លោក មិន ម៉ៅសំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN ទទួលជ័យលាភីសិក្សាអត្ថបទទិវាជាតិអំណាន
ភ្នំពេញ - ទិវាជាតិអំណានលើកទី៨ ១១ មីនា ឆ្នាំ២០២៣ ប្រារព្ធឡើងក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅរកបរិវត្តកម្មវិស័យអប់រំ” ចំណែកប្រធានបទប្រឡងបកស្រាយឆ្នាំនេះ គឺប្រធានបទ “គុណតម្លៃមនុស្សក្នុងយុគសម័យឌីជីថល” ។ លោក មិន ម៉ៅសំណាង ជាម្ចាស់ជ័យលាភីម្នាក់ក្នុងចំណោមជ័យលាភីទាំង ៣នាក់ឆ្លងកាត់ការប្រកួតជ្រើសរើសទូទាំងប្រទេស រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ។
លោក មិន ម៉ៅសំណាង អ្នកសារព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ PNN បានទទួលចំណាត់ថ្នាក់ជ័យលាភីលេខ២ បន្ទាប់ពីលោក មី សុវណ្ណ គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យភ្នំពេញ ចំណាត់ថ្នាក់លេខ១ និងលោក ទឹម សុខហួយ គ្រូបង្រៀនវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ៣ ។
ប្រធានបទបកស្រាយ “គុណតម្លៃមនុស្សក្នុងយុគសម័យឌីជីថល” សម្រាប់អបអរទិវាជាតិអំណានឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងលើកទឹកចិត្តដល់បុគ្គលិកសិក្សា និងសាធារណជនឱ្យមានឱកាសសិក្សាស្រាវជ្រាវ និងបង្ហាញទស្សនៈយល់ឃើញជុំវិញប្រធានបទតាមរយៈអត្ថបទសំណេរ ។
តាមរយៈប្រធានបទ “គុណតម្លៃមនុស្សក្នុងយុគសម័យឌីជីថល”រំលេចឱ្យឃើញពីការអភិវឌ្ឍន៍សមត្ថភាពរបស់មនុស្សឱ្យក្លាយជាពលរដ្ឋសកលស្ថិតក្នុងសម័យកាលឌីជីថលកំពុងរីកចម្រើន ។ ស្របគ្នានេះដែរ មូលដ្ឋាននៃការកសាងសមត្ថភាពធនធានមនុស្សនៅក្នុងសង្គមកើតចេញការអប់រំផ្នែកសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្ថិតនៅក្នុងរបត់បរិវត្តកម្មវិស័យអប់រំ ។ ពោលមនុស្សគ្រប់រូបអាចកសាងគុណតម្លៃផ្ទាល់ខ្លួនបាន តាមរយៈនិន្នាការនៃការរីកចម្រើនឌីជីថល និងអក្ខរកម្មឌីជីថល (digital literacy) ។
សូមជម្រាបថា ទិវាជាតិអំណាន លើកទី៨ ក៏មានកម្មវិធីប្រគល់ពានរង្វាន់ដល់សិស្សានុសិស្សជ័យលាភីឆ្នើមប្រាំបួនរូប ផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៕