ក្រសួងកិច្ចការនារីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន
ភ្នំពេញ - ក្រសួងកិច្ចការនារីបានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “បន្ទប់បំបៅដោះកូន” នៅទីស្តីការក្រសួងនារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។ ការបង្កើតបន្ទប់បំបៅដោះកូននៅក្នុងក្រសួងដោយផ្ទាល់មានគោលបំណងជួយសម្រួលបន្ទុកដល់មន្ត្រីរាជការនិងបុគ្គលិកជាស្រ្តីដែលមានកូនតូច ឱ្យមានកន្លែងសមរម្យបន្តបំបៅដោះកូនដោយអារម្មណ៍ស្រស់ស្រាយ និងទទួលបានភាពកក់ក្តៅនៅពេលដែលពួកគាត់ត្រឡប់មកបំពេញការងារវិញក្រោយពីសម្រាកមាតុភាព ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ និងដើម្បីធ្វើឱ្យមានភាពប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភសម្រាប់ស្រ្តី និងកុមារ ។ ការគាំទ្រសកម្មភាពនេះ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកអាយុពីសូន្យ ដល់ប្រាំមួយខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ។
ទន្ទឹមគ្នានេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិល ប្រសិនបើអាចធ្វើទៅបាន គួរបង្កើតបន្ទប់មួយដោយឡែកនៅក្នុងកន្លែងបំពេញការងាររបស់ខ្លួន ហើយត្រូវបំពាក់សម្ភារៈបរិក្ខារផ្សេងៗ សម្រាប់មន្ត្រី និងបុគ្គលិករបស់ខ្លួនដែលជាស្រ្តីដែលមានកូនតូចអង្គុយបំបៅទារកដោយទឹកដោះរហូតដល់ប្រាំមួយខែ ឬរហូតដល់ពីរឆ្នាំបាន ។
សូមជម្រាបថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “បន្ទប់បំបៅដោះកូន” នៅទីស្តីការក្រសួងកិច្ចការនារីមានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី តំណាងក្រសួង-ស្ថាប័ននានាចំនួន ២៧ និងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សរុបចំនួន ២០៧ នាក់ ដោយក្នុងនោះមានស្រ្តី ១៨០នាក់ ។ ការបង្កើតបន្ទប់បំបៅដោះកូននេះ ក្រសួងកិច្ចការនារីបានសហការជាមួយអង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា និងគម្រោង MUSEFO នៃអង្គការ GIZ ៕