ស្រុកស្រីស្នំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទី២ ក្នុងខេត្តសៀមរាប

ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 494
1

សៀមរាប - “ស្រុកស្រីស្នំខេត្តសៀមរាប បានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទី២ បន្ទាប់ពីស្រុកអង្គរជុំ។ រដ្ឋបាលខេត្តសៀមរាប បានប្រកាសទទួលស្គាល់ស្រុកស្រីស្នំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាស្រុកស្រីស្នំ ។ 

 

ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានន័យថា ប្រជាពលរដ្ឋគ្រប់ភូមិក្នុងឃុំទាំងអស់មានបង្គន់អនាម័យប្រើប្រាស់ចាប់ពី ៨៥%ឡើងទៅ និងមានគ្រួសារខ្លះប្រើប្រាស់បង្គន់អនាម័យរួមគ្នា ។ 

 

 

ពិធីប្រកាស “ស្រុកស្រីស្នំ” បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ អញ្ជើញចូលរួមពីឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបព្រមទាំងអាជ្ញាធរមូលដ្ឋាន តំណាងអង្គការដៃគូ និងប្រជាពលរដ្ឋទូទាំងស្រុក 

 

សូមរំលឹកថា ស្រុកអង្គរជុំ បានប្រកាសជាស្រុកដំបូងបំផុតដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអង្គការភ្លែនអន្តរជាតិកម្ពុជា រដ្ឋបាលស្រុកអង្គរជុំ រដ្ឋបាលខេត្តសៀមរាប មន្ទីរអភិវឌ្ឍន៍ជនបទ និងក្រសួងអភិវឌ្ឍន៍ជនបទ ។ 

 

លទ្ធផលស្រុកស្រីស្នំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល បានទទួលការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា ។ មុននឹងសម្រេចលទ្ធផលការងារអនាម័យនេះ រដ្ឋបាលឃុំនីមួយៗ បានសហការអាជ្ញាធរភូមិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីអប់រំប្រជាពលរដ្ឋឱ្យយល់ពីសារសំខាន់នៃបង្គន់អនាម័យ ក៏ដូចជាសកម្មភាពវិភាគទានថវិកាមូលនិធិឃុំចូលរួមសាងសង់បង្គន់ និងផ្សព្វផ្សាយពីអនាម័យ ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង