អង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជាគាំទ្រឱ្យប្រជាសហគមន៍ដាំដុះបន្លែសុវត្ថិភាព

ថ្ងៃពុធ ទី០១ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 108
1

ភ្នំពេញ - ដាំដុះបន្លែសុវត្ថិភាពជាផ្នែកមួយដ៏សំខាន់គាំទ្រដល់ការលើកកម្ពស់សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភសម្រាប់សមាជិកគ្រួសារ និងកាត់បន្ថយភាពក្រីក្ររបស់សហគមន៍។ អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា (HKI Cambodia) បានអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ ដល់ប្រជាសហគមន៍ដាំដុះបន្លែសុវត្ថិភាពចំនួនជិតប្រាំពាន់គ្រួសារ ។ 

 

 

លោក សួស សុខា ប្រធានគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ នៃអង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា មានប្រសាសន៍ថា អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា មានគោលបំណងធ្វើឱ្យប្រសើរឡើងស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពប្រជាជនជាមួយសហគមន៍កសិកម្ម ១០០សហគមន៍ ដែលគ្របដណ្តប់លើខេត្តចំនួនបី រួមមាន ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកំពត។ សម្រាប់ការអនុវត្តគម្រោងនៅដំណាក់កាលទី១ ទទួលបានការគាំទ្រពីមូលនិធិរបស់គម្រោង MUSEFO នៃអង្គការ GIZ អាឡឺម៉ង ។   

 

លោក សួស សុខា បានបញ្ជាក់បន្ថែម ៖ខ្ញុំពិតជាសប្បាយរីករាយនៅពេលដែលឃើញកសិករនៅតាមតំបន់គោលដៅនៃគម្រោង បានខិតខំដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ពីព្រោះយើងចង់លើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតាមជនបទគាត់មានបន្លែសុវត្ថិភាពទទួលទានរាល់ថ្ងៃ ពេលនោះហើយគាត់ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងចែករំលែកបន្លែទាំងនោះទៅកាន់អ្នកភូមិរបស់គាត់ 

 

គួរបញ្ជាក់ថា តាមរយៈការអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រអង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា បានផ្តល់ជីសរីរាង្គទម្ងន់ ៥០គីឡូក្រាមក្នុងមួយគ្រួសារដល់គ្រួសារសរុបចំនួន ៤១២១គ្រួសារ និងបានសាកល្បងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន១០ និងបានបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន ៣០០នាក់ លើប្រធានបទស្តីពីរបបអាហារសុខភាពសម្រាប់ស្រ្តីក្នុងវ័យបន្តពូជ និងអាហារចម្រុះមុខសម្រាប់កុមារអាយុក្រោម ២៤ខែ នៅក្នុងខេត្តគោលដៅទាំងបីខាងលើ ។ ទន្ទឹមគ្នានេះ អង្គការហេឡែនខេលល័រ អន្តរជាតិកម្ពុជា នឹងបន្តស្វែងរកប្រភពធនធានបន្ថែមទៀតពីម្ចាស់ជំនួយនានា ដើម្បីគាំទ្រសកម្មភាពលើកកម្ពស់ការដាំដុះបន្លែសុវត្ថិភាព និងអាហារូបត្ថម្ភប្រជាជនកម្ពុជានៅដំណាក់កាលទី២ បន្តទៀត ។ 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង