ក្រុមការងារបច្ចេកទេសផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិវាយតម្លៃខេត្តកណ្តាលនឹងក្លាយជាខេត្ត ODF Plus

ថ្ងៃសុក្រ ទី០៩ ខែធ្នូ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 356
1

កណ្តាល - បន្ទាប់ពីក្រុមការងារបច្ចេកទេសថ្នាក់ជាតិចុះផ្ទៀងផ្ទាត់និងវាយតម្លៃទិន្នន័យការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់រដ្ឋបាលខេត្តកណ្តាល រកឃើញថា ខេត្តកណ្តាលបានជាប់ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទីបីនៅកម្ពុជា និងទទួលបានពិន្ទុខ្ពស់ជាងគេដែលអាចឈានឆ្ពោះទៅជាខេត្ត ODF Plus នាពេលឆាប់ៗខាងមុខនេះ ។ នេះបើតាមប្រសាសន៍របស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ។  

 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល មានប្រសាសន៍ថា ជោគជ័យនិងលទ្ធផលជាទីគាប់ចិត្តនៃការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់រដ្ឋបាលខេត្តកណ្តាល កើតឡើងដោយសារសាមគ្គីភាព ឯកភាព ការសហការ និងការរៀបចំយន្តការប្រតិបត្តិការងារមានភាពប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ។

 

លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែមថា កន្លងទៅការងារលើកកម្ពស់ទឹកស្អាតនិងអនាម័យ ទទួលបានការគាំទ្រ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្មារតី សម្ភារៈ ថវិកា ពេលវេលាពីថ្នាក់ដឹកនាំខេត្ត, ក្រុមប្រឹក្សាខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរនិងអង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុងស្រុកទាំង១១, រដ្ឋបាលឃុំសង្កាត់ទាំង១២៧, ភូមិទាំង ១០១០ ភូមិ, ដៃគូអភិវឌ្ឍន៍នានា, ព្រមទាំងជនបង្គោលអនាម័យភូមិ ឃុំ ស្រុក និងប្រជាជនក្នុងខេត្ត ។   

 

តាមការកំណត់របស់ក្រុមការងារបច្ចេកទេស និងរដ្ឋបាលខេត្ត កម្មវីធីសម្ពោធនិងប្រកាសខេត្តកណ្តាលជាប់ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង គ្រោងរៀបចំនៅរវាងចុងខែធ្នូ ឆ្នាំ២០២២ ។ ខេត្តកណ្តាលជាប់ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទី៣ បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ។ 

 

សូមជម្រាបថា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ ODF ខេត្តកណ្ដាល ។ យោងតាមការបូកសរុបលទ្ធផលបឋមរបស់ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រុងស្រុកទាំង១១ មានខ្នងផ្ទះចំនួន ២៦៣,៩៦៣ មានបង្គន់អនាម័យប្រើប្រាស់ ។ តាមចក្ខុវិស័យរបស់រដ្ឋាភិបាលបានកំណត់ថា ត្រឹមឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង