អ្នកដឹកនាំស្ត្រីឆ្នើមជួយជំរុញការងារលើកកម្ពស់ទឹកស្អាត និងអនាម័យកាន់តែមានប្រសិទ្ធភាព

ថ្ងៃច័ន្ទ ទី០២ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 512
1

ភ្នំពេញ - ម៉ោង ៨ព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ជាឱកាសនៃការជួបជុំគ្នាប្រកបដោយបរិយាកាសស្និទ្ធស្នាល រវាងអ្នកដឹកនាំស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យ ចូលរួមក្នុង “កម្មវិធីស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន” ។ ចាប់ផ្តើមវគ្គបណ្តុះបណ្តាល គឺផ្តើមឡើងដោយសកម្មភាពលេងល្បែងថាមពលលំហាត់បំបាត់ភាពស្ពឹកស្រពន់ អមដោយសំឡេងចម្រៀងត្រាប់តាមសំនៀងសត្វបង្ហាញពីសាមគ្គីភាព បានបន្លឺឡើងព្រមៗគ្នានៅក្នុងបន្ទប់បណ្តុះបណ្តាលធំមួយ នៅក្នុងសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។ 

 

សមាសភាពអ្នកចូលរួមនៅក្នុងវេទិកាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យនៅពេលនេះ រួមមាន ស្ត្រីនិងបុរសអញ្ជើញមកពីរដ្ឋបាលស្រុកនីមួយៗក្នុងខេត្តកណ្តាល, អភិបាលស្រុក, សមាជិកក្រុមប្រឹក្សាខេត្ត, តំណាងមន្ទីរកិច្ចការនារី, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរអប់រំ យុវជន និងកីឡា, និងមន្ទីរសុខាភិបាល, គាំទ្រដោយអង្គការ WaterAid Cambodia ដែលអង្គការនេះ កំពុងធ្វើកិច្ចការលើកកម្ពស់វិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា និងគាំទ្រដល់ការកសាងសមត្ថភាពថ្នាក់ដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ ។

 

 

លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការ WaterAid Cambodia បានមានប្រសាសន៍ថា តាមការសិក្សារបស់អង្គការ WaterAid Cambodia បានរកឃើញថា វត្តមានស្ត្រីចូលរួមធ្វើសេចក្តីសម្រេចចិត្តនៅក្នុងវិស័យទឹកស្អាត និងអនាម័យមានចំនួន និងសំឡេងតិចតួចនៅឡើយ ។ វិស័យទឹកស្អាត និងអនាម័យខ្វះការចូលរួមពីស្ត្រីថ្នាក់ដឹកនាំបណ្តាលមកពីកង្វះតំណាងស្រ្តី រួមផ្សំនឹងអន្ទាក់វប្បធម៌  ទំនៀមទម្លាប់ ប្រពៃណី​ ព្រមទាំងបទដ្ឋានកំណត់ទុកមានតាំងពីបូរាណនៅក្នុងសង្គមកម្ពុជា ។ ស្រ្តីដែលធ្វើការនៅក្នុងវិស័យទឹកស្អាត និងអនាម័យប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ។

 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល 

គួររំលឹកថា តាមរយៈការពង្រឹងសមត្ថភាពលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន មានខ្លឹមសារពិភាក្សាជាច្រើនបានលើកឡើង រួមមាន ការពង្រឹងភាពជាអ្នកដឹកនាំ និងការសម្រេចចិត្ត, ការពង្រឹងភាពក្លាហ៊ានរបស់ស្ត្រី, ការលើកកម្ពស់សមភាពយេនឌ័រ និងសេវាសាធារណៈប្រកបដោយបរិយាបន្ន, របៀបទំនាក់ទំនងឱ្យមានប្រសិទ្ធភាព, ការបំផុសសកម្មភាព និងផែនការលើកកម្ពស់ទឹកស្អាតនិងអនាម័យនៅក្នុងសហគមន៍ជាដើម ។

 

លោក​ជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគណៈកម្មការគាំពារស្ត្រី និងកុមារ មានប្រសាសន៍ថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទឹកស្អាត និងអនាម័យ ដោយសារស្ត្រីជាបុគ្គលដែលនៅជិតស្និទ្ធសមាជិកគ្រួសារបំផុត ហើយស្ត្រីប្រើប្រាស់ទឹកសេវាទឹកស្អាតច្រើនជាងគេនៅក្នុងគ្រួសារ ។ ចំណែកការពង្រឹងសមត្ថភាពស្ត្រីឱ្យភាពជាអ្នកដឹកនាំនិងតួនាទីសម្រេចចិត្តក្នុងវិស័យទឹកស្អាត និងអនាម័យនឹងជួយឱ្យសហគមន៍រីកចម្រើន ។

 

ដោយឡែកសម្រាប់លោកស្រី សេង រាសី ប្រធានអង្គការសីលកា និងជាអ្នកជំនាញអភិវឌ្ឍន៍សមត្ថភាពស្ត្រីក្នុងភាពជាអ្នកដឹកនាំ មានប្រសាសន៍ថា វត្តមានចូលរួមរបស់ស្ត្រីមិនមែនគ្រាន់តែជាការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមក្នុងសេចក្តីសម្រេចចិត្តនានានៅក្នុងកិច្ចការរបស់ពួកគាត់ ។ លោកស្រីបានបញ្ជាក់បន្ថែមថា លើកកម្ពស់ទឹកស្អាតនិងអនាម័យ គឺផ្តល់សំឡេងឱ្យស្ត្រីបញ្ចេញសក្តានុពលរបស់ពួកគាត់ឱ្យបានពេញលេញ ។ 

 

បន្ថែមលើនេះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល មានប្រសាសន៍ថា ការគាំទ្រស្ត្រីឱ្យមានសមត្ថភាពពេញលេញក្នុងការសម្រេចចិត្ត គឺជាការផ្តល់ឱកាសឱ្យមានសំឡេងស្រីចូលរួមលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យទឹកស្អាត និងអនាម័យ ។ បុរសដែលគាំទ្រស្ត្រីគ្រប់សកម្មភាពការងារនឹងជួយឱ្យការងារទឹកស្អាតកាន់តែរីកចម្រើន ។

 

លោកស្រីជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល
លោកស្រីជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល 

ចំណែកលោកស្រីជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល បានលើកឡើងថា សក្តានុពលរបស់ស្ត្រីមិនអាចមើលរំលងបានឡើយ ។ ការបណ្តុះបណ្តាលសមត្ថភាពស្ត្រីក្នុងវិស័យទឹកស្អាតនិងអនាម័យ គឺការគិតគូរគ្រប់ជ្រុងជ្រោយ និងជាមូលដ្ឋានគ្រឹះធានាឱ្យមានសមភាពយេនឌ័រ ដែលក្នុងនោះសំឡេងរបស់ស្ត្រីត្រូវយកមកពិចារណា ព្រមទាំងការឆ្លើយតបផ្សេងៗ ។ 

 

យោងតាមរបាយការវិភាគអំពីអំណាចយេនឌ័រ ឬ Gender Power របស់អង្គការវ័តធឺអេត នាពេលថ្មីៗនេះ បានបញ្ជាក់ឱ្យឃើញថា មានកង្វះឱកាសអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់ស្ត្រី ដោយសារអ្នកគ្រប់គ្រងបុរសភាគច្រើនមានទំនោរផ្តល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទាំងនោះទៅដល់បុគ្គលិកបុរស ដែលនាំឱ្យស្ត្រីខ្វះខាតសមត្ថភាព និងភាពជាអ្នកដឹកនាំដដែល ។ 

 

 

សូមជម្រាបថា កិច្ចពិភាក្សាអំពីទស្សនទានយេនឌ័រនៅក្នុងវិស័យទឹកស្អាត និងអនាម័យជាផ្នែកសំខាន់មួយនៃកម្មវិធីការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន បានក្លាយជាវេទិការជជែកពិភាក្សា និងជំរុញផ្នត់គំនិតសមភាពយេនឌ័រទៅកាន់សិក្ខាកាមស្រ្តីឆ្នើម និងបុរស ដែរមានតួនាទីនៅក្នុងវិស័យទឹកស្អាត និងអនាម័យ ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង