កញ្ញា ប្រាក់ ស្រីនិច ៖ ជួយកុមារកង្វះអាហារូបត្ថម្ភឱ្យមានសុខភាពល្អ ប្រៀបដូចផ្តល់ក្តីស្រឡាញ់ដ៏ធំធេងចំពោះកុមារ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 63
1

កំពង់ឆ្នាំង - ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហួសទីរួមខេត្តកំពង់ឆ្នាំងប្រមាណជាង ២៧គីឡូម៉ែត្រ នៅជាប់ផ្លូវជាតិខាងឆ្វេងដៃ នោះនឹងឃើញមណ្ឌលសុខភាពមួយឈ្មោះថាមណ្ឌលសុខាភាពផ្សារ។ ប៉ុស្តិ៍សុខភាពសហគមន៍នេះ កំពុងបើកទ្វារទទួលពិគ្រោះ និងព្យាបាលសុខភាពទូទៅជូនប្រជាពលរដ្ឋមកពីគ្រប់ភូមិក្នុងឃុំផ្សារទាំងមូល ។ មណ្ឌលសុខាភាពផ្សារ ស្ថិតនៅឃុំផ្សារ ស្រុកបរិបូរណ៍ មានផ្តល់សេវាព្យាបាលកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរផងដែរ ដែលការព្យាបាលកុមារនៅទីនេះ មិនមានគិតកម្រៃឡើយ ហើយពេលនេះមណ្ឌលសុខភាពមានបំណងចង់ឱ្យអ្នកភូមិយកកូនមកពិនិត្យសុខភាព វាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃ ដើម្បីរកមើលកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ ។ 

 

កញ្ញា ប្រាក់ ស្រីនិច ជាបុគ្គលិកមណ្ឌលសុខភាពផ្សារ បាននិយាយថា មណ្ឌលសុខភាពឃុំផ្សារបានក្លាយជាទីតាំងផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋក្នុងឃុំ ។ ទន្ទឹមគ្នានេះ មណ្ឌលសុខភាពកំពុងអនុវត្តគម្រោងមួយគាំទ្រដល់ការសង្គ្រោះកុមារកង្វះអាហារូបត្ថម្ភនៅតាមសហគមន៍ ដែលបានគាំទ្រដោយអង្គការ Helen Keller អន្តរជាតិកម្ពុជា និងការិយាល័យសុខភាពស្រុកប្រតិបត្តិ ។ 

 

 

គម្រោងនោះមានឈ្មោះថា គម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួច ស្រាល់ មធ្យម និងធ្ងន់ធ្ងរ ឬហៅកាត់ជាភាសាអង់គ្លេសថា SAM & MAM  ។ គម្រោងបានផ្តល់អាហារព្យាបាលដល់កុមារ Nutrix  និង REMAQS មានបញ្ហាកង្វះអាហារូបត្ថម្ភ ។ ផលិតផល Nutrix ប្រើដើម្បីជួយព្យាបាលដល់កុមារដែលមានស្ថានភាពកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ហើយ REMAQS ជាអាហារព្យាបាលជួយដល់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម ។

 

កញ្ញា ប្រាក់ ស្រីនិច បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា បន្ទាប់ពីបានអនុវត្តការងារពិនិត្យសុខភាព ដោយវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃកុមារ កុមារក្នុងភូមិជាច្រើនបានទទួលការព្យាបាលសុខភាពតាមរយៈអាហារព្យាបាលដល់កុមារ Nutrix  និង REMAQS ។ កញ្ញាបានឱ្យដឹងថា កុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ អាចព្យាបាលជាសះស្បើយ ។ កុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់ផ្តើមមានសុខភាពល្អឡើងវិញ ហើយនេះជាការជួយសង្គ្រោះស្ថានភាពគ្រោះថ្នាក់សុខភាពកុមារ ព្រមទាំងផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កុមារ ។ 

 

 

កញ្ញា ប្រាក់ ស្រីនិច បុគ្គលិកមណ្ឌលសុខភាពផ្សារ បានបញ្ជាក់ថា ៖ក្មេងៗនៅក្នុងភូមិពេលដែលខ្ញុំ និងក្រុមការងារចុះទៅទាន់ពេល ក្មេងក៏បានទទួលការព្យាបាលបានច្រើន ! ក្មេងដែលខ្វះអាហារូបត្ថម្ភខ្លាំងនឹងមានគ្រោះថ្នាក់ដល់សុខភាព និងការលូតលាស់របស់គេទៅថ្ងៃអនាគត ហើយនៅពេលដែលកុមារទទួលបានការព្យាបាលជាសះស្បើយ ម្តាយឪពុកក៏សប្បាយចិត្ត គ្រូពេទ្យក៏សប្បាយចិត្ត ! នេះជាក្តីស្រឡាញ់មួយដែលយើងធ្វើដើម្បីកុមារយើង 

 

ស្របពេលមណ្ឌលសុខភាពផ្សារអនុវត្តគម្រោងគាំទ្រព្យាបាល និងថែទាំសុខភាពកុមារខាងលើនេះ ចាប់តាំងពីខែមេសា ដល់ចុងឆ្នាំ២០២៣ មណ្ឌលសុខភាពផ្សារបានចែកអាហារព្យាបាល Nutrix  និង REMAQS ដល់កុមារ និងព្យាបាលកុមារប្រមាណជាង ៤៩រូបបានជាសះស្បើយ ។ នៅក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២៤ អាណាព្យាបាលបាននាំកុមារមកពិនិត្យសុខភាពដោយវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃ ចំនួនជាង ២៥០នាក់ ។ 

 

កញ្ញា ប្រាក់ ស្រីនិច បានបន្ថែមថា ការអនុវត្តគម្រោងគាំទ្រព្យាបាល និងថែទាំសុខភាពកុមារមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ មធ្យម និងធ្ងន់ធ្ងរ បានជួយឱ្យគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តមណ្ឌលសុខភាពមានឱកាសចុះស្វែងរកកុមារមានបញ្ហាសុខភាពតាមខ្នងផ្ទះ និងផ្តល់ការព្យាបាលទាន់ពេលវេលា ។ 

 

សូមជម្រាបថា  អង្គការ Helen Keller អន្តរជាតិកម្ពុជា បានផ្តល់អាហារព្យាបាលជាង ៦ម៉ឺនកញ្ចប់ ជួយព្យាបាលដល់កុមារអាយុក្រោម ៥ឆ្នាំ ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួច ស្រាល់ មធ្យម និងធ្ងន់ធ្ងរ នៅខេត្តគោលដៅចំនួន ៣ រួមមាន ខេត្តគោលដៅចំនួនបី រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តសៀមរាម ។ គម្រោងនឹងបន្តបេសកកម្មពង្រឹងវិសាលភាពការងារនៅខេត្តចំនួនបីបន្ថែមទៀត រួមមាន ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដែលរំពឹងថា កុមារប្រមាណជាង ១០ម៉ឺននាក់នឹងបានចូលរួមវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃ ព្រមទាំងទទួលបានការព្យាបាលសុខភាព ៕

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង