ក្រសួងបរិស្ថានផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត សម្អាតទន្លេសាបមិនឱ្យមានវត្តមានប្លាស្ទិក

ថ្ងៃអង្គារ៍ ទី២០ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 341
1

ភ្នំពេញ  -  ក្រសួងបរិស្ថានមានគោលដៅប្រមូលកាកសំណល់សំរាម និងប្លាស្ទិកចេញពីទឹកទន្លេសាប ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំនេះតទៅ ដើម្បីសម្អាតសោភ័ណភាពទន្លេ និងទប់ស្កាត់មិនឱ្យសំណល់ប្លាស្ទិកហូរចូលទឹកទន្លេសាបបន្តទៀត ។ នេះជាយុទ្ធនាការផ្ទៃទឹកស្អាតដោយចាប់ផ្តើមពីការសម្អាតទន្លេសាប និងជាអាទិភាពទី១ របស់ក្រសួងបរិស្ថាន ដែលបានលើកឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ខណៈឯកឧត្តមបានដឹកនាំក្រុមការងារក្រសួងចុះពិនិត្យសកម្មភាពប្រមូលសំរាមនៅតាមដងទន្លេសាបរបស់ក្រុមហ៊ុន Everwave ស្ថិតនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការបំពុលដោយសំរាម និងថង់ប្លាស្ទិកនៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលសំរាមពុកផុយក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចដល់សុខភាពមនុស្សធ្ងន់ធ្ងរ ។ ត្រីជាប្រភពប្រូតេអ៊ីនសំខាន់សម្រាប់ប្រជាជនកម្ពុជា ដែលធនធានមច្ឆាជាតិនេះអាចចិញ្ចឹមជីវិតប្រជាជនបានប្រមាណ ៧លាននាក់ ។ ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ ។

សូមជម្រាបថា ជំហានទី១ នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធព្រែក អូរ ស្ទឹង ដែលភ្ជាប់នឹងទន្លេសាប និងសកម្មភាពរៀបចំរបាំងតាមប្រព័ន្ធបង្ហូរទាំងនោះ ដើម្បីទប់ស្កាត់មិនឱ្យប្លាស្ទិកហូរចូលទន្លេសាប ។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានបន្តសហការជាមួយដៃគូសំអាតទន្លេសាប ដោយប្រើម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹកផ្ទាល់តែម្តង ។ ការជួយសំអាតសុខភាពទន្លេសាបនាពេលនេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាពសាធារ​ណៈ ធនធានជីវចម្រុះក្នុងទន្លេ បម្រើប្រយោជន៍វិស័យទេសចរណ៍ ព្រមទាំងជួយដល់បរិស្ថាន ៕ 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង