គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ MMS អាចនឹងប្រើប្រាស់ជំនួសវត្តមានគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក

ថ្ងៃសុក្រ ទី០៥ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 446
1

ភ្នំពេញ - ការពង្រឹកលទ្ធភាពផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ អាចជួយឱ្យសុខភាពស្រ្តីបានល្អប្រសើរ ហើយទារកនិងកុមារមានសុខភាពល្អ ។ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ឬហៅកាត់ថា MMS (Multiple Micronutrient Supplement for Pregnant Women) មានអត្ថប្រយោជន៍ច្រើនជាអតិបរិមា បើប្រៀបធៀបនឹងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនឹងអាចជំនួសគ្រាប់ថ្នាំជាតិដែក/អាស៊ីតហ្វូលិក (IFA) ការលើកឡើងរបស់អ្នកជំនាញសុខភាពសាធារណៈនៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ រៀបចំដោយអង្គការហេឡែន ខេល័រ អន្តរជាតិកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ ។   

 

 

ទន្ទឹមគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា បានលើកឡើងអត្ថប្រយោជន៍គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ (MMS) បីចំណុចសំខាន់ៗ រួមមាន ទី១. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះមានវីតាមីន និងជាតិរ៉ែ ១៥មុខ ដែលស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃត្រូវការចាំបាច់ រីឯគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកវិញមានតែជាតិដែក និងអាស៊ីតហ្វូលិកតែប៉ុណ្ណោះ ។ 

 

រីឯទី២. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាទារកកើតមកមិនគ្រប់ទម្ងន់បានចំនួន១៣% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។ សម្រាប់ម្តាយដែលមានបញ្ហាស្លេកស្លាំងវិញ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាទារកកើតមកមិនគ្រប់ទម្ងន់បានចំនួន ១៩% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។ សម្រាប់ម្តាយដែលមាន BMI ទាបវិញ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាកូនកើតមុនអាយុ បានចំនួន ១៦% ច្រើនជាងគ្រាប់ថ្នាំជាតិដែក/អាស៊ីតហ្វូលិក (IFA ។  

 

ចំណែកទី៣គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាស្លាប់ក្នុងចំណោមកុមារអាយុ៦ខែដែលម្តាយមានបញ្ហាកង្វះអាហារូបត្ថម្ភបានរហូតដល់២៩%ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលីក។ ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនអនេកនេះ ទើបអង្គការសុខភាពពិភពលោកបានបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ ទៅក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួននៅឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យប្រទេសនានាអាចបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនដែរ។  

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី មានប្រសាសន៍បញ្ជាក់ថា ការសិក្សាររបស់សុខាភិបាលជាមួយស្ត្រីមានផ្ទៃពោះជាង ១ពាន់ប្រាំរយនាក់នៅខេត្តកំពង់ធំ បានបង្ហាញថា ការលេបថ្នាំមីក្រូសារជាតិចម្រុះចំនួន ១៨០គ្រាប់មានអត្រារហូតដល់ ៩៥% គឺខ្ពស់ជាងការលេបថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួនត្រឹមតែ ៩០គ្រាប់ ដែលមានអត្រា ៩១% ។​ ក្រសួងសុ​ខា​ភិបាល និងគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា កំពុងបង្ហាញវត្តមានភស្តុតាងរឹងមាំ ដើម្បីរៀបចំផែនការណ៍សកម្មភាពជំហានបន្ទាប់ក្នុងដំណើរការផ្លាស់ប្តូរពីការប្រើប្រាស់គ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក មកការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះវិញនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ។ 

 

សូមជម្រាបថា ស្រ្តីកម្ពុជាត្រូវការមីក្រូសារជាតិមួយចំនួនផ្សេងទៀត ដូចជា ជាតិស័ង្កសី ជាតិហ្វូលេត ជាតិអ៊ីយ៉ូត ជីវជាតិ D ជីវជាតិ B1 ជាដើមក្រៅពីជាតិដែក ។  បច្ចុប្បន្នបញ្ហាកង្វះជាតិដែកសម្រាប់ស្រ្តីដែលមានផ្ទៃពោះ និងស្រ្តីក្រោយសម្រាល មិនមែនជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរទៀតឡើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមថ្មីៗ នោះគឺកង្វះមីក្រូសារជាតិមួយចំនួនដែលស្ត្រីត្រូវការចាំបាច់ ។

 

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ រៀបចំដោយអង្គការហេឡែន ខេល័រ អន្តរជាតិកម្ពុជា បានបង្ហាញភស្តុតាងជាច្រើនពីអ្នកជំនាញមកពីប្រទេសសេរ៉ាលីអូន ហ្វីលីពីន និងឥណ្ឌូនេស៊ី ឈរលើការផ្លាស់ប្តូរពីបទពិសោធន៍ប្រើប្រាស់គ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលីក មកការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះក្នុងប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងនោះ ។

 

គួរបញ្ជាក់បន្ថែមដែរថា អ្នកជំនាញសុខភាពសាធារណៈពីប្រទេសសេរ៉ាលីអូន ហ្វីលីពីន និងឥណ្ឌូនេស៊ី ក៏បានបង្ហាញការរៀបចំឯកសារគោលការណ៍ការណែនាំស្តីពីការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ, ការរៀបចំឯកសារបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលស្តីពីការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ, ការបង្កើតសារគន្លឹះនិងសម្ភារៈអប់រំមានលក្ខណៈសាមញ្ញ និងងាយស្រួលយល់ស្តីពីសារ:សំខាន់នៃគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ, ការធ្វើកំណត់អំពីស្លាកសញ្ញាលើកំប៉ុង ឬកញ្ចប់គ្រាប់ថ្នាំរួមមានឈ្មោះថ្នាំ រូបភាព អក្សរ ពណ៌ និងរចនាប័ទ្មផ្សេងៗ ដោយឆ្លងកាត់ការធ្វើតេស្តជាមួយស្រ្តីមានផ្ទៃពោះផ្ទាល់ និងត្រួតពិនិត្យដោយអ្នកជំនាញសុខាភិបាល ៕

 

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង