អ្នកជំនាញសុខាភិបាលលើកទឹកចិត្តឱ្យសាធារណជនពិនិត្យសុខភាពរកជំងឺរលាកថ្លើម
ភ្នំពេញ - ថ្វីត្បិតបច្ចុប្បន្នកម្ពុជាមិនទាន់មានតួលេខជាក់លាក់អំពីចំនួនអ្នកមានផ្ទុកវីរុសជំងឺរលាកថ្លើមប្រភេទ បេនិង សេ ក៏ពិតមែន ប៉ុន្តែជំងឺរលាកថ្លើមជាកង្វល់សុខភាពសាធារណៈមួយដ៏ធំ ដែលគ្រូពេទ្យជំនាញ និងក្រសួងសុខាភិបាលកម្ពុជាកំពុងព្រួយបារម្ភ ព្រមទាំងយកចិត្តទុកដាក់ ។ ការព្រួយបារម្ភនេះ ដោយសារជំងឺរលាកថ្លើមដោយសារវីរុសជាជំងឺឆ្លង និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាជន ។
ជំងឺរលាកថ្លើម (Hepatitis) បង្កឡើងដោយវីរុស ដែលបណ្តាលឱ្យថ្លើមរលាក ក្រិនថ្លើមនិងអាចបង្កទៅជាមហារីកថ្លើមដែលជាមូលហេតុស្លាប់នៃប្រជាពលរដ្ឋនៅលើសកលលោក ។ មេរោគជំងឺរលាកថ្លើម មានប្រភេទ A, B, C, D, និង E (WHO) ប៉ុន្តែជាទូទៅគេរកឃើញថានៅកម្ពុជាក៏ដូចជានៅលើសកលលោកវីរុសរលាកថ្លើមកើតច្រើនបំផុត គឺប្រភេទ B និង C ។
លោកវេជ្ជបណ្ឌិត កែវ សំឡី អ្នកអនុវត្តកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមដោយវីរុស នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺរលាកថ្លើមជាជំងឺនៃបន្ទុកគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ។ បច្ចុប្បន្នក្រសួងសុខាភិបាលបានរកឃើញជំងឺរលាកថ្លើមប្រភេទ B និង C ដែលជំងឺនេះកំពុងឆ្លងយ៉ាងសកម្មនៅក្នុងសហគមន៍ដែលគ្មានការប្រុងប្រយ័ត្ន ខ្វះការយលើដឹងពីវិធីបង្ការនិងខ្វះការអប់រំពីមន្ត្រីសុខាភិបាល ។
នៅវេទិកាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ រៀបចំឡើងដោយសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម ហៅកាត់ថា HEA កាលពីថ្ងៃអាទិត្យទី ២៥កុម្ភៈ២០២៣ ម្សិលមិញនេះ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា គួរទៅពិនិត្យសុខភាពផ្ទាល់ខ្លួន និងសុខភាពសមាជិកគ្រួសារ ដើម្បីស្វែងរកជំងឺរលាកថ្លើម និងព្យាបាលជំងឺរលាកថ្លើមឱ្យបានទាន់ពេលវេលា ។ ករណីអ្នកជំងឺមិនបានព្យាបាលត្រឹមត្រូវ នោះលទ្ធភាពឆ្លងជំងឺរលាកថ្លើមនឹងមានអត្រាកើនឡើងខ្ពស់ ។
ស្របជាមួយគ្នានេះ វេជ្ជបណ្ឌិតជំនាញ បានបញ្ជាក់បន្ថែមថា កត្តាដែលបណ្តាលឱ្យមនុស្សកើតជំងឺរលាកថ្លើម និងឆ្លងរីករាលដាលជាបន្តបន្ទាប់ បណ្តាលមកពីការរស់នៅកង្វះអនាម័យរបស់អ្នកជំងឺ, ការប៉ះពាលឈាមអ្នកមានជំងឺថ្លើម ឬអាចប៉ះពាល់ទឹករងៃដំបៅលាយឈាម, ការប្រើប្រាស់ឧបករណ៍មុតស្រួចរួមគ្នាដោយមិនបានសម្លាប់ មេរោគត្រឹមត្រូវ ការប្រើគ្រឿងញាណ, អាចឆ្លងពីម្តាយទៅកូនចំពោះស្រ្តីដែលមានផ្ទុកមេរោគរលាកថ្លើមបេនិងសេ និងការឆ្លងតាមរយៈការរួមភេទជាដើម កត្តាទាំងនេះអាចបង្កឱ្យមានអត្រាឆ្លងច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងសកលលោក។
“សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ជំងឺរលាកថ្លើមប្រភេទ សេ គឺមានឱសថព្យាបាល ដ៏មានប្រសិទ្ធិភាព អាចនិយាយបានថាជាក្នុងការលេបថ្នាំតែ ១គ្រាប់ក្នុង១ថ្ងៃ រយៈពេល ១២ សប្តាហ៍ នៅតាមទីតាំងសេវារដ្ឋដែលមានក្នុងកម្មវិធីជាតិនិងសេវាឯកជន ដែលជាសមាជិក របស់អង្គកា HEA ។
ចំណែកកញ្ញា ម៉េង សក្តា តំណាងក្រុមការងារសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA មានប្រសាសន៍ថា មូលហេតុដែលសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមរៀបចំវេទិការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ ដោយសារប្រជាជនកម្ពុជាហាក់ពុំទាន់ចាប់អារម្មណ៍នឹងជំងឺរលាកថ្លើមប្រភេទបេ និងសេ ហើយជំងឺនេះជាជំងឺឃាតកលាក់មុខបង្កគ្រោះថ្នាក់សុខភាពបានគ្រប់ពេល ។ លើសពីនេះ អ្នកចូលរួមវេទិការលុបបំបាត់ជំងឺរលាកថ្លើម អាចទទួលបានចំណេះដឹងជាច្រើនអំពីការការពារ, ការព្យាបាល, និងទប់ស្កាត់មិនឱ្យជំងឺរលាកថ្លើមកើតមានចំពោះសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ។
វេទិការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ បានបំផុសឱ្យក្រុមវេជ្ជបណ្ឌិតជំនាញ និងអ្នកពាក់ព័ន្ធបានជជែកផ្លាស់ប្តូរមតិយោបល់គ្នា អំពីវិធីសាស្ត្រព្យាបាល និងយន្តការលើកទឹកចិត្តនានា ដើម្បីឱ្យសាធារណជនពិនិត្យសុខភាពផ្ទាល់ខ្លួន និងសុខភាពសមាជិកគ្រួសារ ស្វែងរកជំងឺសេវាព្យាបាលជំងឺរលាកថ្លើម ។ ក្រុមវេជ្ជបណ្ឌិតជំនាញ បានកត់សម្គាល់ថា ជំងឺ រលាក ថ្លើម ជាជំងឺគ្រោះថ្នាក់ស្ងៀមស្ងាត់ ហើយកន្លងទៅប្រជាជនកម្ពុជាមិនសូវចាប់អារម្មណ៍ពីអាការៈសុខភាពរបស់ខ្លួនឡើយ ។
សូមជម្រាបថា ជំងឺរលាកថ្លើមនេះ ជាឃាតករសម្ងាត់ដោយសារ ៨០% នៃអ្នកជំងឺនេះគ្មានរោគសញ្ញាឱ្យដឹងនោះទេ ។ ចំណែករោគសញ្ញាដែលស្តែងចេញប្រហែល ១០ ទៅ២០% គឺមិនមានលក្ខណៈពិសេសចាប់អារម្មណ៍ អាចច្រលំជាមួយជំងឺទូទៅ ។ មនុស្សភាគច្រើនដែលកើត និងឆ្លងជំងឺរលាកថ្លើមប្រភេទ បេនិង សេ មិនបង្ហាញរោគសញ្ញាអ្វីឡើយ ក៏ប៉ុន្តែមានករណីខ្លះ ក្រោយពីមានផ្ទុកវីរុសក្នុងខ្លួនរយៈពេលចន្លោះពីរទៅបីសប្ដាហ៍ ដែលរោគសញ្ញាទាំងនោះ រួមមាន គ្រុនក្ដៅ អស់កម្លាំង មិនសូវឃ្លាន ចង់ក្អួត ឬក្អួត ឈឺពោះ រាករូស លាមកដូរពណ៌ ឈឺសន្លាក់ដៃជើង និងស្បែកឡើងលឿងជាដើម ៕