កំពង់ចាមក្លាយជាខេត្តទី៨ នៅកម្ពុជាបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 116
1

កំពង់ចាម ៖ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកំពង់ចាមបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឬខេត្ត ODF ទី៨ នៅកម្ពុជា បានប្រារព្ធឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ ក្រោមវត្តមានអ្នកចូលរួមអបអរសាទរជាង ២ពាន់នាក់ ។ កំពង់ចាមជាខេត្តដែលមានទីតាំងភូមិសាស្ត្រប្រឈមស្មុកស្មាញក្នុងការងារលើកកម្ពស់អនាម័យ បានក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងដូចការរំពឹងទុករបស់រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ។ 

 

 

កម្មវិធីដ៏អស្ចារ្យ និងជាទីមោទនៈសម្រាប់ប្រជាជនខេត្តកំពង់ចាមនេះ បានប្រព្រឹត្តទៅនៅសួនស្មៅខាងមុខអគាររដ្ឋបាលសាលាខេត្ត ។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍អមអរសាទរកិច្ចការជោគជ័យក្នុងការអនុវត្តអនាម័យរបស់ខេត្ត ព្រមទាំងចាត់ទុកកិច្ចការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ បានចូលរួមជួយឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកផឹកទឹកមានសុវត្ថិភាព ហើយងាកមកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅមានភាពស៊ីវិល័យ ។

 

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បញ្ជាក់ថា ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យុទ្ធសាស្ត្ររបស់ខ្លួន គឺលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់គោលដៅលើកកម្ពស់អនាម័យ និងទឹកស្អាននៅជនបទឱ្យសម្រេចបានអាត្រាគ្របដណ្តប់ ១០០% ក្នុងឆ្នាំ២០៣០ ខាងមុខ ។

 

សូមជម្រាបថា ខេត្តកំពង់ចាមជាខេត្តទី៨ នៅកម្ពុជាដែលបានក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដោយកន្លងមកមានខេត្តចំនួន៧ រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងខេត្តព្រះសីហនុ ។ ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានន័យថា ខេត្តដែលមានប្រជាជនប្រើប្រាស់បង្គន់អនាម័យគ្រប់ខ្នងផ្ទះ ឬមានគ្រួសារមួយចំនួនតូចប្រើប្រាស់បង្គន់រួមគ្នា ព្រមទាំងមានទម្លាប់អនុវត្តអនាម័យល្អប្រសើរនៅតាមភូមិឃុំនីមួយៗ ។ នៅក្នុងពិធីខាងលើឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ថានភាពក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសរុបចំនួន ១០ក្រុង-ស្រុក, ១០៩ឃុំ-សង្កាត់, ៩៤៦ភូមិស្មើនឹង ១០០% នៃកិច្ចការ ODF ដែលបានគ្រោងទុក ៕

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង