លោកស្រី ខាត់ ថាន ៖ ដំណាំទទួលបានទិន្នផលខ្ពស់ អាស្រ័យលើកសិករចេះបច្ចេកទេសដាំដុះ

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 218
1

កំពង់ធំ -  នៅពេលដែលកសិករចង់បណ្តុះកូនដំណាំប្រភេទរុក្ខជាតិវល្លិ៍យកផ្លែ ឬប្រភេទបន្លែស្លឹក គឺបន្ទាប់ពីលាយជីនិងដីរួចរាល់តាមបច្ចេកទេស យើងត្រូវយកគ្រាប់ដំណាំទៅហាលថ្ងៃរយៈពេល ២០នាទីសិន (ដាស់ដំណេក) មុនយកមកបណ្តុះកូន ! ក្រោយមកយើងយកគ្រាប់ដំណាំនោះកប់ចូលក្នុងដីដែលបានលាយជីរួចរាល់ ! យើងដាក់គ្រាប់ដំណាំទទឹងហើយផ្កាប់គ្រាប់ ព្រោះបើកាលណាយើងដាក់គ្រាប់ផ្ងារ នោះឬសវាដុះចាក់មកបះឬសឡើងលើ អញ្ចឹងយើងដាក់ផ្កាប់គ្រាប់ទើបល្អ ! ដាក់គ្រាប់បណ្តុះរួចយើងត្រូវចាក់ទឹកផ្សើមដីនិងគ្រាប់ដំណាំនោះ (មួយថ្ងៃស្រោចទឹកបីដង) រួចយើងត្រូវថែទាំងជាប្រចាំរហូតដល់រយៈពេល ៥ថ្ងៃ ឬមួយសប្តាហ៍ទើបគាស់កូនដំណាំថ្មមៗយកទៅដាំនៅតាមរណ្តៅរងដែលបានរៀបចំហើយស្រេច…”

  

ខាងលើនេះជាបច្ចេកទេសបណ្តុះកូនដំណាំប្រភេទរុក្ខជាតិវល្លិ៍យកផ្លែ (បន្លែ) និងប្រភេទបន្លែស្លឹក បង្ហាញដោយលោកស្រី ខាត់ ថាន កសិករបង្គោលបន្លែនៃសហគមន៍កសិកម្មបល្ល័ង្គសេដ្ឋាភី ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

 

 

លោកស្រី ខាត់ ថាន ជាកសិករមានបទពិសោធន៍ដាំបន្លែជាង ១០ឆ្នាំ បានចូលរួមសកម្មភាពក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ គាំទ្រដោយគម្រោង MUSEFO អង្គការGIZ កម្ពុជា ។

 

លោកស្រី ខាត់ ថាន បានបញ្ជាក់ថា ដើម្បីបណ្ដុះគ្រាប់ដំណាំគ្រប់ប្រភេទ ប្រការសំខាន់កសិករគួរប្រុងប្រយ័ត្នបំផុត គឺការរៀបចំដីឱ្យបានត្រឹមត្រូវ ។ កសិករត្រូវដឹងពីរបៀបលាយល្បាយដីនិងជី យល់ពីដំណាក់កាលសំខាន់ៗនៃការលូតលាស់របស់ដំណាំនីមួយៗ នោះនឹងធ្វើឱ្យកូនដំណាំដុះមកលូតលាស់ល្អ ព្រមទាំងដាំដុះទទួលបានទិន្នផលខ្ពស់ ។ ការដាំដុះបន្លែផ្លែ បន្លែស្លឹក បន្លែមើម និងឈើហូបផ្លែនានាជាលក្ខណៈគ្រួសារ នឹងចូលរួមចំណែកកាត់បន្ថយការចំណាយក្នុងគ្រួសារ ។ ទន្ទឹមគ្នានេះ ចំណេះដឹងកសិកម្មលក្ខណៈគ្រួសារអាចរៀនសូត្របានដោយងាយ និងសាកល្បងដាំដុះដើម្បីផ្គត់ផ្គង់ផលិតផលស្បៀងប្រចាំគ្រួសារ ។

 

គួរជម្រាបជូនថា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ឬហៅកាត់ថា គម្រោង MUSEFO ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋសហពន្ឋ័អាល្លឺម៉ង់តាមរយៈ អង្គការ GIZ ដែលបានចុះកិច្ចព្រមព្រៀងអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ គម្រោង MUSEFO បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងពាក់ព័ន្ធ និងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ដើម្បីជួយដល់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា រួមទាំងគម្រោងការពង្រឹងភាពធន់នឹងអាកាសធាតុ ក្រោមគំនិតផ្តួចផ្តើមពិសេសស្ដីពីពិភពលោកមួយគ្មានភាពអត់ឃ្លានរបស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ ។

 

គម្រោងលើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភនិងជីវភាពដល់គ្រួសារកសិករ ក្រីក្រតាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ បានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់សន្តិសុខស្បៀង និងជីវិភាពរស់នៅរបស់គ្រួសារងាយរងគ្រោះក្នុងខេត្តកំពង់ធំ កំពត និងតាកែវ ដោយគាំទ្រសហគមន៍កសិកម្ម និងកសិករ ផ្តោតលើការពង្រឹងចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីជួយដល់ការផលិត និងលក់អាហារចម្រុះមុខ មានជីវជាតិ និងសុវត្ថិភាពដល់អ្នកបរិភោគ ជាពិសេសជូនដល់គ្រួសារដែលកាន់ប័ណ្ណក្រីក្រប្រភេទក្រ១ និងក្រ២ ឬគ្រួសារដែលមានស្ត្រីមានផ្ទៃពោះ ម្តាយដែលកំពុងបំបៅដោះកូន និងកុមារអាយុក្រោមពីរឆ្នាំ ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង