កាន់តែទំនើប ! មណ្ឌលព័ត៌មានស្ត្រីកម្ពុជាដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ WMC លើកកម្ពស់ព័ត៌មានសង្គម
ភ្នំពេញ - មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានសម្ពោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ( WMC App) ជាសាធារណៈនៅព្រឹកថ្ងៃចន្ទនេះ ដែលជាទម្រង់កម្មវិធីឌីជីលថ្មីទំនើបប្រមូលផ្តុំព័ត៌មានចម្រុះសម្បូរបែប ដូចជា កម្មវិធីវិទ្យុ កម្មវិធីព័ត៌មាន សំឡេងព័ត៌មាន (ផតខាស) និងកម្មវិធីសំណូមពរផ្សេងៗ ។
ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃនាពេលនេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីសំឡេងរបស់ស្ត្រី និងយុវតីឱ្យកាន់តែទូលំទូលាយបន្ថែមលើប្រព័ន្ធផ្សព្វផ្សាយដែលមានស្រាប់ ។ កម្មវិធីទូរស័ព្ទដៃរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អាចទាញយកប្រើប្រាស់បានតាមរយៈ Play Store និង App Store ដោយវាយពាក្យ WMC ឬអាចទាញយកកម្មវិធីតាមរយៈ QR Code ។
សូមជម្រាបថា រយៈពេល ២៩ឆ្នាំកន្លងមកនេះ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានបំពេញបេសកម្មរបស់ខ្លួនរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងសម័យទំនើបនូវកម្មវិធីអប់រំផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល ការផលិតព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន ផលិតវីដេអូ និងសំឡេង និងអត្ថបទជាដើម ៕