សារព័ត៌មាន “មង្គលមេឌា” ឈ្នះជយលាភីឆ្នើមលេខ១ អត្ថបទលើកកម្ពស់សកម្មភាពការចិញ្ចឹមកូនដោយទឹកដោះម្តាយ

ថ្ងៃអាទិត្យ ទី០១ ខែតុលា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 560
1

ភ្នំពេញ - សារព័ត៌មានមង្គលមេឌាបានទទួលបានជយលាភីឆ្នើមលេខ១ អត្ថបទព័ត៌មានលើកកម្ពស់សកម្មភាពការចិញ្ចឹមកូនដោយទឹកដោះម្តាយក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មាន ក្រោមប្រធានបទបង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ។ អត្ថបទជយលាភីលេខ១ ក្នុងចំណោមជ័យលាភីទាំង៥ មានចំណងជើងថាការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាកំពុងធ្វើដំណើរទាំងរប៉ាក់រប៉ើកគ្មានគោលដៅសរសេរដោយលោក ម៉ៅ សំណាង ជាអ្នកសារព័ត៌មាន និងស្ថាបនិកគេហទំព័រព័ត៌មានស្ម័គ្រចិត្តមង្គលមេឌា

 

ការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាកំពុងធ្វើដំណើរទាំងរប៉ាក់រប៉ើកគ្មានគោលដៅបានបង្ហាញពីដំណើរនៃការអនុវត្តការងារលើកម្ពស់ការចិញ្ចឹមទារក និងកុមារដោយទឹកដោះម្តាយនៅកម្ពុជា, បញ្ហាប្រឈមធំៗដែលរារាំងដល់កម្ពស់ការចិញ្ចឹមទារក និងកុមារដោយទឹកដោះម្តាយនៅកម្ពុជា, មូលដ្ឋានសំខាន់នៃការអនុវត្តពេលវេលាលំហែមាតុភាពឱ្យមានប្រសិទ្ធភាពសម្រាប់ការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារដោយទឹកដោះម្តាយ, ព្រមទាំងបង្ហាញពីលទ្ធភាពដែលភាគីពាក់ព័ន្ធអាចរួមគ្នាលើកកម្ពស់ការចិញ្ចឹមទារក និងកុមារដោយទឹកដោះម្តាយឱ្យបានពេញលេញ ។ 

 

 

ដោយមើលឃើញថា ប្រជាជនកម្ពុជា ជាពិសេសប្រជាជនដែលរស់នៅតាមទីជនបទមានការយល់ដឹងអំពីសារៈសំខាន់នៃទឹកស្អាត និងអនាម័យនៅមានកម្រិត ខណៈការផ្សព្វផ្សាយពីបញ្ហានេះនៅមិនទាន់បានទូលំទូលាយនៅឡើយ ប្រព័ន្ធផ្សព្វផ្សាយចម្រុះមង្គលមេឌាបានចាប់បង្កើតឡើងនៅដើមឆ្នាំ២០២២ ។ មង្គលបង្កើតឡើងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា សមាជិកគ្រួសារ និងសង្គមឱ្យមានសុភមង្គល ព្រមទាំងចូលរួមកសាងមូលធនមនុស្សប្រកបដោយថាមពល តាមរយៈការបង្កើនលទ្ធភាពរបស់ប្រជាជនឱ្យទទួលបាននូវព័ត៌មានចាំបាច់ទាក់ទងនឹងទឹកស្អាត និងអនាម័យ អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ បរិស្ថាន និងការប្រែប្រួលអាកាសធាតុប្រកបដោយវិជ្ជាជីវៈ ។

 

មង្គលមេឌាជាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន បង្កើតឡើងតាមរយៈបទពិសោធន៍ការងារទទួលបានពីបណ្ដាញអ្នកសារព័ត៌មានទឹក និងអនាម័យ (WASH Journalists Network) ដែលគាំទ្រព័ត៌មានវិស័យទឹកស្អាត និងអនាម័យ និងឈរលើបុព្វហេតុបម្រើការងារសង្គមដោយស្ម័គ្រចិត្តលើការចងក្រងព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ។

 

 

សូមជម្រាបថា កម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទបង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយបានសហការរៀបចំដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C, យូនីសេហ្វ (UNICEF), អង្គការសុខភាព ពិភពលោក (WHO), គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360, អង្គការហេឡែន ខេលល័រ (Helen Keller Int’l), អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC), និងសម្ព័ន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN-CSA)

 

ប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទ “បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” មានអ្នកសារព័ត៌មានឆ្នើមចំនួន ១៩រូបចូលរួមមកពីចម្រុះស្ថាប័នក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ គោលបំណងកម្មវិធីប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មាន គឺ () បង្ហាញពីឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ, () បង្កើនការយល់ដឹងពីបញ្ហាប្រឈមរបស់ម្តាយក្នុងប្រទេសកម្ពុជាដែលមានបំណងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាលរួច  និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានយូរ, និង () ការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញកិច្ចការងារ ដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង