ទម្លាប់អនាម័យដៃជាប្រចាំជួយឱ្យមនុស្សមានសុខភាពល្អ និងកាត់បន្ថយជំងឺឆ្លងនានា
ភ្នំពេញ - នាឱកាសប្រារព្ធ “ទិវាអនាម័យដៃ ៥ឧសភា” នៅទីស្តីការក្រសួងសុខាភិបាលព្រឹកនេះ អ្នកជំនាញសុខភាពសាធារណៈបានលើកឡើងថា ទម្លាប់អនាម័យដៃជាប្រចាំអាចជួយឱ្យមនុស្សមានសុខភាពល្អ ព្រមទាំងទប់ស្កាត់ជំងឺឆ្លងនានាបានយ៉ាងច្រើន ។ អនាម័យដៃត្រូវធ្វើឡើងគ្រប់ពេល និងរាល់ពេលដែលមនុស្សមានអារម្មណ៍ថា ដៃមិនស្អាត ឬមានអាការៈថា ត្រូវលាងសម្អាតដៃ ។
ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា គិតត្រឹមខែឧសភាឆ្នាំ២០២៣ រយៈពេល ១៣ឆ្នាំហើយដែលអង្គការសុខភាពពិភពលោក (WHO) បានប្រារព្ធទិវាអនាម័យដៃ ឬទិវាលាងដៃសង្គ្រោះជីវិត ។ ស្របគ្នានេះ តាមការសិក្សាជាសកល និងបទពិសោធន៍សិក្សារបស់អង្គការសុខភាពពិភព បានបង្ហាញថា ជាងពាក់កណ្តាលនៃជំងឺកើតឡើងដោយសារមនុស្សមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវ មានន័យថា ជំងឺជាងពាក់កណ្តាលមនុស្សអាចការពារបានប្រសិនបើបានលាងសម្អាតដៃត្រឹមត្រូវ ។
លើសពីនេះ ការរៀបចំទិវាអនាម័យដៃ មានបំណងលើកទឹកចិត្តឱ្យអ្នកជំងឺ សមាជិកគ្រួសារ បុគ្គលិកសុខាភិបាល ចូលរួមចំណែកអនុវត្តអនាម័យដៃឱ្យបានល្អ ។ បើតាមអង្គការសុខភាពពិភពលោក មានអ្នកជំងឺរាប់រយលាននាក់ទូទាំងពិភពលោករងគ្រោះដោយសារឆ្លងរោគតាមរយៈការថែទាំសុខភាព ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលលើកទឹកចិត្តដល់គ្រូពេទ្យទាំងសាធារណៈ និងឯកជន ឬគ្រូពេទ្យផ្តល់សេវានៅមូលដ្ឋានសុខាភិបាល ត្រូវអនាម័យដៃឱ្យបានត្រឹមត្រូវរាល់ពេលផ្តល់សេវាផ្សេងៗ ។
ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា ៖ “ចាប់ផ្តើមចេញពីសុខាភិបាលមុនគេ ដែលនេះជាជំហ៊ានដំបូងត្រូវអនុវត្តការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ ហើយប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវតែយល់ដឹងពីការសម្អាត និងអនាម័យដៃដូចនេះ” ។
ទន្ទឹមនឹងការលើកឡងនេះ លោកវេជ្ជបណ្ឌិត ប៉ាស្កាល រីងវ៉េដ តំណាងមកពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ការលាងសម្អាតដៃដើរតួសំខាន់គាំទ្រដល់សុខភាពគ្រួសារទាំងមូល ព្រមទាំងជួយការពារសុខភាពសហគមន៍ ។
លោកវេជ្ជបណ្ឌិត ប៉ាស្កាល រីងវ៉េដ បានបញ្ជាក់បន្ថែមថា អនាម័យដៃបានជួយដល់សុខភាពយ៉ាងច្រើន ។ នៅពេលដែលគ្រួសារមួយមានទម្លាប់លាងសម្អាតដៃជាប្រចាំ និងលាងសម្អាតដៃបានត្រឹមត្រូវ ពេលនោះហើយវានឹងជួយកាត់បន្ថយជំងឺដង្កាត់ផ្សេងៗដែលអាចឆ្លងតាមរយៈដៃ ។ ឥរិយាបថអនាម័យដៃត្រូវផ្តើមចេញពីទម្លាប់បុគ្គលម្នាក់ៗ នោះនឹងជះឥទ្ធិពលដល់សមាជិកគ្រួសារទាំងមូល និងមនុស្សជុំវិញខ្លួន ។
សូមជម្រាបថា គិតត្រឹមខែឧសភាឆ្នាំ២០២៣ រយៈពេល ១៣ឆ្នាំហើយដែលអង្គការសុខភាពពិភពលោក (WHO) បានប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ ឬទិវាលាងដៃសង្គ្រោះជីវិត ។ ទិវាពិភពលោកអនាម័យដៃឆ្នាំ២០២៣ បានរៀបចំឡើងដោយលើកប្រធានបទ “ពន្លឿនសកម្មភាពធ្វើអនាម័យដៃ ដើម្បីសង្គ្រោះជីវិត” ។ បើតាមសុខាភិបាលលាងសម្អាតដៃបានត្រឹមត្រូវ គឺត្រូវប្រើប្រាស់ទឹកស្អាត និងសាប៊ូ ព្រមទាំងអនុវត្តវិធានលាងសម្អាតឱ្យបានត្រឹមត្រូវតាមការណែនាំពីរបៀបលាងសម្អាត ៕