Nutrix និង REMAQS អាហារជួយព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ
ភ្នំពេញ - ផលិតផល Nutrix (នូទ្រិច) និង REMAQS (រីម៉ាក់) ជាអាហារព្យាបាលពិសេសមួយផ្តោតចម្បងលើដំណោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ ។ អាហារព្យាបន្ថែមនេះ បានបង្កើតឡើងសម្រាប់ការព្យាបាលកុមារ និងការស្តារស្ថានភាពកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងររបស់កុមារឡើងវិញ ដែលជារឿយៗអាណាព្យាបាលកុមារ ចាត់ទុកថា ជាអាហារបន្ថែមដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់រួចជាស្រេច ។ ផលិតផល Nutrix មានផ្ទុកនូវវីតាមីន និងរ៉ែខនិកចំនួន ២៨មុខ រួមមានវីតាមីន និងសារធាតុរ៉ែផ្សេងៗ ហើយមានតម្លៃថោកជាងផលិតផលដែលបាននាំចូល ២០ភាគរយ ។ នេះបើតាមការលើកឡើងរបស់លោក Lyndon Paul តំណាងក្រុមហ៊ុន Danish Care Foods (DCF) របស់ប្រទេសកម្ពុជា ។
លោក Lyndon Paul តំណាងសហគ្រាសធុនតូចនិងមធ្យម DCF មានប្រសាសន៍ថា អាហារព្យាបាលកុមារ Nutrix និង REMAQS បានបង្កើតឡើងតាមរយៈការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការយូនីសេហ្វ, វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ប្រទេសបារាំង, សាកលវិទ្យាល័យ Copenhagen, និងក្រុមហ៊ុន Danish Care Foods ដោយសហការជាមួយក្រសួងសុខាភិបាល ។ ការផលិតក្នុងស្រុកបានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ។
លោក Lyndon Paul បានបញ្ជាក់បន្ថែមថា ផលិតផល Nutrix និង REMAQS មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ។ កុមារមានស្ថានភាពកង្វះអាហារូបត្ថម្ភនៅកម្ពុជា ចាំបាច់ត្រូវការការជួយសង្គ្រោះសុខភាព តាមរយៈការជំរុញឱ្យកុមារទាំងនោះ មានលទ្ធភាពទទួលអាហារបន្ថែមលើរបបអាហារប្រចាំថ្ងៃ ។ អាហារបន្ថែមជាអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ជួយទ្រទ្រង់ដល់សារពាង្គកាយកុមារ ។
ស្របគ្នានេះដែរ លោក Lyndon Paul បានលើកឡើងថា ផលិតផល Nutrix ប្រើដើម្បីជួយព្យាបាលដល់កុមារដែលមានស្ថានភាពកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ហើយ REMAQS ជាអាហារព្យាបាលជួយដល់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម ។ កន្លងទៅអាហារព្យាបាលកុមារទាំងពីរប្រភេទនេះ បានចែកជូនដល់គ្រួសារកុមារកម្ពុជា តាមរយៈគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងតំបន់គោលដៅរបស់អង្គការដៃគូ ។ ជាក់ស្តែងកាលពីឆ្នាំ២០២៣ កន្លងទៅ អង្គការ Helen Keller អន្តរជាតិកម្ពុជា បានផ្តល់អាហារព្យាបាលជាង ៦ម៉ឺនកញ្ចប់ ជួយព្យាបាលដល់កុមារអាយុក្រោម ៥ឆ្នាំចំនួន ១៥០០នាក់នៅខេត្តគោលដៅចំនួនបី រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តសៀមរាម ។
“កុមារអាចញ៉ាំអាហារទាំងនេះបានភ្លាមៗ តែម្តង បន្ទាប់ពីហែកចេញពីកញ្ចប់រួច ។ ប៉ុន្តែខ្ញុំសូមជម្រាបថា មានតែកុមារដែលបានវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃ ហើយរកឃើញថា មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរតែប៉ុណ្ណោះ វទើបអាចប្រើប្រាស់អាហារព្យាបាលទាំងនេះ” នេះជាការបញ្ជាក់បន្ថែមរបស់លោក Lyndon Paul តំណាងក្រុមហ៊ុន DCF ។
បន្ថែមលើនេះផងដែរ លោក Lyndon Paul បានឱ្យដឹងទៀតថា ដើម្បីប្រើប្រាស់អាហារព្យាបាលកុមារ Nutrix និង REMAQS មានប្រសិទ្ធភាព ចាំបាច់ត្រូវការការចូលរួមយកចិត្តទុកដាក់ពីម្តាយឪពុក និងអាណាព្យាបាលកុមារ ។ ជាមួយគ្នានេះ Danish Care Foods នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ព្រមទាំងអង្គការដៃគូក្នុងស្រុក និងអន្តរជាតិដែលធ្វើការផ្នែកលើកកម្ពស់សុខភាពកុមារ ដើម្បីបង្កើនផលិតផលថ្មីៗបន្ថែមទៀត ដែលអាចបំពេញតម្រូវការកង្វះអាហារូបត្ថម្ភកុមារ ។
សូមជម្រាបថា កាលពីឆ្នាំ២០២៣ កន្លងទៅ អង្គការ Helen Keller អន្តរជាតិកម្ពុជា បានអនុវត្តគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ ហៅកាត់ថា SAM & MAM ដោយផ្តល់អាហារព្យាបាលជាង ៦ម៉ឺនកញ្ចប់ជួយព្យាបាលដល់កុមារអាយុក្រោម ៥ឆ្នាំនៅខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តសៀមរាម ។ សម្រាប់ឆ្នាំ២០២៤ អង្គការ Helen Keller អន្តរជាតិកម្ពុជា នឹងបន្តបេសកកម្មពង្រឹងវិសាលភាពការងារនៅខេត្តចំនួនបីបន្ថែមទៀត រួមមាន ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដែលរំពឹងថា កុមារប្រមាណជាង ១០ម៉ឺននាក់នឹងបានចូលរួមវាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់ពាក់កណ្តាលដើមដៃ ព្រមទាំងទទួលបានការព្យាបាលសុខភាព ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន Danish Care Foods បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “Global SUN Pitch Competition” រៀបចំឡើងដោយបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភសកលក្នុងចំណោមសហគ្រាសធុនតុចនិងមធ្យមជាង ៥០០ មកពី ២៤ ប្រទេសនៅទ្វីបអាហ្រិច និងអាស៊ី ហើយទទួលបានចំណាត់ថ្នាក់លេខពីរ (First Runner Up) ។ ក្រុមហ៊ុន DCF មានបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានផលិតផលអាហារបន្ថែម ដែលផលិតក្នុងស្រុកសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន និងកុមារអាយុពី ៦ខែឡើងទៅ ព្រមទាំងជួយដល់អ្នកម្តាយជាច្រើនរូបអំពីកង្វល់សុខភាពកូនៗរបស់ពួកគេ ៕