ទិវាសុវត្ថិភាពម្ហូបអាហារជំរុញឱ្យយុវជនត្រៀមខ្លួនជាមុនចំពោះយថាហេតុបង្កជាហានីភ័យដល់សុវត្ថិភាពម្ហូបអាហារ

ថ្ងៃពុធ ទី២១ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 185
1

ភ្នំពេញ - ក្រោមក្រសែភ្នែក និងវត្តមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជាង ២០០នាក់នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) បានបង្ហាញមូលបទសំខាន់មួយសម្រាប់ពិធីបើកទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤ គឺ ជំរុញការចូលរួមរបស់យុវជន និងការត្រៀមខ្លួនជាមុនចំពោះហេតុការណ៍ ណាមួយ ដែលអាចកើតមានឡើងជាយថាហេតុបង្កជាហានីភ័យដល់សុវត្ថិភាពម្ហូបអាហារ។ គោលបំណងចម្បងបំផុតរបស់កម្មវិធី គឺបង្កើនការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារជាសាធារណៈទៅកាន់អ្នកពាក់ព័ន្ធ ជាពិសេសជំរុញការចូលរួមរបស់យុវជនទៅគ្រប់ស្ថានភាពនៃខ្សែច្រវ៉ាក់ផលិតកម្មម្ហូបអាហារ ។

 

 

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចូលរួមជាមួយប្រទេសនានា ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ៧៣/២៥០ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ របស់អង្គការសហប្រជាជាតិ ដោយប្រកាសយកថ្ងៃទី៧ ខែមិថុនាជារៀងរាល់ឆ្នាំ ជាទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក ។ ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកកំពុងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃអាហារសុវត្ថិភាព ដើម្បីធានាបាននូវសុខភាព និងសុខមាលភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ ។

 

ស្របគ្នានេះដែរ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០២២ កម្ពុជាតែងតែប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនេះឡើង ដោយប្តេជ្ញាចិត្តមុតមាំលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ស្តង់ដារម្ហូបអាហារ ការអនុលោមតាមសុវត្ថិភាពម្ហូបអាហារ និងការគ្រប់គ្រងគុណភាព ព្រមទាំងតាមដានព័ត៌មានក្នុងករណីមានហេតុការណ៍នឹកស្មានមិនដល់ណាមួយកើតឡើងជាយថាហេតុ បង្កហានីភ័យដល់សុវត្ថិភាពម្ហូបអាហារ។

 

សូមជម្រាបថា កាលពីឆ្នាំ២០២៣ កន្លងទៅ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក បានប្រារព្ធឡើងក្រោមប្រធានបទ ស្តង់ដារម្ហូបអាហារជួយសង្រ្គោះជីវិត។ ការលើកយកប្រធានបទនេះ មានគោលបំណងបង្កើនការគិតគូរដល់ស្តង់ដារម្ហូបអាហារ ជួយការពារសុខភាព និងសុខមាលភាពអ្នកបរិភោគ ហើយការគិតគូរដល់ស្តង់ដារម្ហូបអាហារនេះ ក៏បានផ្តល់អត្ថប្រយោជន៍ដល់អ្នកផលិតផងដែរ។ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ផ្តោតសំខាន់លើប្រធានបទ ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ ។ កម្មវិធីនេះ បានរៀបចំឱ្យមានសកម្មភាពយុវជនចូលរួមតាមរយៈការបង្ហាញពីលទ្ធផលនៃការប្រកួតរចនាផ្ទាំងរូបភាព វីដេអូ និងរូបថត ស្តីពីសុវត្ថិភាពម្ហូបអាហារដោយក្រុមយុវជន និងសុន្ទរកថាគន្លឹះពីអ្នកជំនាញ ។ 

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង