បុគ្គលិកពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពផ្តល់សេវា និងព្យាបាលជំងឺ
ស្វាយរៀង - នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលសុខភាពបាសាក់ថ្មី” ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង មានប្រសាសន៍ថា បុគ្គលិកពេទ្យដែលកំពុងប្រតិបត្ដិការផ្ដល់សេវាសង្គ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាជន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងតម្ដល់ទឹកចិត្ដអាណិតស្រឡាញ់អ្នកជំងឺដែលមកសេវាកម្មនៅមន្ទីរពេទ្យ ។ បុគ្គលិកសុខាភិបាលដែលបម្រើសេវាកម្មបានល្អ នឹងជួយរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាព និងគុណភាពនៃការព្យាបាលឱ្យកាន់តែប្រសើរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ៖ “មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។”
ទន្ទឹមគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនវិស័យសុខាភិបាលខេត្តស្វាយរៀង ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា វត្តមាន “មណ្ឌលសុខភាពបាសាក់ថ្មី” គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិបាល ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ។
សូមជម្រាបថា “មណ្ឌលសុខភាពបាសាក់ថ្មី” ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ មណ្ឌលសុខភាពនេះ មានទំហំ ១៦ម៉ែត្រ x ៩.៥ម៉ែត្រ ក្រាលសាបបេតុង ធ្វើរបង សួនច្បារ ដងទង់ជាតិ បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាពេទ្យ ដែលចំណាយថវិកាសាងសង់សរុបអស់ជិត ៩ម៉ឺនដុល្លារអាម៉េរិក ៕