ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងក្រសួងឧស្សាហកម្មបានពិភាក្សាផែនការពង្រីកវិសាលភាពសេវាទឹកស្អាត

ថ្ងៃច័ន្ទ ទី០៥ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 239
1

ភ្នំពេញ - គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយនាយិកាប្រចាំប្រទេសកម្ពុជា លោកស្រី Sandrine Boucher បានជួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពិភាក្សាផែនការពង្រីកវិសាលភាពសេវាទឹកស្អាត ដើម្បីជំរុញលទ្ធភាពពង្រីកសមត្ថភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានសហការជាមួយរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញតាំងពីឆ្នាំ២០០២ ហើយថ្មីៗនេះបានផ្តល់ហិរញ្ញប្បទានចំនួន ២០០លានអឺរ៉ូដល់កម្ពុជាសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត ។ លោកស្រីនាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានលើកឡើងថា ការវិនិយោគគនេះ បង្ហាញពីការបន្ស៊ីបេសកកម្មរបស់ AFD ជាមួយនឹងរបៀបវារៈអភិវឌ្ឍន៍វិស័យទឹកស្អាតប្រកបដោយមហិច្ឆតារបស់ក្រសួងឧស្សាហកម្ម ។

នៅក្នុងកិច្ចពិភាក្សាផែនការពង្រីកវិសាលភាពសេវាទឹកស្អាត ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានសន្យាផ្តល់អ្នកជំនាញអន្តរជាតិ លោក Jacques Bertrand ដើម្បីគាំទ្រដល់ការបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីទឹក និងអនាម័យ (SDG6) ។

ទន្ទឹមគ្នានេះ លោក Jacques Bertrand អ្នកជំនាញអភិវឌ្ឍន៍ការងារទឹកស្អាត បានសង្កត់ធ្ងន់ថា គោលដៅអនាម័យអាចសម្រេចទៅបានលុះត្រាតែកម្ពុជាអាចសម្រេចគោលដៅទឹកស្អាតជាមុន ។ លោកបានផ្តល់អនុសាសន៍ឱ្យពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារនិងឧត្តមានុវត្តន៍ក្នុងវិស័យទឹកស្អាត ។

គួរបញ្ជាក់ថា តាមរយៈជំនួបខាងលើនេះ ឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះសមិទ្ធផលរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញក្នុងរយៈ ពេល ១៥ឆ្នាំកន្លង ។ ទន្ទឹមគ្នានេះ ក្រសួងឧស្សាហកម្ម ក៏បានលើកឡើងពីផែនការរបស់ក្រសួងក្នុងការគ្រប់គ្រងទឹកស្អាត ប្រកបយុទ្ធសាស្រ្ត រួមទាំងការសាងសង់អាងស្តុកទឹក រោងចក្រប្រព្រឹត្តកម្ម បណ្តាញចែកចាយ និងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករឯកជនផងដែរ ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង