កំពង់ឆ្នាំងគ្រោងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង នៅត្រឹមមីនា ២០២៣

ថ្ងៃអាទិត្យ ទី១៥ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 389
1

កំពង់ឆ្នាំង - រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ចេញផែនការសម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្ននៅទូទាំងខេត្តការងារនេះ សម្រេចលទ្ធផលបានប្រមាណ ៩៥ ភាគរយហើយ ។

 

ជុំវិញកិច្ចការនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតម្រូវឱ្យខេត្តបញ្ចប់បញ្ហាការបន្ទោបង់ពាស់វាលពាសកាលបានទាំងស្រុងនៅក្នុងឆ្នាំ២០២៣ ទើបថ្មីៗនេះ រដ្ឋបាលខេត្តនិងភាគីពាក់ព័ន្ធបានដាក់ចេញយុទ្ធសាស្ត្រ និងវិធីសាស្ត្រមួយចំនួន ដើម្បីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងមូលដ្ឋាន ។ រដ្ឋបាលខេត្តកំពុងជំរុញឱ្យប្រជាពលរដ្ឋក្នុងភូមិឃុំទាំងអស់រួមគ្នាបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ដើម្បីឱ្យខេត្តស្រុកទទួលបានការប្រកាសទទួលស្គាល់ជាផ្លូវការថា ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

 

 

ឯកឧត្តមបានបន្តថា ខេត្តកំពង់ឆ្នាំងទាំងមូលមានប្រាំបីក្រុងស្រុក (ក្រុងមួយនិងស្រុកចំនួនប្រាំពីរ) ហើយបច្ចុប្បន្ននៅសល់តែពីរស្រុកប៉ុណ្ណោះ នៅមិនទាន់សម្រេចបានកិច្ចការងារអនាម័យនៅឡើយ គឺស្រុកជុំគីរី និងស្រុកកំពង់លែង ។ ស្រុកទាំងពីរទើបសម្រេចលទ្ធផល បានជាង ៧០ភាគរយប៉ុណ្ណោះ បើធៀបនឹងស្រុកដទៃដែលសម្រេចបាន ១០០ភាគរយ។

 

ទន្ទឹមគ្នានេះ ឯកឧត្តមបានបញ្ជាក់ដូច្នេះថា ៖ "ស្រុកជុំគីរី និងស្រុកកំពង់លែង ទីតាំងគាត់គឺស្ថិតមិនអំណោយផល ព្រោះពួកគេនៅផ្ទះទឹក ហើយតំបន់នោះជាទូទៅ៦ខែលិចទឹក និង៦ខែគោក ចឹងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះមិនអាចធ្វើបង្គន់ដូចភូមិសាស្រ្តស្រុកដទៃនោះទេ ហើយពីមុននៅតំបន់នោះ ភាគច្រើនគាត់បន្ទោបង់ចូលទឹក តែមកបច្ចុប្បន្ននេះយើងកំពុងឱ្យគាត់សាងសង់បង្គន់នៅលើគោក ហើយបង្រៀនពួកគាត់ឱ្យមកបន្ទោបង់នៅក្នុងបង្គន់នៅលើគោកវិញ"

 

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា គោលបំណងដែលរដ្ឋបាលខេត្តខិតខំជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ ។ ហេតុនេះ ដើម្បីឈានទៅសម្រេច ផែនការបញ្ឈប់ ការ បន្ទោបង់ ពាសវាល ពាសកាល បានទាំងស្រុងនៅត្រឹមខែមិនា ឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្ត នឹងអាជ្ញាធរពាក់ព័ន្ធ បានរួមគា្នតាមដាន ពិនិត្យ និងធ្វើរបាយការណ៍ពីសកម្មភាពរាល់ថ្ងៃពីបញ្ហាអនាម័យ និងការសាងសង់បង្គន់តាមបណ្តារភូមិ ឃុំ ស្រុក ពិសេសនៅតាមខ្នង់ផ្ទះរបស់ពលរដ្ឋផ្ទាល់។

 

 

ពាក់ព័ន្ធផែនការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានជំរុញឱ្យក្រុងកំពង់ឆ្នាំង បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបានទាំងស្រុងកាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ។ 

 

ឯកឧត្តមថា ទាំងនេះជាមោទនភាពចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅក្នុងវិស័យអភិវឌ្ឍន៍ជនបទជាពិសេស នៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្តនីមួយៗ ដែលឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណៈវិនិច្ឆ័យ ច្បាស់លាស់ ម៉ត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ជាផ្លូវការជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដែលបានសម្រេចការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅពេលនេះ។

 

ជាងនេះទៀត ឯកឧត្តម អ៊ុក រ៉ាប៊ុន បានឱ្យដឹងដែរថា ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងគ្រោងនឹងយកខេត្តរបស់កម្ពុជាចំនួន ៥ខេត្ត ដើម្បីជំរុញជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងនោះរួមមាន៖ ១. ខេត្តស្វាយរៀង ២. ខេត្តកំពង់ស្ពឺ ៣. ខេត្តព្រៃវែង ៤. ខេត្តកំពង់ឆ្នាំង ៥. ខេត្តកែប។

 

លើសពីនេះ ឯកឧត្តមថា បច្ចុប្បន្ននៅឆ្នាំ២០២២ នេះ ខេត្តដែលសម្រេចបានការ បញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) ហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការរួចមានចំនួន ២ខេត្ត ក្នុងនោះរួមមាន៖ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ដោយឡែកខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបាន ODF នៅក្នុង ឆ្នាំ២០២២ ហើយខេត្តកណ្តាល ជា ខេត្ត ពិសេសជាងគេ ពីព្រោះថាខេត្តនេះ មិនស្ថិតនៅក្នុងផែនការដែលត្រូវជំរុញឱ្យបាន ODF នៅក្នុងឆ្នាំ២០២៣ នោះ ទេ ប៉ុន្តែជាក់ស្តែងខេត្តកណ្តាលធ្វើបាននេះជាភាពខ្លាំងរបស់ខេត្តកណ្តាលផងដែរ។

 

យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ប្រមាណ ៨២,៨៣% នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទីប្រជុំជន ៩០.៤១% និងជនបទ ៧៨.៣១%

 

ចំពោះគ្រួសារកម្ពុជាដែលមិនមានបង្គន់អនាម័យប្រើមាន ១៧.១៧% ក្នុងនោះទីប្រជុំជនមាន ៩.៥៩% និងជនបទ ២១.៦៩% បានន័យថា គ្រួសារកម្ពុជាឆ្នាំ២០១៩ មានបង្គន់អនាម័យប្រើប្រាស់០៩គ្រួសារ ក្នុងចំណោម១០គ្រួសារនៅទីប្រជុំជន និង ៨គ្រួសារនៅជនបទ ។ ក្នុងនោះប្រមាណ ៤៩,% នៃគ្រួសារមានបង្គន់អនាម័យនៅទីប្រជុំជនប្រើប្រាស់ បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹកតភ្ជាប់ទៅប្រព័ន្ធលូ ចំណែកឯនៅជនបទមានត្រឹមតែ ២៤,% ៕

 

អត្ថបទ ៖ សែម ពិសី

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង