អភិបាលខេត្តព្រះវិហារប្រកាសលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាត

ថ្ងៃសៅរ៍ ទី៣០ ខែមិនា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 155
1

ព្រះវិហារ - នៅចំពោះមុខក្រុមការងារដឹកនាំកិច្ចការសំខាន់ៗរបស់រដ្ឋបាលខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍ណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវត្រួតពិនិត្យលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ។ ស្របគ្នានេះ មន្ទីរសុខាភិបាលត្រូវតាមដានពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជន និងត្រូវចាត់វិធានការក្នុងការកែលម្អគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណភាពនៃការព្យាលជំងឺកាន់តែមានប្រសិទ្ធិភាព និងកាន់តែទទួលបានការជឿទុកចិត្តពីអ្នកជំងឺ ។

 

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនាម្សិលមិញនេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំដល់មន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តនូវការងារសំខាន់ជាអាទិភាពមួយចំនួនរួមមាន បន្តរក្សាបានសាមគ្គីផ្តៃក្នុងបង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព ស្ថាប័ន និងដៃគូរអភិវឌ្ឍនានា, ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់មន្ទីរសុខាភិបាលត្រូវត្រួតពិនិត្យលុបបំបាត់សេវាឯកជនខុសច្បាប់ព្យាបាល និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល 

 

ទន្ទឹមគ្នានេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបញ្ជាក់បន្ថែមថា មន្ទីរសុខាភិបាលខេត្តត្រូវបន្តយកចិត្តទុកដាក់អនុវត្តយុទ្ធនាការផ្តល់ឈាមផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាមដើម្បីសង្គ្រោះអាយុជីវិត ឱ្យមាននិរន្តរភាព និងបំផុសឱ្យមានការចូលរួមថែមទៀត, ត្រូវតាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជន និងត្រូវចាត់វិធានការកែលម្អគ្រប់ចំណុចខ្វះខាត ដើម្បីពង្រឹងគុណភាពនៃការព្យាលជំងឺឱ្យកាន់តែមានប្រសិទ្ធិភាពនិងកាន់តែទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺ ។ 

 

លើសពីនេះ មន្ទីរសុខាភិបាលត្រូវធានាថា មន្ទីរពេទ្យ មណ្ឌុលសុខភាព ប៉ុស្តិ៍សុខភាព ចាំបាច់ត្រូវមានគ្រូពេទ្យ បុគ្កលិក យាមប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង រាប់ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យទានផ្សេងៗ ដើម្បីធានាការពិនិត្យ និងព្យាបាល ។ 

 

សូមជម្រាបថា បិទសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ និងសហការីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈត្រឹមត្រូវក្នុងការលើកស្ទួយវិស័យសុខាភិបាល និងលើកកម្ពស់ខឿនសុខភាព និងសង្គ្រោះអាយុជីវិតប្រជាជន ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង