តំណាងអង្គការ FAO កម្ពុជា ចាត់ទុកយុវជនជាតួអង្គសំខាន់ធានាឱ្យសង្គមជាតិមានសុវត្ថិភាពម្ហូបអាហារ

ថ្ងៃពុធ ទី២១ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 194
1

ភ្នំពេញ - លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) មានប្រសាសន៍ថា សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ។ សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការដ៏សំខាន់ដែលត្រូវរៀបចំផែនការ ត្រៀមបង្ការជាមុន និងធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងប្រព័ន្ឋស្បៀង សំដៅឆ្ពោះទៅលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃស្បៀងទាំងមូលឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព ។ ទន្ទឹមគ្នានេះដែរ យុវជនជាតួអង្គសំខាន់ ដែលធានាឱ្យមានសុវត្ថិភាពម្ហូបអាហារនៅក្នុងគ្រួសារ និងសង្គម ។

 

 

នៅក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជានាព្រឹកថ្ងៃពុធនេះ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ជាក់ថា យុវជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារ ។ ប្រទេសកម្ពុជាសម្បូរទៅដោយយុវជន ដោយក្នុងនោះមានមនុស្សវ័យក្មេងជាង ៦០ភាគរយនៃប្រជាជនសរុប ។ យុវជនមានសក្តានុពលសម្រាប់អនាគតរបស់កម្ពុជា ។ 

 

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) យុវជនគឺជាអ្នកដែលមានគំនិតឆ្នៃប្រឌិត និងចេះសម្របសម្រួលពីធម្មជាតិ ហើយតែងតែត្រៀមជាស្រេច ដើម្បីទទួលបញ្ហាប្រឈមថ្មីៗ ។ ការចូលរួមរបស់យុវជនក្នុងប្រព័ន្ឋស្បៀង គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងអនាគតមួយប្រកបដោយចីរភាព ដោយមិនទុកនណារម្នាក់ចោល

 

តាមរយៈខ្លឹមសារទស្សនាទាននៃទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជាឆ្នាំ២០២៤ បានឱ្យដឹងថា សុវត្ថិភាពម្ហូបអាហារនៅតែជាវិបត្តិសកលដ៏សំខាន់ដែលបានបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ។ អាហារកខ្វក់ដែលមានមេរោគបានចម្លងជំងឺដល់មនុស្សប្រមាណ ៦០០លាននាក់ជារៀងរាល់ឆ្នាំ ហើយបង្កើតឱ្យមានអត្រាមរណភាពកើនដល់ ៤សែនពីរម៉ឺននាក់នៅទូទាំងពិភពលោក និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រមាណ ១១០ពាន់លានដុល្លារ ជាពិសេសនៅតាមបណ្ដាប្រទេសចំណូលទាប និងមធ្យម ។ 

 

នៅកម្ពុជាបញ្ហាសុវត្ថិភាពចម្ហូបអាហារនៅតែបន្តកើតមាន ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសូម្បីតែវិស័យទេសចរណ៍ ។ ជាអកុសល កុមារអាយុក្រោមប្រាំឆ្នាំប្រមាណ ១២៥,០០០ នាក់នៅទូទាំងពិភពលោកបានទទួលមរណភាពជារៀងរាល់ឆ្នាំ ដោយសារជំងឺឆ្លងតាមម្ហូបអាហារ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើតម្រូវការបន្ទាន់ និងភាពចាំបាច់នានាក្នុងការចាត់វិធានការឱ្យបានល្អប្រសើរពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារនេះ ។

 

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានគោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន ១) ធានាឱ្យបានកំណើនសេដ្ឋកិច្ច ២) បង្កើតការងារឱ្យបានកាន់តែច្រើន ៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ៥) ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ សុវត្ថិភាពម្ហូបអាហារបានគ្របដណ្តប់សកម្មភាពនៅស្ទើរគ្រប់វិស័យអាទិភាពទាំងអស់ដោយរាប់ពីវិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច បរិស្ថាន ទេសចរណ៍ អប់រំ និងវិទ្យាសាស្ត្រ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍នានា កំពុងចាត់ទុកយុវជនជាតួអង្គសំខាន់ចូលរួមចំណែកលើកម្ពស់សុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម ៕ 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង