មណ្ឌលសុខភាពគំរូផ្តល់ការអប់រំចំណេះដឹងសុខភាពដល់ស្ត្រីមានផ្ទៃពោះជាង ៥ម៉ឺននាក់

ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 566
1

ខេត្តព្រះវិហារ - ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល (MoH) កម្មវិធីជាតិអាហារូបត្ថម្ភ (NNP) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC ) អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) កំពុងពង្រីកការអនុវត្តគម្រោង "មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ" នៅមណ្ឌលសុខភាពក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ ។ គម្រោងរយៈពេលបីឆ្នាំនេះ (២០២៣-២០២៦) នឹងផ្តល់ផលវិជ្ជមានដល់ស្ត្រីមានផ្ទៃពោះចំនួនជាង ៥ ម៉ឺនបួននាក់ ទារកទើបនឹងកើតចំនួនជាង ១ម៉ឺនប្រាំពាន់នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០នាក់ តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យនិងតាមដានសេវាដែលផ្តល់ដោយមណ្ឌលសុខភាពទាំង៣៤ ។

 

 

ការអនុវត្តគម្រោង "មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ" នៅមណ្ឌលសុខភាពនេះ ទទួលបានថវិកាគាំទ្រពី Else Kröner-Fresenius-Stiftung (EKFS) តាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់ និងដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ក្រោយពីការអនុវត្តសាកល្បងដោយជោគជ័យ នៅមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប នៅឆ្នាំ២០២២-២០២៣ ។ ជាមួយគ្នានេះ គម្រោងគាំពារសុខភាពសុខភាពមាតា និងទារក ក៏នឹងប្រមូលផ្តុំ និងបណ្តុះបណ្តាលអ្នកប្រឹក្សាការបំបៅដោះកូននៅកម្រិតសហគមន៍ ដើម្បីផ្តល់ប្រឹក្សាដល់ម្តាយ និងសមាជិកគ្រួសារទាំងអស់អំពីការផ្តល់ទឹកដោះម្តាយដល់ទារកទើបកើត ទារក និងកុមារតូចៗ ។

 

លោកជំទាវវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអង្គការទស្សនៈពិភពលោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយនៅក្នុងប្រទេសកម្ពុជា ។ នៅកម្ពុជាមានតែពាក់កណ្តាលនៃម្តាយទាំងអស់ ដែលបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូង ។ ដូច្នេះវាជារឿងចាំបាច់ក្នុងការបង្កើនចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ។ 

 

លោកជំទាវវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបញ្ជាក់បន្ថែមថា ៖ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអាហារដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើត និងទារក ហើយជួយការពារទារកប្រឆាំងនឹងជំងឺជាច្រើន ។ កុមារដែលធំធាត់ដោយការបំបៅដោយទឹកដោះម្តាយទទួលបានពិន្ទុល្អក្នុងការធ្វើតេស្ដបញ្ញា ហើយពួកគេមិនសូវប្រឈមនឹងជំងឺទឹកនោមផ្អែម ឬជំងឺឆ្លងផ្សេងៗទៀតនៅពេលពួកគេធំឡើងផងដែរ

 

ទនន្ទឹមគ្នានេះ លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបន្តថា ការជួយគាំទ្រនិងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកមណ្ឌលសុខភាពស្តីពីការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ នឹងអាចឱ្យពួកគាត់ផ្តល់ចំណេះដឹង និងការអប់រំដល់ស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលកូន ជាពិសេសម្តាយដែលមានកូនដំបូង ។ លើសពីនេះទៅទៀត ការអប់រំអំពីសារៈសំខាន់និងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ចាប់តាំង ពីម៉ោងដំបូងរហូតដល់អាយុ ៦ខែ ការដាក់ស្បែក ប៉ះ ស្បែកក្រោយសម្រាល ចាំបាច់ត្រូវលើកកម្ពស់ទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ។ 

 

បុគ្គលិកមណ្ឌលសុខភាពក៏បានទទួលជួយណែនាំ និងលើកទឹកចិត្តការបំបៅកូនដោយទឹកដោះម្តាយដែលផ្តោតសំខាន់ទៅលើទំនាក់ទំនង របៀបដាក់ទីតាំងទារក និងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុ ៦ខែ និងបន្តការបំបៅកូនដោយដោះម្តាយរហូតដល់កុមារមានអាយុ ២ឆ្នាំ ដើម្បីបង្កើនសុខុមាលភាពរបស់កុមារ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ។

 

ចំណែកលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ទឹកដោះម្តាយជាឱសថសម្រាប់ការពារទារកពីជំងឺជាច្រើន ដូច្នេះហើយគម្រោងនេះលើកកម្ពស់ចំណេះដឹង ជំនាញ និងអាកប្បកិរិយាសមស្របនៃការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយរបស់បុគ្គលិកមណ្ឌលសុខភាព ស្របតាមគំនិតផ្តួចផ្តើមរបស់គម្រោងមណ្ឌលសុខភាពស្រលាញ់ទារក ។

 

លោកស្រីក្រាណា ពូ សេលវី ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក ក៏បានលើកឡើងដែរថា គ្រឹះស្ថានសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះម្តាយដោយជោគជ័យ ។ បុគ្គលិកមណ្ឌលសុខភាពនឹងទទួលបានវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ និងទទួលបានការលើកទឹកចិត្តដើម្បីធ្វើឱ្យមណ្ឌលសុខភាពរបស់ពួកគេកា្លយជាមន្ទីរពេទ្យស្រលាញ់ទារកហើយនឹងត្រូវបានត្រួតពិនិត្យដោយមន្រ្តីរបស់មន្ទីរសុខាភិបាលខេត្ត ។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងកម្មវិធីជាតិអាហារូបត្ថម្ភ ។

 

គួរបញ្ជាក់ថា អត្រាកង្វះអាហារូបត្ថម្ភក្នុងចំនោមកុមារអាយុក្រោម ៥ឆ្នាំនៅក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ ដោយនៅក្នុងនោះ កុមារ ២២% មានកម្ពស់ទាបធៀបនឹងអាយុ (ក្រេះក្រិន) និង កុមារ១០% មិនមានទម្ងន់គ្រប់គ្រាន់ធៀបនឹងកម្ពស់ (ស្គមស្គាំង)  ការផ្តល់អាហារមិនត្រឹមត្រូវ ទឹកកខ្វក់ កង្វះអនាម័យ ភាពក្រីក្រ និងកង្វះការអប់រំរបស់ម្តាយ គឺជាមូលហេតុចម្បងដែលធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភ ។ 

 

ជាមួយគ្នានេះ បើផ្អែកតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជារបស់វិទ្យាស្ថានជាតិស្តិតិ បានបង្ហាញថា ទោះបីជា ៩៩% នៃការសម្រាលកូនត្រូវបានសម្រាលដោយអ្នកជំនាញក៏ដោយ (៦៨% សម្រាលកូនដោយគិលានុបដ្ឋាយិកា ឬឆ្មប ២% សម្រាលកូនដោយជំនួយការឆ្មប និង ២៩% សម្រាលកូនដោយវេជ្ជបណ្ឌិត) ប៉ុន្តែមានតែ ៥៤% នៃទារកទើបនឹងកើតប៉ុណ្ណោះ ដែលទទួលបានការបំបៅដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីសម្រាល ៕ 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង