកម្មវិធីលើកកម្ពស់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ។ ជាលទ្ធផលថវិកាសប្បុរសធម៌លើកទី១ គម្រោងបានផ្តល់ផលដល់ប្រជាពលរដ្ឋប្រមាណ ៩៣៣នាក់ ដោយក្នុងនោះមាន ២០២នាក់ជាប្រជាពលរដ្ឋក្រីក្រគាំទ្រឱ្យទទួលបានទឹកស្អាតប្រើប្រាស់តាមរយៈការសហការជាមួយអជ្ញាធរ សេវាករផ្គត់ផ្គង់ទឹក ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ និងការគាំទ្រថវិកាបដិភាគដល់គ្រួសារក្រីក្រ ។

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង