អ្នកស្រី ពៅ សាវុធ ក្លាយជាអ្នកស្ម័គ្រចិត្តជួយព្យាបាលក្មេងកង្វះអាហារូបត្ថម្ភក្នុងភូមិ

ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 57
1

កំពង់ឆ្នាំង - អ្នកស្រី ពៅ សាវុធ បានក្លាយជាអ្នកស្ម័គ្រចិត្តនៅក្នុងមណ្ឌលសុខភាពភូមិផ្សារ ស្ថិតនៅឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ អ្នកស្រីបានធ្វើការងារស្ម័គ្រចិត្តជួយសហគមន៍អស់រយៈពេលជាង ៦ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០១៨ ។ ឆ្នាំ២០២៣ ក្នុងនាមជាអ្នកស្ម័គ្រចិត្តនៅក្នុងមណ្ឌលសុខភាពភូមិផ្សារ អ្នកស្រី ពៅ សាវុធ បានធ្វើកិច្ចការជាច្រើនជួយគាំពារសុខភាពស្ត្រី និងកុមារនៅក្នុងឃុំផ្សារទាំងមូល ។ 

 

បន្ទាប់ពីអង្គការ Helen Keller អន្តរជាតិកម្ពុជា បានអនុវត្តគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ (SAM & MAM) នៅខេត្តកំពង់ឆ្នាំង និងបានធ្វើការងារនេះដោយផ្ទាល់នៅមណ្ឌលសុខភាពផ្សារ កាលពីដើមឆ្នាំ២០២៣ អ្នកស្រី ពៅ សាវុធ កាន់តែរវល់ខ្លាំងនឹងការងារស្ម័គ្រចិត្តរបស់ខ្លួន ។ អ្នកស្រីបានក្លាយជាតួអង្គនាំព័ត៌មានពីមណ្ឌលសុខភាពផ្សារ ទៅកាន់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិ និងជំរុញឱ្យអ្នកភូមិយកកុមារតូចអាយុក្រោម ៥ឆ្នាំមកពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដើម្បីស្វែងរកបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងររបស់កុមារ ។ 

 

 

ទន្ទឹមនឹងការងារខាងលើនេះ អ្នកស្រី ពៅ សាវុធ ក៏កំពុងបំពេញការងារបីផ្សេងទៀតដែលរដ្ឋបាលឃុំផ្សារកំពុងអនុវត្ត គឺការងារគាំទ្រឱ្យកសិករដាំដុះបន្លែសុវត្ថិភាព, ការងារលើកម្ពស់កម្ពស់ជីវភាពគ្រួសារតាមរយៈការចិញ្ចឹមមាន់, និងការងារលើកកម្ពស់ទឹកស្អាត និងអនាម័យតាមខ្នងផ្ទះប្រជាពលរដ្ឋ ។ 

 

បើនិយាយពីប្រាក់ចំណូលទទួលបានពីកិច្ចការទាំងបួនខាងលើនេះ អ្នកស្រី ពៅ សាវុធ មិនទទួលបានជាក់លាក់ឡើយ លើកលែងតែអង្គការដៃគូជួយគាំទ្ររាល់ការធ្វើដំណើរ និងអាហារហូបចុកពេលមានកម្មវិធីប្រជុំ ឬចុះសហគមន៍ម្តងៗ ។ ប៉ុន្តែអ្នកស្រីក៏ទទួលបានប្រាក់ឧបត្ថម្ភតិចតួចខ្លះដែរពីមណ្ឌលសុខភាព និងរដ្ឋបាលឃុំ ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ពៅ សាវុធ ។ 

 

ជុំវិញការងារស្ម័គ្រចិត្តលើកកម្ពស់អាហារូបត្ថម្ភកុមារ អ្នកស្រី ពៅ សាវុធ បាននិយាយថា អ្នកស្រីពេញចិត្តយ៉ាងខ្លាំង ព្រោះការងារស្ម័គ្រចិត្តបានជួយគាំទ្រ និងជួយព្យាបាលកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភក្នុងភូមិឱ្យជាសះស្បើយ ។ ការងារនេះបានជួយឱ្យកុមារមានសុខភាពល្អប្រសើរ និងអាចព្យាបាលកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរបានទាន់ពេលវេលា ។ 

 

 

អ្នកស្ម័គ្រចិត្តមណ្ឌលសុខភាពភូមិផ្សារ អ្នកស្រី ពៅ សាវុធ បានបញ្ជាក់ថា ៖ការងារខ្ញុំហ្នឹង ឆ្លៀតពេលទំនេរពីនៅផ្ទះទេ ! តាំងពីមណ្ឌលសុខភាពផ្សារមានគម្រោងជាមួយអង្គការ Helen Keller ជួយព្យាបាលក្មេងកង្វះអាហារូបត្ថម្ភក្នុងភូមិហ្នឹងមក ខ្ញុំពេញចិត្តជួយ ព្រោះម្តាយឪពុកពួកគេសប្បាយចិត្តណាស់ បានកូនគាត់ជាសះស្បើយ ! ហត់អីឱ្យតែក្មេងមានសុខភាពល្អ អ្នកភូមិគាត់សប្បាយចិត្ត ។

 

ថ្វីត្បិតមិនមែនជាអ្នកជំនាញសុខភាពកុមារ អ្នកស្រី ពៅ សាវុធ ទទួលបានការបណ្តុះបណ្តាលជំនាញស្វែងរកកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភពីគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ត្រីការិយាល័យសុខភាពស្រុកប្រតិបត្តិ ។ ក្រៅពីចុះផ្ទៀងផ្ទាត់ទិន្នន័យស្ត្រីសម្រាលកូន និងកុមារទទួលថ្នាំបង្ការផ្សេងៗ អ្នកស្រី ពៅ សាវុធ អាចស្វែងរកកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរបានដោយងាយតាមរយៈការប្រើប្រាស់ខ្សែវាស់ពាក់កណ្តាលដើមដៃ ថ្លឹងទម្ងន់ និងវាស់កម្ពស់កុមារ ។ 

 

បើរកឃើញថា ក្មេងមានបញ្ហាកង្វះអាហារូបត្ថម្ភ យើងត្រូវពន្យល់អាណាព្យាបាលគាត់ ឱ្យនាំកុមារទៅមណ្ឌលសុខភាព ! ធ្វើដូចនេះអាចជួយព្យាបាលក្មេងបានទាន់ពេល ព្រោះមណ្ឌលសុខភាពមានអាហារព្យាបាល វាសុខភាពកុមារបានច្រើន...” ។ ទន្ទឹមគ្នានេះអ្នកស្រី ពៅ សាវុធ បានបញ្ជាក់បន្ថែមពីកិច្ចការរបស់ខ្លួនទៀតថា ជារឿយៗក្រោយពេលចូលរួមវគ្គបណ្តុះបណ្តាលនានា អ្នកស្រីនាំយកចំណេះដឹងថ្មីៗដែលខ្លួនបានសិក្សា ទៅចែករំលែកបន្តដល់អ្នកភូមិ ពិសេសចែករំលែកដល់ស្ត្រីមានផ្ទៃពោះឱ្យយល់ដឹងពីបញ្ហាសុខភាព ចំណេះដឹងអាហារូបត្ថម្ភសម្រាប់មាតា និងទារក ព្រមទាំងចំណេះដឹងថែទាំងសុខភាពកុមារ និងទារកជាដើម ។ 

 

ញញឹមបណ្តើរឆ្លើយនឹងសំណួរបណ្តើរ មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយអ្នកសារព័ត៌មាន អ្នកស្រី ពៅ សាវុធ បានរៀបរាប់ថា ការងារស្ម័គ្រចិត្តអាចឱ្យអ្នកស្រីមានពេលវេលាគ្រប់គ្រាន់មើលថែទាំកូននៅផ្ទះ និងមានឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ ។ តាមរយៈការងារស្ម័គ្រចិត្ត បានជួយឱ្យស្ត្រីសិក្សាត្រឹមថ្នាក់ទី៩ រូបនេះ ក្លាយជាមនុស្សពូកែនិយាយ មានទំនាក់ទំនងការងារល្អ និងមានចំណេះដឹងអប់រំសហគមន៍ទូលំទូលាយ ។ អ្នកស្រីបញ្ជាក់ថា ការងារស្ម័គ្រចិត្តជួយសហគមន៍ បានជួយឱ្យអ្នកស្រីក្លាយជាមនុស្សក្លាហ៊ាន ។  

 

ខ្ញុំរៀនបានច្រើនពីការងារ ! និយាយទៅខ្ញុំនឹងធ្វើការងារដែលគាំទ្រសុខភាពកុមារហ្នឹងរហូត ព្រោះអីខ្ញុំអត់មានទៅណាផង ស្រុកភូមិយើងនៅហ្នឹង ! ហើយការងារហ្នឹង ដូចថាអីចឹង ខ្ញុំស្រឡាញ់ចូលចិត្ត យើងជួយប្រជាជនយើងឱ្យយល់ដឹងទៅ ថ្ងៃទៅមុខបញ្ហាហ្នឹងកាត់បន្ថយបន្តិចម្តងៗ ក្មេងៗកើតមកមានសុខភាពល្អអ្នកស្រី ពៅ សាវុធ អ្នកស្ម័គ្រចិត្តនៅក្នុងមណ្ឌលសុខភាពភូមិផ្សារ ៕

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង