ឯកឧត្តម ឯក សុនចាន់ ឥស្សរជនឆ្នើមផ្តល់បាឋកថាគន្លឹះពីឧត្តមភាពវិស័យទឹកស្អាតកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 304
1

ភ្នំពេញ - ឯកឧត្តម ឯក សុនចាន់ ជាឥស្សរជនឆ្នើមក្នុងការងារលើកម្ពស់វិស័យទឹកស្អាតនៅកម្ពុជា បានផ្តល់បាឋកថាមួយដ៏ទាក់ទាញអំពីការខិតខំប្រឹងប្រែងនានា និងវេទនារម្មណ៍ផ្ទាល់ខ្លួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួនប្រមាណ ៣០០នាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីរបៀបធ្វើការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាតរបស់កម្ពុជា ដែលនាំឱ្យពិភពលោកទទួលស្គាល់ពីគុណភាពទឹកស្អាតកម្ពុជា ។

បាឋកថាពិសេសនេះ ឯកឧត្តម ឯក សុនចាន់ បានចែករំលែកអំពីដំណើរនិងរបត់សំខាន់ៗរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានហែលឆ្លងបញ្ហាជាច្រើន ដោយកិច្ចការខ្លះគួរឱ្យតក់ស្លុត ព្រមទាំងបង្កើតបានសមិទ្ធផលគួរជាទីមោទនៈ ។ ឯកឧត្តមបានរំលឹកពីប្រវត្តិដ៏ច្របូកច្របល់ រួមមានការលេចធ្លាយទឹក បុគ្គលិកមិនមានទឹកចិត្តធ្វើការ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញចែកចាយទឹកខ្វះខាត និងមានសភាពទ្រុឌទ្រោមខ្លាំង ។ ចេញពីអតីតកាលដ៏លំបាកដែលញាំញីដោយភាពអប្រសិទ្ធភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរើបម្រាសខ្លួនទៅរកឧត្តមភាពក្នុងវិស័យទឹកស្អាត និងបានទទួលស្គាល់នៅទូទាំងពិភពលោក ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ឯក សុនចាន់ បានបង្ហាញពីរបៀបធ្វើការដ៏ប៉ិនប្រសប់និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីភ្នាក់ងារអភិវឌ្ឍន៍នានា និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការកែទម្រង់ស្ថាប័នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបង្ហាញពីយុទ្ធសាស្ត្រការងារនានាដើម្បីសម្រេចបាននូវការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ ។ តាមរយៈភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពដែលបានចែករំលែក មានតម្លៃដ៏វិសេសសម្រាប់ភាគីពាក់ព័ន្ធក្នុងការជំរុញលទ្ធភាពទទួលបាន និងនិរន្តរភាពវិស័យទឹកស្អាត ។

គួររំលឹកថា ឯកឧត្តម ឯក សុនចាន់ បច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ ឯកឧត្តមបានផ្តើមការងារចេញពីអាជីពជាគ្រូបង្រៀនរូបវិទ្យា រហូតជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ 

សមិទ្ធផលការងារសំខាន់របស់ឯកឧត្តម ឯក សុនចាន់ បាននាំពានរង្វាន់ជាច្រើន រួមមាន ពានរង្វាន់អ្នកគ្រប់គ្រងល្អប្រចាំឆ្នាំ២០០២ និងឆ្នាំ២០០៤ពានរង្វាន់ទឹកស្អាតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០០៤ ដែលបង្កើនកិត្តិនាមរបស់ឯកឧត្តមក្លាយជា អ្នកដឹកនាំជំនាញក្នុងវិស័យទឹកស្អាត ។ ឯកឧត្តម ឯក សុន ចាន់ បាន ទទួលគ្រឿង ឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon សម្រាប់និទាឃរដូវឆ្នាំ២០២០ ពីរដ្ឋាភិបាលប្រទេសជប៉ុន ដែលការចូលរួមចំណែករបស់ឯកឧត្តមបានលើកការកម្ពស់ចំណងមិត្តភាពរវាងជប៉ុន និង កម្ពុជាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតទីក្រុង និងទីប្រជុំជន ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង