រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យមានអ្នកនាំពាក្យតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

ថ្ងៃអង្គារ៍ ទី០៥ ខែកញ្ញា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 481
1

កំពត - នៅក្នុងដំណើរចុះបំពេញបេសកកម្មពិនិត្យការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នាព្រឹកថ្ងៃអង្គារនេះនៅទឹកដីខេត្តកំពត ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមានអ្នកនាំពាក្យមន្ទីរ ឬមន្ត្រីព័ត៌មាន ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ ។

 

បេសកកម្មនៅខេត្តកំពតនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានីយស្រូបទឹកពីបរិយាកាស ស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ដែលមានសមត្ថភាពផលិតទឹកស្អាតជាអតិបរិមាបាន ៨០០លីត្រ ទៅ ២ពាន់លីត្រក្នុងមួយថ្ងៃ ក្រោមថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍ ។ ម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា ។ 

 

 

ទន្ទឹមគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានទៅពិនិត្យអាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ ១ម៉ឺនលីត្រ និងបង្គន់សាធារណៈ ១ខ្នងមាន ៤បន្ទប់ មានទីតាំងស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត គឺស្ថិតនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីពាក់ព័ន្ធត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អ ដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង