លោកស្រី សូត ចន្ទថេម ៖ ម្តាយឪពុកចិញ្ចឹមកូនឱ្យរស់តែមួយមុខ ខុសពីចិញ្ចឹមកូនយកគុណភាព

ថ្ងៃច័ន្ទ ទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 60
1

 

កំពង់ឆ្នាំង -ចិញ្ចឹមកូន មិនមែនចិញ្ចឹមឱ្យតែរស់នោះទេ ! យើងត្រូវចិញ្ចឹមកូនយកគុណភាព គឺម្តាយឪពុកត្រូវប្រាកដថា កូនយើងមានសុខភាពល្អ មានការលូតលាស់រាងកាយល្អ ហើយមានខួរក្បាលល្អ ! បើកូនមានកាយសម្បទាគ្រប់គ្រាន់ហើយ ប៉ុន្តែបើគ្មានបញ្ញាស្មារតីល្អនោះទេ នោះចិញ្ចឹមកូនក៏មិនបានល្អដែរម្តាយឪពុកអាចនឹងមានកំហុសឆ្គងមួយ គឺចិញ្ចឹមកូនឱ្យតែរស់ តែមិនចិញ្ចឹមកូនយកគុណភាព !” នេះជាការលើកឡើងរបស់លោកស្រី សូត ចន្ទថេម បុគ្គលិកមណ្ឌលសុខភាពធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ 

 

លោកស្រី សូត ចន្ទថេម បុគ្គលិកមណ្ឌលសុខភាពធ្លកវៀន បានកត់សម្គាល់ខ្លួនថា កន្លងទៅស្ត្រីមានផ្ទៃពោះហាក់ពុំទាន់យល់ដឹងច្រើនពីការអប់រំសុខភាព និងពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យនៅមណ្ឌលសុខភាពឡើយ ។ ភាពយឺតយ៉ាង និងមើលរំលងពីគុណសម្បត្តិពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់នេះ អាចមកពីគ្រួសារមួយចំនួនជីវភាពក្រីក្រ និងការអប់រំមានកម្រិត ជាមូលហេតុជំរុញឱ្យស្ត្រីជាម្តាយយកពេលវេលាទៅធ្វើការងារ ច្រើនជាងគិតពីបញ្ហាសុខភាពកូន និងសុខភាពផ្ទាល់ខ្លួន ។ 

 

 

អ្នកគ្រូពេទ្យសហគមន៍មានវ័យ ៣០ឆ្នាំរូបនេះ បានបន្តឱ្យដឹងថា កន្លងទៅមណ្ឌលសុខភាពធ្លកវៀន បានរកឃើញកុមារមានស្ថានភាពកង្វះអារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ មានចាប់ពីអាយុ ១២ រហូតដល់ ៤៥ខែ ។ កុមារមានបញ្ហាកង្វះអារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរនេះ បណ្តាលមកពីស្ត្រីជាម្តាយមិនបានមកពិនិត្យផ្ទៃពោះ និងមិនទទួលបានការណែនាំអប់រំសុខភាពពីមណ្ឌលសុខភាព ខកខានទទួលថ្នាំជាតិដែក ដែលធ្វើស្ត្រីមានផ្ទៃពោះមិនអាចទទួលបានការថែទាំសុខភាពពេញលេញ ហើយប្រើប្រាស់ជាតិដែកមិនទាន់ពេលវេលា ។

 

លោកស្រី សូត ចន្ទថេម គ្រូពេទ្យនៅមណ្ឌលសុខភាពធ្លកវៀន មានប្រសាសន៍បន្ថែមថា  "បន្ទាប់ពីគាត់សម្រាលកូនរួច ស្ត្រីភាគច្រើនពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែទាំកូនឱ្យបានដិតដល់ រហូតដល់កូនមានអាយុពីរឆ្នាំ ! នេះដោយសារច្បាប់លំហែមាតុភាព មានរយៈពេលតែបីខែប៉ុណ្ណោះ ដែលម្ដាយអាចនៅមើលថែកូនបាន ! ក៏ប៉ុន្តែជាក់ស្ដែងពេលវេលានេះ មិនអាចគ្រប់គ្រាន់នោះទេសម្រាប់អ្នកម្ដាយមើលថែកូន និងផ្ដល់អាហាររូបត្ថម្ភដល់កូន តាមរយៈការបំបៅកូនដោយទឹកដោះម្ដាយឱ្យបានពេញលេញ និងការផ្តល់អាហារបន្ថែមផ្សេងៗ ។"

 

ងាកនិយាយពីគុណសម្បត្តិស្ត្រីជាម្តាយមកពិនិត្យសុខភាពបានទៀតទាត់នៅមណ្ឌលសុខភាពវិញ លោកស្រី សូត ចន្ទថេម ហើយបន្តរៀបរាប់ថា មណ្ឌលភាពរង់ចាំពិនិត្យថែទាំ និងផ្តល់ព័ត៌មានជុំវិញរឿងរ៉ាវស្ត្រីមានផ្ទៃពោះដល់ស្ត្រីមករកសេវា ។ ពេលដែលស្ត្រីមកពិនិត្យផ្ទៃពោះមណ្ឌលសុខភាព គ្រូពេទ្យតែងតែពន្យល់អំពីផែនការត្រៀមខ្លួនក្នុងភាពជាម្ដាយ,ផែនការយកកូន, ផែនការសម្រាល និងការថែទាំទារកជាដើម ។ ម្តាយឪពុកវ័យក្មេងត្រូវដឹងថា មុនសម្រេចចិត្តបង្កើតកូន ត្រូវតែមានផែនការច្បាស់លាស់, មានសម្ភារៈត្រៀមទុកជាមុន, ត្រូវរៀបចំសុខភាពផ្ទាល់ខ្លួនទាំងប្ដីនិងប្រពន្ធឱ្យបានល្អ, គួរត្រៀមថវិកាមួយចំនួន ដើម្បីចំណាយក្នុងពេលចាំបាច់ផ្សេងៗ, ហើយត្រូវជ្រើសរើសទីកន្លែងសម្រាលកូនដែលមានសុវត្ថិភាព និងមានគ្រូពេទ្យមានជំនាញច្បាស់ ដែលជាការជ្រើសរើសដោយខ្លួនឯង ។ 

 

 

ជាមួយគ្នានេះ លោកស្រី សូត ចន្ទថេម បានពន្យល់ថា ស្ត្រីជាម្តាយត្រូវដឹងពីសារៈសំខាន់នៃការយកចិត្តទុកដាក់ថែទាំកូនក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិតកុមារ, ការថែទាំងចិញ្ចឹមកូនឱ្យបានល្អក្នុងរយៈពេលបីខែ, ហើយកូនអាយុចាប់ពី ៦ខែឡើងទៅត្រូវផ្តល់អាហាររូបត្ថម្ភបន្ថែមអ្វីខ្លះដល់កូន ។ លោកស្រីថា អ្នកមករកសេវាគាំពារមាតា និងទារកនៅមណ្ឌលសុខភាពធ្លកវៀន ភាគច្រើនស្ថានភាពការងារបានបង្ខំឱ្យម្ដាយចាកចេញពីកូនដែលទើបតែមានអាយុ ៣ខែទៅបន្តការងាររោងចក្រ ហើយភារកិច្ចចិញ្ចឹមបីបាច់កុមារ ជាបន្ទុកធ្លាក់ទៅលើជីដូនទទួលខុសត្រូវជំនួសទាំងស្រុង ។

 

ម្ដាយនិងជីដូនភាគច្រើន តែងតែគិតថា ឱ្យតែកុមារមានបាយចូលពោះ គឺគ្រប់គ្រាន់ហើយសម្រាប់ការចិញ្ចឹមកូន ! គាត់មិនទាន់ដឹងថា ក្មេងនៅអាយុចន្លោះនេះត្រូវការអាហារអ្វីខ្លះនោះទេ ? ការពិតត្រូវដឹងថា កុមារត្រូវការអាហារការពារ, អាហារថាមពល, និងអាហារសាងសង់ជាដើម ដើម្បីឱ្យរាងកាយរបស់ពួកគាត់កាន់តែប្រសើរឡើង ! ចំណែកជីដូនៅតែរក្សាជំហថា គាត់ធ្លាប់ចិញ្ចឹមកូនរស់ដល់សព្វថ្ងៃ គាត់មានបទពិសោធន៍ហើយ តែការពិត កុមារមិនត្រូវការដូចអ្វីដែលគាត់ផ្តល់ឱ្យឡើយលោកស្រី សូត ចន្ទថេម មានប្រសាសន៍បញ្ជាក់បន្ថែម ។

 

ស្របនឹងការលើកឡើងពីមូលហេតុដែលនាំឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ អាយុក្រោម ៥ឆ្នាំខាងលើនេះ ការព្យាបាលស្តារសុខភាពកុមារឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ ជាកិច្ចការសំខាន់មួយទៀតដែលមណ្ឌលសុខភាពធ្លកវៀន ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងអនុវត្ត តាមរយៈគម្រោងព្យាបាល និងថែទាំកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងររបស់អង្គការ Helen Keller អន្តរជាតិកម្ពុជា ។

 

 

បន្ទាប់ពីការព្យាបាលកុមារឱ្យចាកចេញពីបញ្ហាកុមារកង្វះអាហាររូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ គឺកុមារអាចគេចចេញពីបញ្ហាកង្វះអាហារូបត្ថម្ភដែលពួកគេបានជួបប្រទះ ។ ប៉ុន្តែអាណាព្យាបាលត្រូវនាំយកកុមារដែលព្យាបាលជាសះស្បើយ មកពិនិត្យសុខភាពឱ្យបានទៀតទាត់នៅមណ្ឌលសុខភាពតាមការណាត់ជួបរបស់គ្រូពេទ្យ ដើម្បីតាមដានសុខភាពកុមារ ។ ប្រសិនបើលទ្ធផលពិនិត្យសុខភាពរបស់កុមារបានរកឃើញថា សុខភាពកុមារល្អប្រសើរ មិនមានបញ្ហាក្រិន ត្រូវកម្ពស់ និងគ្រប់គីឡូ នោះគ្រូពេទ្យមិនព្យាបាលបន្តដល់កុមារឡើយ ។ 

 

ផ្ទុយទៅវិញប្រសិនបើរយៈពេលបីខែក្រោយពីការព្យាបាល គ្រូពេទ្យរកឃើញថា កុមារមានស្ថានភាពកង្វះអាហារូបត្ថម្ភកើតឡើងវិញ នោះមណ្ឌលសុខភាពនិងបន្តព្យាបាលកុមារបន្តទៀត ។ ទន្ទឹមនឹងការព្យាបាលនេះ ការផ្ដល់ចំណេះដឹងស្ដីពីអាហាររូបត្ថម្ភគាំទ្រការចិញ្ចឹមកុមារជាភារកិច្ចដែលមណ្ឌលសុខភាពត្រូវណែនាំបន្ត ។

 

លោកស្រី សូត ចន្ទថេម ៖នៅពេលដែលកូនមានបញ្ហាសុខភាពទន់ខ្សោយ គឺគ្មានអ្នកណាម្នាក់អាចជួយយើងបាននោះទេ ! ជីដូនចិញ្ចឹមចៅធ្វើម៉េចឱ្យតែចៅគាត់ស្ងៀមបាត់យំ នោះគឺជាការចិញ្ចឹមកូនបានល្អរបស់គាត់ហើយ តែការចិញ្ចឹមនេះមិនត្រឹមត្រូវទេ ! ម្តាយមួយចំនួនយល់ថា ឃើញកូនរស់ ដើរដូចគេដូចឯង គិតថាមានសុខភាពល្អ រហូតដល់កូនឈឺ ឬស្គមស្គាំងខុសប្រក្រតីយកទៅពេទ្យតែម្តង ! បញ្ហានេះកើតឡើងដោយសារកង្វះការយកចិត្តទុកដាក់លើរបបអាហារកុមារ និងសុវត្ថិភាពចំណីអាហារសម្រាប់កូន

 

សូមជម្រាបថា មុននឹងបញ្ចប់កិច្ចសន្ទនាពីបញ្ហាកង្វះអាហារូបត្ថម្ភកុមារនេះ អ្នកគ្រូពេទ្យមណ្ឌលសុខភាពធ្លកវៀន លោកស្រី សូត ចន្ទថេម បានផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាលមធ្យមនិងធ្ងន់ធ្ងររបស់កុមារថា ប្រជាជននៅតាមសហគមន៍ត្រូវការការពន្យល់ណែនាំបន្ថែមពីអ្នកជំនាញ ហើយការចុះបង្រៀនតាមរូបភាពនានានៅក្នុងសហគមន៍ ជាគន្លឹះតែមួយគត់ដែលអាចជួយឱ្យប្រជាពលរដ្ឋឱ្យយល់ពីការចិញ្ចឹមកូនបានត្រឹមត្រូវ ។ លោកស្រីជឿជាក់ថា បន្តិចម្តងៗ ការអប់រំសហគមន៍នេះ នឹងជួយឱ្យប្រជាជនទទួលបានព័ត៌មានពេញលេញ ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង