បារាំងសន្យាជួយកម្ពុជា ២០០លានអឺរ៉ូ បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 423
1

បារាំង - រដ្ឋាភិបាលបារាំងបានសន្យាផ្តល់កញ្ចប់ថវិកាក្នុងទំហំទឹកប្រាកើ ២០០លានអឺរ៉ូដល់ប្រទេសកម្ពុជា ដើម្បីជួយវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត ។ ការប្រកាសផ្តល់ជំនួយរបស់បារាំង បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករានេះ ។

តាមទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលនេះ ជាឱកាសមួយសម្រាប់បង្កើតគម្រោងថ្មីៗថែមទៀតជាមួយក្រុមហ៊ុនរបស់បារាំង ហើយសម្តេចធិបតីបានជួបពិភាក្សាជាមួយក្រុមហ៊ុនជាច្រើន ជាពិសេសក្រុមហ៊ុនថាមពល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ។

លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា ៖ យើងនឹងជជែកគ្នាអំពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់ជូនសម្តេចពីមធ្យោបាយ និងជំនាញចាំបាច់នានា តាមរយៈការជួយជ្រោមជ្រែងពីភ្នាក់ងារអភិវឌ្ឍន៍បារាំង ! សប្តាហ៍នេះបារាំងសន្យាចាយកញ្ចប់ថវិកា ២០០លានអឺរ៉ូក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត

សូមជម្រាបថា ទន្ទឹមនឹងការលើកឡើងពីកិច្ចអភិវឌ្ឍន៍ជំនាញ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា លោកប្រធានាធិបតីបារាំង ក៏បានកោតសរសើរអំពីជំហរកម្ពុជា ចូលរួមក្នុងសេចក្តីថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ថ្កោលទោសប្រទេសរុស្ស៉ីដែលបានឈ្លានពានទៅប្រទេសអ៊ុយក្រែនផងដែរ ។

កម្ពុជានិងប្រទេសបារាំងកំពុងបន្តសរសេរប្រវត្តិសាស្ត្ររួមគ្នា ផ្អែកលើមិត្តភាពមិនចេះប្រេះស្រាំរវាងទាំងពីរ ហើយដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំងលើកនេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង