មូលនិធិអាកាសធាតុបៃតង GCF អនុម័តគម្រោងថវិកា ៤៣លានដុល្លារជួយកសិករខ្នាតតូចនៅកម្ពុជា

ថ្ងៃសុក្រ ទី១៧ ខែមិនា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 482
1

ភ្នំពេញ - មូលនិធិអាកាសធាតុបៃតង ហៅកាត់ជាភាសាអង់គ្លេសថា GCF បានអនុម័តគម្រោង  PEARL មានថវិកាចំនួន ៤៣លានដុល្លារជួយពង្រឹងសមត្ថភាពបន្ស៊ាំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងតួអង្គខ្សែសង្វាក់តម្លៃផ្សេងទៀតនៃអាងទន្លេសាបខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយការប្រែប្រួល អាកាសធាតុ ។ 

 

គម្រោង PEARL នឹងអនុវត្តក្នុងរយៈពេលប្រាំមួយឆ្នាំ ដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា ។ តាមរយៈគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ៤សែនប្រាំម៉ឺននាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាប រួមមានខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។

 

នៅស្តីការក្រសួងបរិស្ថាននារសៀលថ្ងៃសុក្រនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្ម ភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប - PEARL” ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ។ 

 

គម្រោង PEARL បានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានទំហំទឹកប្រាក់ប្រមាណ ៤៣លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារអាម៉េរិកជាជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង និង ៦,៦លានដុល្លារអាម៉េរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា ៕

 

 

រូបភាពរក្សាសិទ្ធិដោយ ៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង