សហភាពអឺរ៉ុបគាំទ្រថវិកា ១២២លានដុល្លារពង្រឹងប្រសិទ្ធភាពគ្រប់គ្រងធនធានជលផលកម្ពុជា

ថ្ងៃសុក្រ ទី២៦ ខែមករា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 207
1

ភ្នំពេញ - រយៈពេលពីរឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុប (EU) បានផ្តល់កញ្ចប់ថវិកាគាំទ្រដល់ការងារគ្រប់គ្រង និងស្រាវជ្រាវធនធានជលផលនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ១២២លានដុល្លារអាម៉េរិកតាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង បរិយាបន្ន ផ្នែកនេសាទ ឬហៅកាត់ជាភាសាអង់គ្លេសថា CAPFISH-Capture ។ កិច្ចការនេះចាប់តាំងពីឆ្នាំ២០២២ មានគំនិតផ្តួចផ្តើមចំនួនបីដែលបានបង្កើតឡើង រួមមាន កម្មវិធីនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផលការគាំទ្រដល់ការកែលំអ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផលនិងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត ។ 

 

នេះបើតាមការលើកឡើងរបស់លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅក្នុងពិធីអបអរភាពជាដៃគូរយៈពេលពីរឆ្នាំនៃការបំពេញការងារក្នុងវិស័យជលផលជាមួយនឹងសាកលវិទ្យាល័យធំៗ ចំនួនបួននៅប្រទេសកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។

 

 

លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី សម្រាប់ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា ។ ទន្ទឹមគ្នានេះ កម្ពុជាជាប្រទេសដំបូងគេបង្អស់ដែលទទួលបានមូលនិធិគាំទ្រដល់ការអភិវឌ្ឍន៍វិស័យជលផលពីសហភាពអឺរ៉ុប ហើយគម្រោងគាំទ្រគុណភាពស្រាវជ្រាវក្នុងវិស័យជលបានអនុវត្តឡើងស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ 

 

ជាមួយគ្នានេះ លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ៖ គម្រោងមានគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងរួមបញ្ចូលនូវការអភិវឌ្ឍន៍ជលផលទឹកសាប និងសមុទ្ររបស់កម្ពុជា និងលើកកម្ពស់វិស័យវារីវប្បកម្មផងដែរ ។ កម្មវិធីនេះ បានអនុវត្តរដ្ឋបាលជលផល និងអង្គការ FAO ដោយគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្មវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមនិងសាកលវិទ្យាល័យក្រចេះ 

 

ស្របនឹងការលើកឡើងអំពីជំនួយគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់កិច្ចការពង្រឹងវិស័យជលផលនៅកម្ពុជា សហភាពអឺរ៉ុបមានបំណងលើកទឹកចិត្តដល់អ្នកសិក្សាវ័យក្មេង ពិសេសនិស្សិតដែលបានចូលរួមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង បរិយាបន្ន ផ្នែកនេសាទ គួរដាក់ពាក្យបន្តការសិក្សាតាមរយៈអាហារូបករណ៍របស់សហភាពអឺរ៉ុប Erasmus+ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ជួយអភិវឌ្ឍវិស័យជលផលឱ្យកាន់តែទំនើប ។ 

 

ចំណែកឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល ក៏បានលើកឡើងដែរថា សហភាពអឺរ៉ុបបានរួមចំណែកយ៉ាងសំខាន់ជួយពង្រឹងវិស័យវារីប្បកម្ម និងសមត្ថភាពធនធានមនុស្សនៅកម្ពុជា ។ កម្មវិធីអភិវឌ្ឍសមត្ថភាពអ្នកសិក្សាវ័យក្មេងលើជំនាញជលផល កំពុងជួយឱ្យនិស្សិតមានឱកាសរៀនសូត្រពង្រឹងវិជ្ជាជីវៈ ព្រមទាំងចែករំលែកចំណេះដឹងថ្មីៗដែលបានរកឃើញទៅកាន់សហគមន៍ និងអ្នកពាក់ព័ន្ធនានា ។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង និងកសាងសមត្ថភាពរបស់មន្ត្រីជំនាញជាបន្តបន្ទាប់ ។

 

ឯកឧត្តម ស្រ៊ុន លឹមសុង បានបន្ថែមទៀតថា ការកែលំអកម្មវិធីសិក្សាពាក់ព័ន្ធនឹងមុខវិជ្ជាជលផល ជាឱកាសដែលសាកលវិទ្យាល័យនឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។ ការកែលំអកម្មវិធីសិក្សាផ្នែកជលផលនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការងារគ្រប់គ្រងជលផលក្នុងប្រទេស តាមរយៈការបង្កើត និងកសាងសមត្ថភាពចំណេះដឹង និងជំនាញដែលពាក់ព័ន្ធវិស័យជលផលដល់អ្នកជំនាន់ក្រោយ ។

 

សូមជម្រាបថា កម្មវិធីគាំទ្រឱ្យនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផលការគាំទ្រដល់ការកែលំអ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផលនិងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សតរបស់សហភាពអឺរ៉ុប បានអនុវត្តចាប់តាំងពីឆ្នាំ២០២២ ។ កម្មវិធីនិស្សិតហាត់ការនេះ បានគាំទ្រដល់និស្សិតចំនួន ៣៧នាក់មកពីសាកលវិទ្យាល័យទាំងបួនខាងលើ ដើម្បីសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើងដោយខណ្ឌរដ្ឋបាលជលផលចំនួន ២០ខេត្តនៅតំបន់ឆ្នេរ និងតំបន់ទឹកសាប ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង