ក្រុមហ៊ុនធានារ៉ាប់រង Etiqa Life Insurance សំឡឹងឃើញការងារលើកកម្ពស់ទឹកស្អាតជាអាទិភាពត្រូវគាំទ្រ

ថ្ងៃសុក្រ ទី០១ ខែធ្នូ​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 273
1

ភ្នំពេញ - លោក Dato' Johan Ariffin ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា (Etiqa Life Insurance Cambodia) មានប្រសាសន៍ថា អេទីកាជាក្រុមហ៊ុនសាជីវកម្មឈានមុខមួយដែលមានគោលបំណងចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានសេវាគាំពារសុខភាព ។ គម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត ដែលសហការរវាងអង្គការវ័តធឺអេតកម្ពុជា និងក្រុមហ៊ុនអេទីកានឹងជួយពង្រឹងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ និងតំបន់បរិស្ថានប្រឈម ។ 

 

លោក Dato' Johan Ariffin មានប្រសាសន៍ដូច្នេះនៅក្នុងពិធីប្រគល់ថវិកាសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ជូនដល់អង្គការវ័តធឺអេតកម្ពុជា (WaterAid Cambodia) នាព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency Phnom Penh

 

 

ទន្ទឹមគ្នានេះ លោក Dato' Johan Ariffin បានសង្កត់ធ្ងន់ថា កម្មវិធីទឹកស្អាតសហការជាមួយ WaterAid Cambodia នឹងធ្វើឱ្យស្ថានភាពប្រើប្រាស់ទឹកស្អាតកាន់តែល្អប្រសើរឡើងសម្រាប់អ្នកងាយរងគ្រោះ និងជនក្រីក្រនៅតំបន់បរិស្ថានប្រឈម ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា សំឡឹងឃើញការងារលើកកម្ពស់ទឹកស្អាតជាអាទិភាពដែលត្រូវគាំទ្រ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ហើយកិច្ចការនេះ អេទីកាបានធ្វើជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗនៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នំា២០១៧ មកម៉្លេះ ។ 

 

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានបញ្ជាក់បន្ថែមថា នៅប្រទេសម៉ាឡេស៊ីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា បានគាំទ្រការងារទឹកស្អាតសម្រាប់ប្រជាជនទទួលផលដោយផ្ទាល់ចំនួនជាង ១ម៉ឺនបីពាន់ប្រាំបួនរយនាក់ ហើយបច្ចុប្បន្នប្រជាជនចំនួន ១ពាន់ប្រាំរយនាក់រស់នៅរដ្ឋ Kedah នៃប្រទេសម៉ាឡេស៊ីបានសេវាទឹកស្អាតយ៉ាងប្រសើរ ។ 

 

 

ស្របគ្នានេះ លោក Dato' Johan Ariffin បានបន្តលើកឡើងថា ៖គោលដៅយើងតែមួយ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ ដូច្នេះការងារដែលគាំទ្រឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយឱ្យពួកគាត់មានសុខភាពល្អ និងមានជីវភាពកាន់តែប្រសើរ ។ បំណងរួមគ្នារវាងអេទីកា និងអង្គការវ័តធឺអេតកម្ពុជា គឺយើងចង់ឃើញប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងបរិយាបន្ន

 

ចំពោះការជ្រើសអង្គការ WaterAid កម្ពុជាជារើសដៃគូរផ្តល់កញ្ចប់ហិរញ្ញវត្ថុគាំទ្រសកម្មភាពលើកកម្ពស់ទឹកស្អាតនៅកម្ពុជា លោក Dato' Johan Ariffin បានបញ្ជាក់ថា កញ្ចប់ហិរញ្ញវត្ថុសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដែលផ្តល់ជូនអង្គការ WaterAid កម្ពុជានៅពេលនេះ គឺដោយសារក្រុមហ៊ុនមើលឃើញថា អង្គការ WaterAid កម្ពុជា បានធ្វើកិច្ចការឈានមុខគេក្នុងសកម្មភាព និងការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ ។ លើសពីនេះទៀត អង្គការវ័តធឺអេតកម្ពុជាកំពុងអនុវត្តគម្រោងរបស់ខ្លួនជាច្រើន ដោយបានដាក់បញ្ចូលសកម្មភាពដែលគាំទ្រដល់តម្រូវការរបស់មនុស្សគ្រប់រូប និងធានាថា គ្រប់គ្នាមានលទ្ធភាពទទួលបានទឹក ស្អាតប្រើប្រាស់ និងអនុវត្តអនាម័យបានពេញលេញ ព្រមទាំងមិនទុកចោលនរណាម្នាក់ឡើយ ។

 

 

សូមជម្រាបថា នេះជាលើកទីពីរហើយដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ផ្តល់កញ្ចប់ហិរញ្ញវត្ថុសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនដល់អង្គការ WaterAid កម្ពុជា ។ កញ្ចប់ថវិកាចំនួន ៥ម៉ឺនដុល្លារនៅពេលនេះ នឹងជួយឱ្យប្រជាជនកម្ពុជាចំនួន ៥០០គ្រួសាររស់នៅខេត្តកណ្តាលមានទឹកស្អាតប្រើប្រាស់ ហើយការគាំទ្រឱ្យប្រជាជនមានទឹកស្អាតប្រើប្រាស់គ្រប់រូប គឺជាការចូលរួមលើកកម្ពស់មូលដ្ឋានសិទ្ធិមនុស្ស កាត់បន្ថយភាពក្រីក្រ និងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ។ 

 

កញ្ចប់ហិរញ្ញវត្ថុសកម្មភាពទំនួលខុសត្រូវសង្គម (CSR) លើកទី១ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានគាំទ្រគម្រោងរបស់អង្គការ WaterAid កម្ពុជា ផ្តល់ផលដល់ប្រជាពលរដ្ឋ ៩៣៣នាក់ ដោយក្នុងនោះមាន ២០២នាក់ជាប្រជាពលរដ្ឋក្រីក្រគាំទ្រឱ្យទទួលបានទឹកស្អាតប្រើប្រាស់ តាមរយៈការសហការជាមួយអជ្ញាធរ សេវាករផ្គត់ផ្គង់ទឹក ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ និងការគាំទ្រថវិកាបដិភាគដល់គ្រួសារក្រីក្រ ។ 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង