សម្តេចតេជោជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការអប់រំដល់ពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន
ភ្នំពេញ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន ។ ការអប់រំសុខភាពអនាម័យមិនមែនតែអ្នកនៅទីក្រុងប៉ុណ្ណោះទេ តែត្រូវអប់រំនៅតាមទីជនបទផងដែរ ។ ទន្ទឹមគ្នានេះ ការជំរុញស្ថានភាពអនាម័យឱ្យប្រសើរ មិនត្រឹមតែទាក់ទាញផ្នែកទេសចរណ៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែទាក់ទងនឹងសុខភាពរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោមានប្រសាសន៍ខាងលើនេះ នាឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ វេទិកាទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋាកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែម ៖ “យើងនៅសេសសល់បញ្ហាមួយចំនួនក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់អប់រំ ជាមួយនឹងប្រជាជនរបស់យើងឱ្យយល់ដឹងថា នេះជាទឹកដីរបស់ពួកគាត់ ! អ្វីៗគឺជារបស់ពួកគាត់ ! ពួកគាត់ត្រូវចូលរួម ហើយអ្នកណាក៏ដោយគឺត្រូវចូលរួម ចាប់តាំងពីប្រជាជនធម្មតារហូតដល់អ្នកមុខអ្នកការជាន់ខ្ពស់ ដែលត្រូវតែចូលរួម ហើយមិនមែនគ្រាន់តែអ្នកទីក្រុងទេ អ្នកជនបទក៏ត្រូវតែជំរុញស្ថានភាពអនាម័យនេះឱ្យបានល្អប្រសើរ... ” ។
សូមជម្រាបថា គោលបំណងសំខាន់នៃវេទិកាទិវាជាតិទីក្រុងស្អាត គឺចលនាឱ្យមានការប្រឡងប្រណាំងទីក្រុងស្អាតដោយធ្វើយ៉ាងណាឱ្យក្រុង ខណ្ឌ រាជធានី-ខេត្តទាំងអស់គ្រប់គ្រង និងអភិវឌ្ឍទីក្រុង ឬខណ្ឌរបស់ខ្លួនឱ្យក្លាយជាទីក្រុងស្អាត, មានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច, មានភាពទាក់ទាញផ្នែកទេសចរណ៍, ព្រមទាំងកិច្ចគាំពារបរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ។
ផ្អែកតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតបានចូលរួមរក្សាតុល្យភាពនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការអភិរក្សសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាននៅតាមបណ្តាទីក្រុងនិងទីប្រជុំជន សំដៅធានានិរន្តរភាពនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ៕