ខេត្ត ODF Plus ទីមួយនៅកម្ពុជាស្ថិតនៅក្នុងបំណងរបស់ខេត្តកណ្តាល
កណ្តាល - ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តកណ្តាល ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយនេះជាខេត្តទីបីនៅកម្ពុជា ដែលបានអនុវត្តការងារលើកកម្ពស់អនាម័យជនបទជោគជ័យបន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ។
ទន្ទឹមនឹងសមិទ្ធផលអនុវត្តអនាម័យល្អនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលនៅតែប្តេជ្ញាបន្តសកម្មភាពអប់រំសុខភាពប្រជាជនឱ្យប្រើប្រាស់បង្គន់អនាម័យ និងថែរក្សាបរិស្ថានរស់នៅឱ្យបានប្រសើរជានិច្ច ព្រមទាំងបន្តត្រៀមខ្លួនក្លាយជាខេត្ត ODF Plus នៅកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ។
តាមការវាយតម្លៃរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាលបានទទួលពានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឬក្លាយជាខេត្ត ODF ដោយសារប្រជាជនគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ និងចូលរួមលើកកម្ពស់អនាម័យបរិស្ថានគ្រួសារ សហគមន៍ និងទូទាំងខេត្ត ។ ចំណែកបំណងដែលខេត្តកណ្តាលចង់ក្លាយជាខេត្ត ODF Plus នៅកម្ពុជា គឺបន្តលើកកម្ពស់អនាម័យបរិស្ថានឱ្យកាន់តែប្រសើរ ព្រមទាំងគិតគូរដល់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។
សូមជម្រាបថា តាមរបាយការណ៍បូកសរុបលទ្ធផលបឋមរបស់ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ បានឱ្យដឹងថា ក្រុង-ស្រុកទាំង ១១ នៃរដ្ឋបាលខេត្តកណ្តាលសម្រេចបាន ODF ទាំងស្រុង ដែលក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យដែលមានការកែលម្អ ១០០ភាគរយ ស្មើនឹងខ្នងផ្ទះសរុបចំនួន ២៦ម៉ឺនខ្នង ៕