ក្រុមហ៊ុនធី.ស៊ី.យូ. ប្រារព្ធពិធីអបអរសាទរខួប ៧ឆ្នាំ និងបង្ហាញអច្ឆរិយវត្ថុស្ថាបត្យកម្មដ៏អស្ចារ្យ
កំពង់ស្ពឺ - នារសៀលថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនធី.ស៊ី.យូ. ប៉ូលី អើធើប្រាយ (T.C.U POLYS ENTERPRISE Co.,Ltd) បានប្រារព្ធពិធីអបអរសាទរខួប ៧ឆ្នាំដំណើរការអាជីវកម្មរបស់ខ្លួនក្រោមបរិយាកាសដ៏រីករាយ ដោយមានភ្ញៀវកិតិ្តយសអញ្ជើញមកពីបណ្ដាលខេត្តនានា តំណាងដៃគូអាជីវកម្ម និងតំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ ។ ទន្ទឹមគ្នានេះ តំណាងក្រុមហ៊ុនផលិតទុយោទឹកធី. ស៊ី.យូ. បានបង្ហាញពីសម្មិទ្ធិផលការងារជោគជ័យរបស់ខ្លួនយ៉ាងត្រចះត្រចង់ក្នុងរយៈពេល ៧ឆ្នាំ ព្រមទាំងបង្ហាញទស្សនវិស័យវែងឆ្ងាយសម្រាប់អនាគត ដោយចាត់ទុកផលិតផលរបស់ក្រុមហ៊ុនជាអច្ឆរិយវត្ថុស្ថាបត្យកម្មដ៏អស្ចារ្យបម្រើដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ។
លោក Ma Zan អគ្គនាយករងក្រុមហ៊ុនធី.ស៊ី.យូ. មានប្រសាសន៍ថា ក្រុមហ៊ុនធី.ស៊ី.យូ. តែងតែប្រកាន់ខ្ជាប់គោលការណ៍នៃភាពស្មោះត្រង់ និងគុណភាពជាចម្បង ។ ជាមួយគ្នានេះក្រុមហ៊ុនបានផ្តល់តម្លៃខ្ពស់ដល់ការផ្លាស់ប្ដូរគំនិតថ្មីៗ និងអភិវឌ្ឍន៍ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងបន្តជំរុញការច្នៃប្រតិដ្ឋផ្សេងៗតាមរយៈបច្ចេកវិទ្យា ព្រមទាំងបន្តលើកកម្ពស់យុទ្ធសាស្ត្រអភិវឌ្ឍន៍គុណភាពជាចម្បង ។ ស្របនឹងកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុនមានគោលដៅបង្កើតទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តភាពយូរអង្វែងជាមួយអាជីវករផ្គត់ផ្គង់ទឹកស្អាតគ្រប់ៗគ្នា ។
លោក Ma Zan បានបញ្ជាក់បន្ថែមថា ៖ “រយៈពេល ៧ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនធី.ស៊ី.យូ. បានចូលរួមយ៉ាងសកម្មក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងប្រទេសកម្ពុជា ហើយក៏បានចូលរួមកិច្ចការលើកកម្ពស់សុខភាពសាធារណៈ តាមការអំពាវនាវរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលនៃការរីករាយដែលជំងឺផ្លូវដង្ហើមកូវីដ-១៩។”
អគ្គនាយករងក្រុមហ៊ុនផលិតទុ យោ ទឹកធី.ស៊ី.យូ. លោក Ma Zan ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍនិងការរីកចម្រើនរបស់ក្រុមហ៊ុនធី.ស៊ី.យូ. គឺបានមកពីការគាំទ្រការជឿទុកចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ នៅពេលអនាគតក្រុមហ៊ុន ធី.ស៊ី.យូ. សន្យាយ៉ាងមុតមាំថា នឹងបន្តអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះទាំងអស់គ្នា និងអនុវត្តគោលការណ៍នៃភាពស្មោះត្រង់ ដោយប្រកាន់យកគុណភាពជាចម្បងដែលផលិតផលនឹងក្លាយជាអច្ឆរិយវត្ថុស្ថាបត្យកម្មដ៏អស្ចារ្យ។
ចំណែកឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា តាមរយៈការវិនិយោគរបស់រោងចក្រសហគ្រាសនានាទៅទឹកដីខេត្តកំពង់ស្ពឺ កំពុងផ្តល់ការរីកចម្រើនយ៉ាងខ្លាំងដល់ខេត្ត និងបានលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តទាំងមូលឱ្យមានស្ថានភាពល្អប្រសើរ ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានក្រុមហ៊ុនវិនិយោគជាច្រើនចូលមកជាបន្តបន្ទាប់ ហើយប្រជាជនមានការងារធ្វើនៅនឹងកន្លែងផ្ទាល់តែម្តង ។ លើសពីនេះ ការវិនិយោគរបស់ក្រុមហ៊ុនធី.ស៊ី.យូ. បានជួយចូលរួមលើកកម្ពស់ស្ថានភាពទឹកស្អាតឱ្យមានការប្រែប្រួលយ៉ាងខ្លាំង ស្របតាមផែនការរបស់រាជរដ្ឋាភិបាលដែលជំរុញឱ្យមានទឹកស្អាតប្រើគ្រប់ភូមិ ។
ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បញ្ជាក់ ៖ “ខាងទុយោទឹកនេះ (ក្រុមហ៊ុន ធី.ស៊ី.យូ.) បានខិតខំរួមចំណែកយ៉ាងសំខាន់មួយដែរ ដែលបម្រើដល់ការប្រើប្រាស់ទឹកស្អាតនៅក្នុងខេត្តកំពង់ស្ពឺ ! ពេលដំបូងយើងពិតជាលំបាកមែនទែនជំរុញឱ្យមានទឹកស្អាតប្រើប្រាស់នៅតាមសហគមន៍ ដោយសារយើងខ្វះសម្ភារៈទាំងអស់នេះ (ទុយោទឹក) ដោយយើងត្រូវទិញមកពីខាងក្រៅ ! ប៉ុន្តែឥឡូវយើងអត់ចាំបាច់ទិញពីខាងក្រៅទៀតទេ មានន័យថា យើងមានទុយោទឹកផលិតនៅក្នុងមូលដ្ឋានរបស់យើងហើយ (ក្រុមហ៊ុន) នឹងត្រៀមខ្លួនប្រកួតប្រជែងជាមួយអ្នកដទៃទៀត អ៊ីចឹងមានន័យថា កំពង់ស្ពឺយើងក៏មានឈ្មោះបោះសំឡេងបន្តទៀតដែរ... ” ។
គួរជម្រាបផងដែរថា ពិធីអបអរសាទរគម្រប់ខួប ៧ឆ្នាំនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនធី.ស៊ី.យូ. ប៉ូលី អើធើប្រាយ បានប្រព្រឹត្តិទៅនៅរោងចក្រផលិតទុយោទឹកផ្ទាល់ នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុងគងពិសី ខេត្តកំពង់ស្ពឺ ។ ជាមួយគ្នានេះ ក្រុមហ៊ុនបានរៀបចំពិធីចាប់រង្វាន់ដល់បុគ្គលិក និងអ្នកចូលរួមផងដែរ ដែលរង្វាន់ទាំងនោះ រួមមាន ម៉ាស៊ីនអ៊ុតខ្នាតយក្ស, ម៉ាស៊ីនអ៊ុតខ្នាតធំ, ម៉ាស៊ីនអ៊ុតខ្នាត-63, ម៉ាស៊ីនអ៊ុតខ្នាតតូច-20, ឧបករណ៍សាកថ្មទូរស័ព្ទ ៥០រង្វាន់, និងរង្វាន់ទឹកប្រាក់ជាច្រើន ៕