អង្គការ Helen Keller បានផ្តល់អាហារព្យាបាល ៦ម៉ឺនកញ្ចប់ជួយសង្គ្រោះកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ

ថ្ងៃសុក្រ ទី០២ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 241
1

ភ្នំពេញ - រយៈពេលមួយឆ្នាំបន្ទាប់ពីដំណើរការ “គម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ (SAM & MAM)” អង្គការ Helen Keller អន្តរជាតិកម្ពុជា បានផ្តល់អាហារព្យាបាលចំនួន ៦ម៉ឺនកញ្ចប់ជួយព្យាបាលដល់កុមារអាយុក្រោម ៥ឆ្នាំចំនួន ១៥០០នាក់ នៅខេត្តគោលដៅចំនួនបី រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តសៀមរាម ចាប់ពីខែមករា ឆ្នាំ២០២៣ រហូលមកដំណាច់ឆ្នាំ២០២៣ ។ លទ្ធបានបង្ហាញថា កុមារចំនួន ១២០០នាក់ (៨១%) បានព្យាបាលជាសះស្បើយ និងកុមារចំនួន ១៩% កំពុងបន្តព្យាបាល ។ 

 

 

លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller អន្តរជាតិ ប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ បានពិនិត្យមើលស្ថានភាពកង្វះអាហារូបត្ថម្ភកុមារតាមរយៈការវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃចំនួន ១ម៉ឺនប្រាំពាន់នាក់ ។ ឆ្នាំ២០២៤ គម្រោងនឹងបន្តពង្រឹកសកម្មភាពការងារនៅខេត្តចំនួនបីបន្ថែមទៀត រួមមាន ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដែលរំពឹងថា កុមារប្រមាណជាង ១០ម៉ឺននាក់នឹងចូលរួមវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃ ។ 

 

នាយកអង្គការ Helen Keller អន្តរជាតិ ប្រចាំកម្ពុជា បានបញ្ជាក់ថា គាំទ្រកម្មវិធីជាតិលើកកម្ពស់អាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាលនៅខេត្តគោលដៅ ព្រមទាំងជួយដល់កម្មវិធីជាតិ និងថ្នាក់ក្រោមជាតិក្នុងការបណ្តុះបណ្តាលដល់អ្នកទ្រទ្រង់សុខភាពភូមិឱ្យមានលទ្ធភាពស្វែងរក និងបញ្ជូនកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរទៅមណ្ឌលសុខភាព ។ 

 

លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller អន្តរជាតិ ប្រចាំកម្ពុជា  ៖ប្រសិនបើកុមារទាំងនោះមិនទទួលបានការព្យាបាល និងយកចិត្តទុកដាក់ថែទាំសុខភាពទៅថ្ងៃខាងមុខនោះទេ នោះពួកគាត់ (កុមារ) មានបញ្ហាប៉ះពាល់ផ្នែកសុខភាពរាងកាយ និងបញ្ញាស្មារតីកុមារ ដែលពាក់ព័ន្ធយ៉ាងខ្លាំងដល់ការកសាងអនាគតធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើង

 

អាហារព្យាបាលកុមារជាង ៦ម៉ឺនកញ្ចប់បានផ្តល់ដល់មណ្ឌលសុខភាពគោលដៅ ដើម្បីចែកជូនដល់កុមារអាយុក្រោម ៥ឆ្នាំ រួមមាន នូទ្រិច (NUtRIX) ជាអាហារព្យាបាលសម្រាប់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងរីម៉ាក់ (REMAQS) អាហារព្យាបាលដល់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម ព្រមទំាងបង្រៀនបច្ចេកទេសដល់អ្នកថែទាំកុមារអំពីការវាស់ពាក់កណ្តាល ដើម្បីតាមដានស្ថានភាពអាហារូបត្ថម្ភកុមារ ដែលមានអាយុចាប់ពី៦ ដល់ ៥៩ខែនៅតាមភូមិ ។ ផលិតផល (NUtRIX) មានផ្ទុកនូវវីតាមីន និងរ៉ែខនិក ចំនួន ២៨មុខ រួមមានវីតាមីន និងសារធាតុរ៉ែ ហើយមានតម្លៃថោកជាងផលិតផល ដែលបាននាំចូល២០ភាគរយ ។

 

 

សូមជម្រាបថា គម្រោងថែទាំ និងព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ បានសហការយ៉ាងជិតស្និទជាមួយកម្មវិធីជាតិអាហារូបត្ថម្ភ មន្ទីរសុខាភិបាល និងការិយាល័យសុខភាពស្រុកប្រតិបត្តិនៅខេត្តគោលដៅទាំង ៣ខេត្ត និងមានមណ្ឌលសុខភាព ជាអ្នកជួយសម្របសម្រួលផ្ទាល់នៅតាមសហគមន៍ ។

 

គួរបញ្ជាក់ថា ផ្អែកតាមបាយការណ៍បឋម នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា កុមារកម្ពុកជាប្រមាណ ១០ភាគរយមានបញ្ហាស្គមស្គាំង ហើយកុមារអាយុក្រោម ៥ឆ្នាំនៅតែបន្តជួបឧបសគ្គក្នុងដំណាក់ការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតីរបស់ពួកគេ ។ 

 

ឧបសគ្គរារាំងដល់ការលូតធំធាត់របស់កុមារ រួមមាន បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះការយកចិត្តទុកដាក់លើការថែទាំសុខភាពកុមារ និងបញ្ហាកុមារស្គមស្គាំងមិនគ្រប់គីឡូជាដើម ។ ប្រហែលកុមារប្រមាណ ៥ម៉ឺននាក់មានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ (SAM) និងកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម (MAM) មិនបានទទួលការព្យាបាល ដោយនេះបានបន្ថែមបន្ទុកនៃជំងឺ និងការស្លាប់នៅក្នុងចំនួនប្រជាជនអាយុក្រោម ៥ឆ្នាំ ។

 

ខណៈបញ្ហាខាងលើនេះបន្តកើតមាន ធនធានរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ អាចជួយព្យាបាលកុមារចំនួនបានប្រមាណតែ ១០ភាគរយប៉ុណ្ណោះ នៃកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ដែលត្រូវការការសង្គ្រោះអាយុជីវិត ។ ការជួយសង្គ្រោះសុខភាពកុមារនេះ មិនបានសម្រេចគោលដៅដែលបានកំណត់ដោយផែនការជាតិឆ្នាំ២០១៤ គឺត្រឹមឆ្នាំ២០២០ សម្រេចឱ្យបានការព្យាបាលកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ២ម៉ឺនប្រាំពាន់នាក់ជារៀងរាល់ឆ្នាំ ។ ការជួយការសង្គ្រោះកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរកំពុងទាមទារការចូលរួមបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង