ខេត្តព្រះសីហនុប្រើបច្ចេកវិទ្យាទំនើប MABR ច្រោះសម្អាតទឹកកខ្វក់កាត់បន្ថយការបំពុលទឹកសមុទ្រ

ថ្ងៃពុធ ទី១១ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 549
1

ព្រះសីហនុ - រដ្ឋបាលខេត្តព្រះសីហនុកំពុងដាក់ឱ្យដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយបំពាក់បច្ចេកវិទ្យាលើកកម្ពស់បរិស្ថានទំនើប Membrane Aerated Biofilm Reactor (MABR) ដែលជួយឱ្យខេត្តមានបរិស្ថានល្អ គ្មានបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រជាដើម។ នេះបើតាមព័ត៌មានពីក្រសួងបរិស្ថាន ។

 

 

យោងតាមវីដេអូរបស់ក្រសួងបរិស្ថានមានរយៈពេលជាង ៣នាទី បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្នមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលបានសាងសង់ និងដាក់ឱ្យដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៉ីស្រាអែល ដែលជាស្នាដៃបង្កើតឡើងដោយក្រុមវិស្វករកូនខ្មែរសុទ្ធសាធ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី២ របស់ខេត្តព្រះសីហនុមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានបរិមាណ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងត្រូវចែកចេញជា ៩ដំណាក់ការសំខាន់ៗ។

 

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ របស់ខេត្តព្រះសីហនុដំណើរការដោយបច្ចេកវិទ្យាចុងក្រោយរបស់អ៉ីស្រាអែល MABR មានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួចមិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ មានគុណភាពស្តង់ដាខ្ពស់។

 

ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា ក្រោយបានប្រើប្រាស់នូវបច្ចេកវិទ្យា MABR ឃើញថា ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងសំណង់អគារនានាបានប្រមូលផ្តុំ ព្រមទាំងបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ ២មីលីម៉ែត្រ ។

 

ជាងនេះទៀតក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា ទឹកកខ្វក់នេះបានបូមឡើងចូលទៅក្នុងអាងទឹក ដែលអាចច្រោះសំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ៦មីលីម៉ែត្រ ហើយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំធំជាង ឬស្មើមួយមីលីម៉ែត្រ។ ក្នុងដំណាក់កាលអាងចម្រោះបឋមនេះភាគល្អិត និងសមាសធាតុសរីរាង្គដែលមានទំហំជាង ឬស្មើ ១មីលីម៉ែត្រត្រូវបានយកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះផ្សេងទៀតរហូតបានក្លាយ ជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្របានដោយសុវត្ថិភាពមិនប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះឡើយ ។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រដោយប្រើបចេ្ចកវិទ្យាទំនើប MABR ។ ការប្រើប្រាស់បច្ចេកវិទ្យានេះ មានប្រសិទ្ធភាពខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ពិសេសសន្សំសំចៃថាមពលប្រមាណ ១៨ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ។

 

បើតាមឯកឧត្តមអភិបាលខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញនិងស្រូបយកការវិនិយោគពីបរទេសដែលអាចក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ គួរបញ្ជាក់ដែរថា បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ជាជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology  

 

អត្ថបទ៖ សែម ពិសី

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង