ចំណេះដឹងចិញ្ចឹមទារក និងកុមារសំខាន់សម្រាប់ម្តាយ និងបុគ្គលិកនៅកន្លែងធ្វើការ
ភ្នំពេញ - តាមរយៈបទពិសោធន៍អនុវត្តគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ បានបង្ហាញថា ការអប់រំដល់បុគ្គលិក និងកម្មករកម្មការិនីអំពីចំណេះដឹងអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងរបៀបចិញ្ចឹមទារក និងកុមារ សំខាន់បំផុតសម្រាប់ម្តាយគ្រប់រូប ព្រមទាំងបុគ្គលិកនៅកន្លែងធ្វើការ ។ ការអប់រំចំណេះដឹងចិញ្ចឹមទារក និងកុមារ បានជួយឱ្យម្តាយមានចំណេះដឹងចិញ្ចឹមកូនគ្រប់គ្រាន់ ហើយអាចជួយកូនឱ្យមានសុខភាពល្អ ។ នេះបើតាមប្រសាសន៍របស់លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា ។
លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កន្លងទៅអង្គការ Helen Keller និងដៃគូបានអនុវត្តគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ ។ គម្រោងបានផ្តល់ចំណេះដឹងអប់រំសុខភាពមាតា និងទារកជាច្រើនដល់ស្ត្រីជាម្តាយនៅតាមគោលដៅគម្រោង ហើយស្រ្តីអាចចែករំលែកចំណេះដឹងទាំងនោះទៅកាន់សមាជិកគ្រួសាររបស់ពួកគេ ។
លោក ហ៊ូ ក្រើន បានរៀបរាប់ថា ចំណេះដឹងចិញ្ចឹមទារក និងកុមារដែលបានផ្តល់ជូនអ្នកម្តាយ រួមមាន ចំណេះដឹងអាហារូបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល, ការបំបៅកូនដោយទឹកដោះម្ដាយ, ការផ្ដល់អាហារបន្ថែមដល់កុមារ, ការប្រឹក្សាលើរបបអាហារ, សារ:សំខាន់អនាម័យ, អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ ដើម្បីសុខភាពនិងថាមពលមាំមួន, និងការអប់រំស្តីពីរបៀបចិញ្ចឹមទារកនិងកុមារតូចកំឡុងពេលធ្វើការងារជាដើម ។
“ការអប់រំស្តីពីរបៀបចិញ្ចឹមទារកនិងកុមារតូចកំឡុងពេលធ្វើការងារ ធ្វើឡើងដើម្បីឱ្យកូនៗមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពការងារខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។” ប្រសាសន៍លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា ។
សូមជម្រាបថា គោលបំណងគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ គឺដើម្បី (១) បង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្ត្រីអាចបន្តបំបៅដោះកូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ, (២) ផ្ដល់លទ្ធភាពដល់ស្ត្រីមានកន្លែងច្របាច់ឬបូមទឹកដោះរក្សាទុកដើម្បីបំបៅកូន, (៣) មានបន្ទប់និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ, និង (៤) បង្កើនការអនុវត្តន៍ល្អៗនៅកន្លែង។
គួរបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន កន្លងទៅក្រុមការងារអង្គការ Helen Keller សហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗដល់និយោជិត និយោជក កម្មករ កម្មការនីទាំងអស់លើចំណេះដឹងអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ។ អង្គការ Helen Keller ជឿជាក់ថា គម្រោងនេះនឹងចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់៨៥% នៅឆ្នាំ២០៣០ ៕