ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់រាជធានីភ្នំពេញគ្រោងបញ្ចប់គម្រោងសាងសង់នៅខែឧសភា ២០២៣

ថ្ងៃពុធ ទី១១ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 537
1

ភ្នំពេញ - លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ។ តាមរយៈការចុះពិនិត្យនេះ គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ នៅរាជធានីភ្នំពេញសម្រេចបានលទ្ធផលប្រមាណ ៧០ភាគរយហើយ ដែលនឹងឈានទៅសម្រេចការសាងសង់ ១០០ភាគរយនៅដើមខែឧសភាខាងមុខ ។

 

 

ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ នឹងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយនឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន ០៣ រួមមាន ទី១. អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ ដែលនឹងធ្វើឱ្យគុណភាពប្រឡាយទឹកកខ្វក់នៅក្នុងទីក្រុងបានល្អប្រសើរជាងមុន, ទី២. អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសិរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី, និងទី៣. អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសិរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ។

 

សូមជម្រាបថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ បានប្រើប្រាស់ហិរញ្ញប្បទានរួមគ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) លេខាធិការអចិន្ដ្រៃយ៍សមាគម AIMF ។

 

ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនាពេលនេះ ជាការអនុវត្តតាមយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ សម្រាប់រាជធានីភ្នំពេញ ឆ្នាំ២០៣៥ ដែលបានចាប់ផ្តើមសិក្សាកាលពីឆ្នាំ២០១៨ តាមរយៈជំនួយបច្ចេកទេសមួយ របស់សមាគម AIMF ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើការងារជាមួយដៃគូពាក់ព័ន្ធ ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង